ដោយ វិទ្យុអាស៊ីសេរី
2025.04.19
វិទ្យុអាស៊ីសេរី
អ្នកឃ្លាំមើលបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំងលើកឡើងថា កម្ពុជាគួរតែបើកចំហឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យមន្ត្រីទូតបរទេស និងនាវាចម្បាំងមកពីគ្រប់ប្រទេសទាំងអស់ចូលចត និងធ្វើទស្សនកិច្ចស្វែងយល់ដោយសេរីពីមូលដ្ឋានទ័ពរាម ដើម្បីឱ្យពួកគេជឿជាក់ថា គ្មានមូលដ្ឋានយោធាចិន។

នាវាកងទ័ពជើងទឹកជប៉ុនពីរគ្រឿង ដែលមាននាវឹកសរុប១៧០នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃសៅរ៌ ទី១៩មេសា នៅក្នុងដំណើរទស្សនកិច្ច និងចូលចតនៅកំពុងផែរាមរយៈពេល៤ថ្ងៃ។ នាវាប្រភេទដោះមីនទាំងពីរគ្រឿងនោះ គឺនាវាបុណហ្គូ (Bungo) មានប្រវែង១៤១ម៉ែត្រ និងនាវា អ៊ីតាជីម៉ា (Etajima) មានប្រវែង៦៧ម៉ែត្រ មកពីកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF)។
ស្ថានទូតជប៉ុនប្រចាំកម្ពុជាបង្ហោះសារលើហ្វេសប៊ុកថា ការបញ្ជូននាវាយោធាទាំងពីរគ្រឿងមកកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាន នូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ រួមទាំងសន្ដិភាព ស្ថិរភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
អ្នកឃ្លាំមើល៖ កម្ពុជាគួរបើកចំហមូលដ្ឋានទ័ពរាមបន្ថែម ដើម្បីឱ្យអន្តរជាតិជឿទុកចិត្តថា គ្មានទីតាំងយោធាចិន
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយលោក ប៉ោ មករា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២១មេសាថា ការចូលចតនៃនាវាជប៉ុន ដែលជាសម្ព័ន្ធដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក អាចជួយឱ្យមូលដ្ឋានទ័ពរាម មានតម្លាភាព និងលាងជម្រះមន្ទិលសង្ស័យមួយចំណែក ប៉ុន្តែកម្ពុជា ត្រូវបានបើកចំហទទួលស្វាគមន៍ការបំពេញទស្សនកិច្ចនៃនាវាចម្បាំងរបស់ក្រុមប្រទេសសេរី ជាច្រើនបន្ថែមទៀត។
#ខ្លីៗពីអាស៊ីសេរី [២៦៦]៖ នាវាទ័ពជប៉ុនពីរគ្រឿង ចូលចតនៅកំពង់ផែទ័ពរាម
នៅពេលដែលមានការចូលចតនៃនាវាជប៉ុនកំពង់ផែរាម ខ្ញុំគិតថា វាជាការបើកលំហមួយ បំបាត់ការសង្ស័យរបស់សហរដ្ឋអាមេរិក។ អ៊ីចឹងទេ អ្វីដែលកម្ពុជាគួរបន្តធ្វើទៀត ក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងបណ្ដាប្រទេសមហាអំណាច ជាពិសេស គឺត្រូវបើកលំហចូលចត (កំពង់ផែរាម) ផ្សេងៗ ពីបណ្ដាប្រទេសសេរី។— លោក ប៉ោ មករា
ចំណែកអតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន លើកឡើងដែរថា ដើម្បីឱ្យក្រុមប្រទេសសេរីមានទំនុកចិត្តថា គ្មានទីតាំងយោធាចិន លាក់នៅមូលដ្ឋានទ័ពរាម កម្ពុជាត្រូវតែផ្ដល់ឱកាសឱ្យមន្ត្រីទូតបរទេសលោកខាងលិច ឬក្រុមអ្នកសារព័ត៌មានអន្តរជាតិល្បីៗ អាចចូលទៅគ្រប់ទីតាំងនៃមូលដ្ឋានទ័ពរាមដើម្បីត្រួតពិនិត្យ។
ជាពិសេស គឺនៅពេលដែលរដ្ឋាភិបាលត្រកូលកម្ពុជា មិនបានបើកចំហឱ្យមានតម្លាភាព ហើយចូលទៅឱ្យដល់ទីតាំងកំពង់ផែរាម ត្រួតពិនិត្យមើលពីវត្តមានយោធាចិននៅកំពង់ផែរាមឬក៏អត់។ អាហ្នឹង ត្រូវបើកចំហឱ្យមន្ត្រីស្ថានទូតបរទេសលោកខាងលិចប្រចាំកម្ពុជា ចូលមើលគ្រប់ទីតាំងនៅកំពង់ផែរាម។— លោក អ៊ុំ សំអាន
កាលពីឆ្នាំ២០២១ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក លោកវរសេនីយឯក ម៉ាកុស អិម ហ្វឺរ៉ារ៉ា (Marcus M. Ferrara) ធ្លាប់បានចូលទៅពិនិត្យនៅមូលដ្ឋានទ័ពរាមផ្ទាល់ ប៉ុន្តែលោកបានសម្រេចបញ្ចប់ការដើរត្រួតពិនិត្យវិញភ្លាមៗ។ អនុព័ន្ធយោធាអាមេរិករូបនេះ ចោទមន្ត្រីកម្ពុជា ថាមិនបានបើកចំហរពេញលេញ ឱ្យលោកអាចដើរពិនិត្យគ្រប់ទីកន្លែងនៃមូលដ្ឋានទ័ពរាម ព្រោះមានការរឹតត្បិតទីតាំងមួយចំនួន ប៉ុន្តែការលើកឡើងនៅពេលនោះ ត្រូវបានក្រសួងការពារជាតិកម្ពុជាច្រានចោល។
ការចូលចតនៃវានាជប៉ុននេះ ធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅកម្ពុជា និងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានទ័ពរាម ដែលចិនបានសាងសង់ផែថ្មីសម្រាប់ចតនាវាខ្នាតធំ ផែស្ងួតសម្រាប់ជួសជុលវានា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ការពាក់ព័ន្ធរបស់ចិន ក្នុងការជួយធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម បានធ្វើឱ្យមានក្ដីព្រួយបារម្ភ ក្នុងចំណោមប្រទេសមហាអំណាចធំៗ។ សហរដ្ឋអាមេរិកខ្លាចថា កងទ័ពចិនអាចប្រើប្រាស់មូលដ្ឋានទ័ពរាម ជាកន្លែងឈរជើងយុទ្ធសាស្ដ្ររបស់ខ្លួន។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ជេន ណាកាតានិ (Gen Nakatani) ថ្លែងថា ការចូលចតនៃនាវាចម្បាំងទាំងពីរគ្រឿងនៅមូលដ្ឋានទ័ពរាម ជាការបង្ហាញពីកិច្ចសហប្រតិបត្តិការសន្ដិសុខនិងមិត្តភាពកាន់តែជិតស្និទ្ធរវាងកម្ពុជានិងជប៉ុន និងដើម្បីធ្វើឱ្យមូលដ្ឋានទ័ពរាមកាន់តែបើកចំហ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់សន្យាថា មូលដ្ឋានទ័ពរាម នឹងបើកចំហស្វាគមន៍ឱ្យនាវាចម្បាំងបរទេសទាំងអស់ចូលចត ដោយមិនមានការលាក់បាំងអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។