មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ

កម្ពុជា
កម្ពុជា-នយោបាយ

30/04/2025 – 12:10
ដោយ៖ ជួប នរក្សា
RFI

លោក យ៉ាង សុខយាង អនុប្រធានក្រុមការងាររបស់គណបក្សកម្លាំងជាតិនៅស្រុកតាំងគោក ខេត្តកំពង់ធំត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២២ មេសា។ គិតត្រឹមថ្ងៃទី៣០ មេសា ឆ្នាំ ២០២៥ នេះ មានមន្ត្រីបក្សកម្លាំងជាតិជាង១០នាក់បានរងការបង្រ្កាប និងចាប់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិចាត់ទុកទង្វើនេះថាជាការដាក់សម្ពាធ និងជាការគំរាមកំហែងយ៉ាងខ្លាំងដល់ការធ្វើសកម្មភាពនយោបាយ។

មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ


លោក យ៉ាង សុខយាងដែលជាអនុប្រធានក្រុមការងារបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិនៅស្រុកតាំងគោក ខេត្តកំពង់ធំត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ខណៈដែលលោកស្ថិតនៅសាលាឃុំដើម្បីធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីលោក យ៉ាង សុខយាង បានបង្ហោះសារ និងចែកចាយព័ត៌មានដែលមានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ នេះបើតាមលោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិ។

តាមអង្គការលីកាដូ លោក យ៉ាង សុខយាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថអង្គព្រះមហាក្សត្រ។ មន្ត្រីបក្សប្រឆាំងរូបនេះអាចប្រឈមនឹងការជាប់ក្នុងពន្ធនាគាររហូតដល់ ៥ឆ្នាំ ប្រសិនបើតុលាការរកឃើញមានកំហុស។ លោក សុខ គឹមសេង បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធ ទី៣០ មេសានេះថា គណបក្សកម្លាំងជាតិកំពុងពឹងពាក់មេធាវីដើម្បីការពារលោក យ៉ាង សុខយាង ទៅតាមផ្លូវច្បាប់។ តែលោកមិនភ្លេចបញ្ជាក់ថា ការចាប់ខ្លួនលោក យ៉ាង សុខយាងជាការបន្តការដាក់សម្ពាធផ្លូវចិត្តដល់មន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្ស។

តាមលោក សុខ គឹមសេង បរិយាកាសនយោបាយសម្រាប់គណបក្សកម្លាំងជាតិពេលនេះហាក់មិនល្អសោះឡើយ។ មិនល្អព្រោះមានមន្ត្រីរបស់បក្សបានរងការបង្រ្កាប និងចាប់ខ្លួនជាបន្តបន្ទាប់ ពោលខុសស្រឡះពីគណបក្សដទៃដែលអាចធ្វើសកម្មភាពបានដោយទូលាយ។ គួរជ្រាបថា គិតតាំងគណបក្សកម្លាំងជាតិបានចាប់កំណើតនៅចុងឆ្នាំ២០២៣ មក មានមន្ត្រីជាង១០រូបហើយដែលត្រូវបានចាប់ខ្លួន ក្នុងនោះមាន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ លោក ជិន ប៊ុណ្ណារ័ត្ន លោក សម វិបុល លោក ផាន់ សារ៉ាត់ លោក ប្រាក់ សីហា លោក មឺ សេងហ៊ និងករណីចុងក្រោយ គឺលោក យ៉ាង សុខយាង។

មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ
មន្ត្រីបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានចាប់ខ្លួនពីបទញុះញង់ និងប្រមាថព្រះមហាក្សត្រ © សហការី

តាមការកត់ត្រារបស់អង្គការលីកាដូ មានមនុស្សចំនួន ៧១នាក់ត្រូវបានតុលាការកាត់ទោសទាក់ទងទៅនឹងការប្រើប្រាស់សិទ្ធិ ក្នុងនោះ មាន៣៧នាក់ជាអ្នកទោសនយោបាយ៕

What Next?

Recent Articles