កម្ពុជា
កម្ពុជា-ថៃ
26/04/2025 – 10:57
ដោយ៖ សឹម ចាន់សំណាង
RFI
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃត្រូវបានគេបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពេលលោកស្រីបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃទី២៥ មេសា និងបានស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលថៃដែលថា លោកស្រីនាយករដ្ឋមន្ត្រីថៃចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួន និងឡើងកម្តៅពេលធ្វើដំណើរមកដល់ប្រទេសថៃវិញ។
នាយករដ្ឋមន្រ្តីថៃ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា
លោក ជីរ៉ាយុ ហ័ងសុប (Jirayu Huangsub) អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងប្រាប់បណ្តេញសារព័ត៌មានថៃនៅថ្ងៃទី២៥ មេសាថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅល្ងាចថ្ងៃទី២៤ មេសា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី២៣ និង២៤មេសា ឆ្នាំ២០២៥។ តាមអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ លោកស្រីនាយករដ្ឋមន្រ្តីថៃ បានឡើងកម្តៅក្នុងខ្លួន និងត្រូវបានគ្រូពេទ្យប្រាប់ឲ្យលោកស្រីសម្រាកព្យាបាលជំងឺ ដើម្បីតាមដានស្ថានភាពសុខភាពរបស់លោកស្រី។ គេមិនទាន់ដឹងច្បាស់នៅឡើយទេ តើថាលោកស្រី ផែថងថាន មានបញ្ហាសុខភាពមុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឬយ៉ាងណានោះទេ។
ដោយឡែកស្វាមីរបស់លោកស្រី ផែថងថាន គឺលោក Pitaka Suksawat បានចែករំលែករូបភាពនៅលើ បណ្តេញសង្គម Instagram ដែលបង្ហាញពីនាយករដ្ឋមន្រ្តីថៃកំពុងសម្រាកលើគ្រែក្នុងមន្ទីរពេទ្យ។ លោក Pitaka Suksawat បញ្ជាក់ថា លោកស្រីផែថងថាន មិនព្រមស្តាប់តាមការណែនាំរបស់អ្នកដទៃលើបញ្ហាសុខភាពរបស់លោកស្រីឡើយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ក្នុងថ្ងៃទី២៥ មេសា ស្ថានភាពរបស់លោកស្រីផែថងថានបានប្រសើរឡើងវិញ ហើយគ្រូពេទ្យបានអនុញ្ញាតឱ្យលោកស្រីត្រឡប់ទៅសម្រាកនៅផ្ទះ និងអាចត្រឡប់ទៅបំពេញការងារធម្មតាវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
ជុំវិញរឿងនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននៅឡើយទេគិតត្រឹមរសៀលថ្ងៃទី២៦ មេសានេះ។

សូមរំលឹកជូនថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត បានបំពេញទស្សនកិច្ចផ្លូវការចំនួន២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី២៣ និង២៤មេសា ឆ្នាំ២០២៥ ដើម្បីអបអរខួបទី៧៥ឆ្នាំនៃចំណងការទូត។ ក្នុងពេលទស្សនកិច្ចនេះ ភាគីកម្ពុជា និងថៃ បានចុះអនុស្សរណយោគយល់គ្នាលើវិស័យចំនួន៧។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានអនុវត្តគោលនយោបាយ មិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់កម្ពុជា៕