ដោយ ប្រាជ្ញ ចេវ
2025.04.07
RFA
គណបក្សកម្លាំងជាតិគ្រោងនឹងបញ្ជូនរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើសមាជរបស់ខ្លួនដាក់ជូនទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួងទទួលស្គាល់ក្បាលម៉ាស៊ីនថ្មីរបស់គណបក្សនេះជាផ្លូវការ។ មន្ត្រីក្រសួងមហាផ្ទៃថា បើគណបក្សនេះ ធ្វើសមាជ បានត្រឹមត្រូវតាមច្បាប់ និងលក្ខន្ដិកៈ ទើបក្រសួងយល់ព្រមទទួលស្គាល់លទ្ធផលសមាជរបស់គណបក្សកម្លាំងជាតិ។

អង្គសមាជគណបក្សកម្លាំងជាតិ បានសម្រេចជ្រើសរើសអតីតមេដឹកនាំសហជីព គឺលោក ជា មុនី ជាប្រធានគណបក្ស និងជ្រើសរើសលោក សុខ គឹមសេង អនុប្រធាន និងបានផ្ដល់សេចក្ដីទុកចិត្តដល់សមាជិកគណៈកម្មាធិការនាយកថ្មីចំនួន៣៥នាក់។ ចំណែកលោក រ៉ុង ឈុន ដែលកំពុងមានក្ដីក្ដាំនៅតុលាការ បន្តធ្វើជាទីប្រឹក្សារបស់គណបក្សនេះដដែល។
គណបក្សកម្លាំងជាតិរំពឹងក្លាយជាគូប្រកួតដ៏ខ្លាំងនឹងបក្សកាន់អំណាច
គណបក្សកម្លាំងជាតិបានធ្វើសមាជថ្នាក់ជាតិ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមេសា ដោយមានអ្នកចូលរួមជាង២.០០០នាក់។ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃ០៧ ខែមេសា ថា គណបក្សនេះសម្រេចធ្វើសមាជជ្រើសរើសមេដឹកនាំថ្មី ព្រោះអតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ ដែលតាមច្បាប់គណបក្សនយោបាយតម្រូវឱ្យគណបក្សត្រូវឱ្យមានមេដឹកនាំថ្មី។ លោកបន្តថា នៅពេលនេះគណបក្សកំពុងរៀបចំរបាយការណ៍នៃលទ្ធផលអង្គសមាជ និងឯកសារពាក់ព័ន្ធដាក់ជូនទៅក្រសួងមហាផ្ទៃនៅក្នុងអាទិត្យនេះ។
#ខ្លីៗពីអាស៊ីសេរី [២៥៦]៖ បក្សកម្លាំងជាតិរំពឹងក្លាយជាគូប្រកួតដ៏ខ្លាំងជាមួយបក្សកាន់អំណាច
យើងកំពុងរៀបចំរបាយការណ៍កំណត់ហេតុ និងរចនាសម្ព័ន្ធ នឹងដាក់ជូនឆាប់ៗហ្នឹងហើយបាទ។ ខ្ញុំមើលទៅដូចជាមិនមានបញ្ហាអីដែលត្រូវក្រសួងមហាផ្ទៃទាត់ចោលបដិសេធទេ ក្រសួងមហាផ្ទៃត្រូវតែទទួលស្គាល់នូវលទ្ធផលនៃសមាជគណបក្សកម្លាំងជាតិ។— លោក រ៉ុង ឈុន
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យដឹងថា នៅពេលក្រសួងមហាផ្ទៃបានទទួលរបាយការណ៍ពីគណបក្សកម្លាំងជាតិ ក្រសួងនឹងផ្ទៀងផ្ទាត់របាយការណ៍នោះជាមួយលក្ខន្ដិកៈរបស់គណបក្សកម្លាំងជាតិ ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ លោកបន្តថា ប្រសិនបើសមាជរបស់គណបក្សកម្លាំងជាតិ បានធ្វើស្របគ្នាទៅនឹងលក្ខន្តិកៈរបស់ខ្លួន គឺក្រសួងនឹងទទួលស្គាល់លទ្ធផលសមាជ តែបើមានកំហុសឆ្គងវិញ ក្រសួងនឹងទាមទារឱ្យគណបក្សកម្លាំងជាតិរៀបចំធ្វើសមាជជាថ្មីទៀត។
យើង (ក្រសួងមហាផ្ទៃ) យកប្រៀបធៀបជាមួយលក្ខន្តិកៈរបស់គាត់ (គណបក្សកម្លាំងជាតិ) គាត់ត្រឹមត្រូវឬមិនត្រឹមត្រូវ។ អ្វីដែលគាត់សម្រេចនៅក្នុងបក្សរបស់គាត់ យើងទទួលស្គាល់ឬអត់ ទាល់តែមានលទ្ធផលសិនបានយើងនិយាយបាន ហើយជំនាញគេមើលតាមហ្នឹង។— លោក ខៀវ សុភ័គ
គណបក្សកម្លាំងជាតិបានបង្កើតឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ គណបក្សថ្មីថ្មោងនេះ ក៏ទទួលបានកៅអីក្រុមប្រឹក្សា ស្រុក ខណ្ឌ មួយចំនួនកាលពីការបោះឆ្នោតអសកលឆ្នាំ២០២៤។
លោក រ៉ុង ឈុន រំពឹងថា គណបក្សកម្លាំងជាតិ នឹងក្លាយជាគូប្រកួតប្រជែងដ៏មុតស្រួច នឹងបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។