ក្រសួងបរិស្ថាន៖ការប្រមូលផលសំរងដោយកាប់រំលំដើមគឺជាការបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត

កម្ពុជា
08/04/2025 – 13:33
ដោយ៖ ញឹម សុផល
RFI

ក្រសួងបរិស្ថាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បានអំពាវនាវឲ្យពលរដ្ឋខ្មែរកុំកាប់រំលំដើម ដើម្បីប្រមូលផលផ្លែសំរង ព្រោះថា ទង្វើនេះជាការល្មើសច្បាប់ និងជាការបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរ។ ក្រសួងបរិស្ថានចេញសេចក្តីអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីពលរដ្ឋតែងមានទំលាប់ប្រមូលផលសំរងនៅតាមសហគមន៍ តាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងឧទ្យានជាតិនានា ដោយវិធីកាប់រំលំដើម។

ក្រសួងបរិស្ថាន៖ការប្រមូលផលសំរងដោយកាប់រំលំដើមគឺជាការបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត


ក្រសួងបរិស្ថានបានចាត់ទុក សកម្មភាពកាប់ផ្តួលរំលំដើមសំរងដើម្បីប្រមូលផលថា ជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ដែលឈានទៅដល់ការផ្តាច់ពូជរុក្ខជាតិសំរងរបស់ជាតិទាំងស្រុង។ លើសពីនោះវាជាសកម្មភាពល្មើសនឹងច្បាប់ ដែលមានចែងនៅក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងបរិស្ថានក៏បានស្នើឲ្យប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររុករក និងប្រមូលផលអនុផលព្រៃឈើ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ដើមសំរង ដើម្បីប្រមូលផ្លែ និងស្នើឲ្យមហាជនសហការផ្តល់ព័ត៌មានទាក់ទងនឹងសកម្មភាពល្មើសច្បាប់ ទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានស្នើដល់សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់ផ្តួលដើមសំរង។

លោក ហេង គឹមហុង អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងគោលនយោបាយធនធានធម្មជាតិបានសម្តែងនូវការគាំទ្រដល់ចំណាត់ការម៉ឺងម៉ាត់របស់ក្រសួងបរិស្ថាន ប៉ុន្តែលោកយល់ថាចំណាត់ការនេះហាក់យឺតពេលបន្តិច តែមិនយឺតខ្លាំងនោះទេ។

បើតាមសកម្មជនបរិស្ថាននិងធនធានធម្មជាតិរូបនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែចាត់វិធានការឲ្យបានជាទូទៅ ទៅលើការបំផ្លាញដើមឈើហូបផ្លែផ្សេងៗទៀតនៅក្នុងព្រៃការពារធម្មជាតិដូចជាគុយ ព្រីងជាដើម ព្រោះថា បើពុំដូច្នោះទេ ប្រជាជនដែលអាស្រ័យអនុផលព្រៃឈើ នឹងអាចងាកទៅរកការកាប់បំផ្លាញព្រៃឈើវិញ ដោយសារតែលែងមានអនុផលព្រៃឈើសម្រាប់ប្រមូលផលចិញ្ចឹមជីវិត។

ផ្លែសំរង ដែលគេដាក់នឹងបាតដៃ
ផ្លែសំរង ដែលគេដាក់នឹងបាតដៃ © FB

សូមបញ្ជាក់ថាផ្លែសំរងមានអត្ថប្រយោជន៍សម្រាប់ធ្វើជាបង្អែម និងឱសថដ៏ពេញនិយមនៅក្នុងសង្គមខ្មែរ។ ផ្លែសំរងស្ងួត ត្រូវបានគេលក់ក្នុងតម្លៃ ពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល ក្នុង១គីឡូក្រាម ឬតម្លៃលើពីនេះយោងទៅតាមបរិមាណ និងរដូវកាល។

ជាទូទៅអ្នកប្រកបរបរបេះផ្លែសំរងច្រើនកាប់ដើមសំរងធំៗរំលំដើម្បីយកផ្លែ ដោយហេតុថាដើមសំរងចាស់ៗខ្ពស់ៗ ពិបាកនឹងឲ្យគេអាចបេះផ្លែវា។ ការកាប់ដើមទាំងមូលដើម្បីតែយកផ្លែនេះ ធ្វើឲ្យវត្តមានដើមសំរងដែលនៅជិតៗ ក្នុងតំបន់ព្រៃ និងភ្នំត្រូវវិនាសហិនហោចជាបន្តបន្ទាប់ ហើយកម្ពុជាប្រឈមនឹងការបាត់បង់ផុតពូជដើមសំរង ប្រសិនបើមិនមានវិធានការទប់ស្កាត់៕

រូបភាព៖ក្រសួងបរិស្ថាន

What Next?

Recent Articles