លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ

កម្ពុជា
កម្ពុជា-នយោបាយ
06/04/2025 – 11:39
ដោយ៖ សឹម ចាន់សំណាង
RFI

លោក ជា មុនី អតីតប្រធានស្តីទីគណបក្សកម្លាំងជាតិ ត្រូវបានសមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជាប្រធាន​គណបក្ស​នៅថ្ងៃទី​៦ ខែ​មេសា ​ឆ្នាំ​២០២៥នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សកម្លាំងជាតិ ស្តីពីលទ្ធផលសមាជវិសាមញ្ញនៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកខ្លួនប្រមាណ ២ពាន់នាក់។

លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ


តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិ លោក ជា មុនី ត្រូវបានអង្គសមាជបោះឆ្នោតជាប្រជាធានគណបក្សកម្លាំងជាតិ រីឯលោក សុខ គឹមសេង ទទួលបានដំណែងជាអនុប្រធានបក្ស។ ថ្លែងនៅក្នុងពិធីសមាជវិសាមញ្ញបក្សកម្លាំងជាតិនាព្រឹកថ្ងៃទី៦ មេសានេះ លោក ជា មុនី ប្រធានគណបក្សបានលើកឡើងថា លោកនឹងរៀបចំ​រចនាសម្ព័ន្ធបក្សកម្លាំងជាតិឡើងវិញ ឲ្យមានលក្ខណៈប្រសើរជាងពេលបច្ចុប្បន្ន តាមរយៈការរៀបចំគណ

ៈកម្មាធិការបក្សខេត្ត និងការប្រមូលឲ្យបាននូវសមាជិកបក្សថ្មីៗបន្ថែមទៀត។ តែលោកក៏មិនភ្លេចបញ្ជាក់ថា លោកនឹងជ្រើសរើសលោក រ៉ុង ឈុន ធ្វើជាទីប្រឹក្សាគណបក្សកម្លាំងជាតិដដែល។

ទន្ទឹមគ្នានេះ ក្នុងសេចក្តីប្រកាសព័ត៌មានបក្សកម្លាំងជាតិបញ្ជាក់ទៀតថា អង្គសមាជបក្សកម្លាំងជាតិក៏បានផ្តល់សេចក្តីទុកចិត្តជូនសមាជិកគណៈកម្មាធិការនាយកថ្មីចំនួន៣៥រូបផងដែរ។ នៅក្នុងសមាជនោះ បក្សកម្លាំងជាតិក៏បានត្រៀមរៀបចំរចនាសម្ព័ន្ធបក្សក្រុង ស្រុក ខណ្ឌ ឃុំ​ សង្កាត់ ឲ្យចប់រួចរាល់នៅបំណាច់ឆ្នាំ២០២៥ ដើម្បីត្រៀមរៀបចំបេក្ខជនឈរឈ្មោះ និងភ្នាក់ងារសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណិត្តទី៦ ឆ្នាំ២០២៧ ឲ្យហើយនៅបំណាច់ឆ្នាំ២០២៦។

ចំពោះគណបក្សកម្លាំងជាតិ ខ្លួននៅតែបន្តរក្សាទិសដៅដែលបានកំណត់ក្នុងសមាជលើកទី១ ដោយឈរលើការតស៊ូនយោបាយតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ
លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ © គណបក្សកម្លាំងជាតិ

គួរបញ្ជាក់ថា គណបក្សកម្លាំងជាតិត្រូវបានបង្កើតឡើងដោយ​អតីត​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី​ ដែល​ត្រូវ​បាន​ក្រ​សួង​មហា​ផ្ទៃ​ចុះ​បញ្ជី​ឲ្យ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១២ ​តុលា ឆ្នាំ២០២៣​។ ប៉ុន្តែបច្ចុប្បន្នលោក ស៊ុន ចន្ធី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពិន័យប្រាក់៤លានរៀល និងដកសិទ្ធបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍៕

What Next?

Recent Articles