កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
21/04/2025 – 10:06
ដោយ៖ សឹម ចាន់សំណាង
RFI
នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២៥។ តាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ ដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ធ្វើឡើង តបតាមការអញ្ចើញរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីប្រារព្វខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ស្របពេលគ្នា ដំណើរទស្សនកិច្ចមួយនេះក៏នឹងផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាព្រំដែន។
នាយករដ្ឋមន្រ្តីថៃគ្រោងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២១ មេសានេះ នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តមសីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់មក លោកស្រីក៏នឹងមានជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត។ ដោយឡែក និងបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ដែលបានស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជីរ៉ាយុ ហ័ងសុប (Jirayu Houngsub) ដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺដើម្បីអបអរខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏នឹងត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ពិសេសផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាព្រំដែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងទៀតថា ប្រមុខរដ្ឋាភិបាលថៃ និងប្រមុខរដ្ឋាភិបាលកម្ពុជានឹងមានជំនួបទ្វេភាគីមួយដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាពឲ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមដែលមានផលប្រយោជន៍ទៅវិញទៅមក។ គួរកត់សម្គាល់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃមានភាពចុះសម្រុងគ្នាច្រើនក្នុងរឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ តែហាក់មិនសូវចុះសម្រុងគ្នាក្នុងសំណុំរឿងអរិយធម៌ វប្បធម៌ ប្រពៃណី ពិសេសគឺបញ្ហាព្រំដែនដែលនៅតែជាបញ្ហារស៊ើប និងចម្រូងចម្រាស់។

អ្នកជំនាញកិច្ចការអន្តរជាតិបានប្រដូចទំនាក់ទំនងកម្ពុជា និងថៃទៅនឹងការស្រឡាញ់ និងស្អប់។ ដូច្នេះសម្រាប់អ្នកជំនាញកិច្ចការអន្តរជាតិ កម្ពុជាគួរបញ្ជាក់ជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ពីបញ្ហាព្រំដែន ដូចយ៉ាងតំបន់ត្រួតស៊ីគ្នាកោះគុត និងបញ្ហាមួយចំនួនទៀតជាមួយថៃ។ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមាន ជិត៤ពាន់លានដុល្លារក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤។ ចំនួននេះបានកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕