មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមា​កើនឡើង​ដល់​១៥០នាក់ ទាំងនៅបាងកក និងភូមា

អាស៊ី
ភូមា-ថៃ-រញ្ជួយដី
29/03/2025 – 02:19
ដោយ៖ ឈាង បុប្ផា
RFI

ចំនួន​មនុស្ស​ស្លាប់​ ​ដោយសារគ្រោះរញ្ជួយដី​នៅភូមា​បានកើនឡើង​ដល់​​១៥០នាក់ និង​របួស​យ៉ាងតិច​៧៣២នាក់ ទាំង​នៅប្រទេស​ភូមា និង​ប្រទេសថៃ។ ថ្លែងតាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​កាលពី​យប់​ថ្ងៃសុក្រ មេដឹកនាំ​របបសឹក​បានព្រមាន​ថា ចំនួនមនុស្ស​ស្លាប់​​​នៅភូមា​នឹង​អាចច្រើនជាង១៤៤នាក់ ដោយមើល​ទៅលើ​ស្ថានភាពសំណង់អគារផ្ទះសម្បែង​ដែល​បាក់រលំ ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​កម្លាំងរញ្ជួយព្រះធរណី។ នៅទីក្រុង​បាងកក ក្រុមជួយសង្រ្គោះបន្ទាន់នៅបន្តរុករក​ទាំងយប់ ដើម្បីស្វែងរក​មនុស្ស​នៅ​ក្រោម​គំនរថ្មអគារ៣០ជាន់ដែលបាក់ដួលរលំដល់​ដី ដោយសារ​កម្លាំង​រញ្ជួយដីពីប្រទេស​ភូមា។ អាជ្ញាធរ​ថៃ​ជឿថា មានមនុស្ស​ជិត​១០០នាក់ ដែល​អាច​បាត់ខ្លួននៅក្រោមគំនរអគារបាក់បែក។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ៖

មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមា​កើនឡើង​ដល់​១៥០នាក់ ទាំងនៅបាងកក និងភូមា


នៅទីក្រុង​បាងកក​ ប្រតិបត្តិការស្វែងរកជនរងគ្រោះនៅក្រោម​គំនរសំណង់អគារ​ដែលបាក់រលំដោយសារ​គ្រោះរញ្ជួយដី​ពីភូមា នៅតែ​បន្តទាំងយប់អាធា្រត្រ។ បន្ទាប់ពីរកឃើញ​សាកសព​មនុស្ស​៦នាក់ ក្រុមជួយសង្រ្គោះ​ថៃ​បានប្រើ​ដ្រូន និង​សត្វឆ្កែ ដើម្បី​ស្វែងរកជនរងគ្រោះ​ជិត​១០០នាក់​ផ្សេងទៀត កំពុងបាត់ខ្លួន ជាប់សង្កត់ក្រោម​គំនរថ្ម។

ប៉ុន្តែ ក្តីសង្ឃឹម​រកឃើញ​ជនរងគ្រោះដែលអាច​​នៅមាន​ជីវិត​នៅក្រោម​គំនរថ្ម​បាក់បែក មាន​តិចណាស់។ ក្រុមជួយសង្រ្គោះជួបបញ្ហា​ប្រឈមពីរ នោះគឺគេ​​ត្រូវ​កាយគំនរថ្មដែលមានកំពស់​មិនតិចជាង​២០ម៉ែត្រ និង​ បំណែកថ្មអគារដែល​អាច​ធ្លាក់បង្កគ្រោះថ្នាក់ដល់ពួកគេ​គ្រប់ពេលវេលា។ យោងតាម​​អាជ្ញាធរ​ថៃ​ អ្នកដែលបាត់ខ្លួននៅក្រោម​អគារដែលបាក់ដួលស្រុត​ដោយសារ​ការរញ្ជួយដី​ពីភូមា ភាគច្រើនជា​​កម្មករធ្វើការ​នៅការដ្ឋាន​សាងសង់អគារ។​

នៅក្រោយ​ហេតុការណ៍​រញ្ជួយដែល​បានបណ្តាល​ឲ្យអគារខ្ពស់ៗក្នុងទីក្រុង​បាងកក​រងអង្រួន រេចុះឡើងជាច្រើនកន្លែង រដ្ឋបាល​ក្រុងបាងកក​បានសម្រេច​ជម្លៀសមនុស្ស​ចេញពីអគារ​ខ្ពស់ៗ​ចំនួន២កន្លែងនៅ​យប់​ថ្ងៃ​សុក្រ  និង​សន្យា​បញ្ជូន​ក្រុមអធិការកិច្ច​ស្ម័គ្រចិត្ត​១០០នាក់ ទៅ​ត្រួតពិនិត្យ​សុវត្ថិភាព​នៅតាមអគារ​ជាង​២០០០ផ្សេងទៀត​នៅក្នុងទីក្រុង​បាងកក។

នៅភូមា​ ជាពិសេស​នៅ ​ក្បែរ​រដ្ឋធានីបុរាណ ម៉ង់ដាឡេដែលជា​ចំណុចរញ្ជួយដី កាលពីថ្ងៃ​សុក្រ ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់ជីវិតមនុស្ស​មានលក្ខណៈធ្ងន់ធ្ងរជាង​ប្រទេស​ថៃ។

មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមា​កើនឡើង​ដល់​១៥០នាក់ ទាំងនៅបាងកក និងភូមា
មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមា​កើនឡើង​ដល់​១៥០នាក់ ទាំងនៅបាងកក និងភូមា REUTERS – Athit Perawongmetha

ថ្លែងតាម​កញ្ចក់​ទូរទស្សន៍ជាតិ​ភូមានៅយប់​ថ្ងៃ​សុក្រ មេដឹកនាំ​របបសឹក លោក មីន អ៊ុងឡាំង​បាន​និយាយ​ថា មនុស្ស​១៤៤នាក់​ស្លាប់ ចំណែក​៧៣២នាក់​រងរបួស។ មេដឹកនាំ​យោធា​ភូមានៅបាន​ព្រមានថា ចំនួន​មនុស្ស​ស្លាប់អាច​កើនឡើង​ច្រើនជាងនេះ ព្រោះថា នៅមានមនុស្សច្រើនទៀត​ដែលកំពុង​បាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារ​អាមេរិក US Geological Survey បាន​វាយតម្លៃថា មនុស្ស​ប្រមាណ ៨សែននាក់​រស់នៅ​ក្នុងតំបន់​ដែលមានកម្រិតរញ្ជួយខ្លាំង។ ដូច្នេះ ចំនួន​មនុស្ស​ស្លាប់​អាច​ដល់​១ពាន់នាក់ ឬ​ ច្រើនជាងនេះ។ បើតាម ទីភ្នាក់ងារ​អាមេរិកដដែល ភូមា​ត្រូវ​ប្រឈមនឹង​បញ្ហា​ធ្ងន់ធ្ងរមួយទៀត ដែលរមែង​កើតឡើង​នៅក្រោយគ្រោះរញ្ជួយដី នោះ គឺ​ការបាក់រលំដី ឬដីធូររាវដែលអាច​ធ្វើ​ឲ្យសំណង់អគារ​បាក់ដួលរលំដោយស្រួល។

នៅចំពោះមុខ​​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ​មេដឹកនាំយោធាភូមា​ដែល​​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី និងលង់ក្នុងសង្រ្គាម​ស៊ីវិល ជាង​៤ឆ្នាំមកនេះ សុខចិត្តហារមាត់​សុំជំនួយពីសហគមន៍អន្តរជាតិ។ នៅថ្ងៃសុក្រ មេដឹកនាំរបបសឹក​បាន​ប្រកាស​បើកទ្វារ​ទទួលយកជំនួយបរទេស​គ្រប់ច្រក។ បន្ទាប់ពីឥណ្ឌា អឺរ៉ុប​ដែលប្រកាស​ត្រៀមខ្លួនជួយ​ប្រជាជន​ភូមា អង្គការ​សហប្រជាជាតិ​បាន​សម្រេច​បញ្ចេញ​កញ្ចប់ថវិកា​៥លាន​ដុល្លារ​សម្រាប់ផ្តល់ជំនួយ​សង្រ្គោះបឋម​ដល់​ប្រជាជន​ភូមា។ ចំពោះ​អគ្គលេខាធិការអង្គការសហប្រជាជាតិ​គ្រោះរញ្ជួយដីជាទុក្ខជាន់លើទុក្ខ ព្រោះថា ប្រជាជនភូមា​ប្រមាណ ២០លាននាក់​កំពុងជួបការ​ខ្វះខាតរួចទៅហើយដោយសារ​សង្រ្គាមស៊ីវិល​ដែលបានធ្វើ​ឲ្យមនុស្ស​ជាង ៣លាន ៥សែននាក់​រត់ភៀសខ្លួន។ ប្រធានាធិបតីអាមេរិក​នៅថ្ងៃសុក្រ អះអាងថា លោកបានយល់ព្រម​ផ្តល់​ជំនួយ​ដល់ភូមា​ដែលកំពុងជួបគ្រោះអាសន្ន។ សំណួរ​ចោទសួរថា តើ​អាមេរិក​នឹង​ជួយ​ភូមា​តាម​វិធីណា ព្រោះថា ទីភ្នាក់ងារ​អាមេរិក USAID ដែល​ទទួលបន្ទុកខាងផ្តល់ជំនួយ​បរទេស​នៅក្នុង​ករណីមានគ្រោះមហន្តរាយធម្មជាតិ ត្រូវ​លោក ដូណាល់ ត្រាំ​ចោទថា ចាយលុយខ្ជះខ្ជាយ និង​បញ្ជាឲ្យបិទទ្វារ។ នៅ​សប្តាហ៍នេះ​ក្រសួងការបរទេស​ ដោយ​មានការចង្អុរបង្ហាញពី​មហាសេដ្ឋីអេឡុន ម៉ាស្ក៍សម្រេច​បណ្តេញ​បុគ្គលិក​ចុងក្រោយ​របស់​USAID យ៉ាងយូរបំផុតនៅ​ខែ​កញ្ញាឆ្នាំនេះ៕

What Next?

Recent Articles