ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើបង្ខាំងក្រុមហ៊ុនលោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក

កម្ពុជា
កម្ពុជា-ឧក្រិដ្ឋកម្មអនឡាញ
02/05/2025 – 11:11
ដោយ៖ អោ ស្រីពេជ្រ
RFI

បណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចអាមេរិក (FinCEN) បានចេញសេចក្តីប្រកាសបន្ទាន់មួយក្នុងថ្ងៃទី១ ឧសភាដោយបង្ហាញក្តីបារម្ភថា ក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាកំពុងលុកលុយចូលប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ តាមសេចក្តីប្រកាសដដែល ក្រសួងសេដ្ឋកិច្ចអាមេរិកបានរកឃើញថា ក្រុមហ៊ុន Huione លាងលុយកខ្វក់ឲ្យក្រុមចោរព័ត៌មានវិទ្យា ឬ Hacker កូរ៉េខាងជើង និងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញខ្មៅងងឹតនៅតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀត។

ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើបង្ខាំងក្រុមហ៊ុនលោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក


នៅសេចក្តីប្រកាសបន្ទាន់មួយ នាថ្ងៃទី១ ឧសភា ក្រសួងសេដ្ឋកិច្ចអាមេរិក តាមរយៈបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) បានស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ។ តាមក្រសួងសេដ្ឋកិច្ចអាមេរិក សហរដ្ឋអាមេរិកដាច់ខាតត្រូវតែរាំងខ្ទប់ប្រតិបត្តិការរបស់ក្រុមហ៊ុន Huione នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ក្រោមហេតុផលថា ក្រុមហ៊ុនរបស់លោក ហ៊ុន តូ មួយនេះពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតនៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបោកបញ្ឆោតក្នុងទំនាក់ទំនងស្នេហាផ្លូវភេទ ការបោកប្រាស់ក្នុងគម្រោងវិនិយោគ ឬការចាប់ជំរិតជាដើម និងថា ក្រុមហ៊ុន Huione ក៏ជាបណ្តាញលាងលុយកខ្វក់ឲ្យក្រុមចោរព័ត៌មានវិទ្យា ឬHacker កូរ៉េខាងជើងដែរ។

លោក Scott Bessent មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចអាមេរិកបានចោទក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ថាបានលួចលុយពីពលរដ្ឋអាមេរិកក្នុងមួយថ្ងៃៗរាប់ពាន់លានដុល្លារ។ ដូច្នេះសម្រាប់លោក Scott Bessent ការស្នើឲ្យអនុវត្តច្បាប់ដើម្បីបង្ខាំងក្រុមហ៊ុនលោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកពេលនេះនឹងអាចរារាំងក្រុមឧក្រិដ្ឋជនអនឡាញមិនឲ្យធ្វើប្រតិបត្តិការលាងលុយកខ្វក់ក្នុងទឹកដីអាមេរិក និងអាចបង្អាក់រាល់ការប៉ុនប៉ងរកចំណូលពីការប្រព្រឹត្តិបទឧក្រិដ្ឋអនឡាញផងដែរ។ គួរជ្រាបថា លោក ហ៊ុន តូ គឺជាអគ្គនាយកម្នាក់នៅក្នុងក្រុមហ៊ុន Huione Group។

ក្រុមហ៊ុនមួយនេះជាបណ្តាញអាជីវកម្មច្រើនមុខ រួមមានបណ្តាញទីផ្សារអនឡាញ Haowang Guarantee បណ្តាញសេវាទូទាត់ប្រាក់ Huione Pay PLC និងបណ្តាញសេវាទ្រព្យសកម្មនិម្មិត Huione Crypto។ បណ្តាញអាជីវកម្មរបស់ក្រុមហ៊ុន Huione Group ត្រូវបានបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចអាមេរិក (FinCEN) រកឃើញថា គឺបានលាងលុយកខ្វក់យ៉ាងហោចចំនួន ៤ពាន់លានដុល្លារអាមេរិកនៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥។ តាមក្រសួងសេដ្ឋកិច្ចអាមេរិក ក្នុងចំណូលទាំង ៤ពាន់លានដុល្លារដែលទទួលបានពីឧក្រិដ្ឋកម្មលាងលុយកខ្វក់ គឺទទួលបានយ៉ាងហោចចំនួន ៣៧លានដុល្លារពីក្រុមចោរព័ត៌មានវិទ្យា ឬ Hacker កូរ៉េខាងជើង និងជាង ៣៦លានដុល្លារពីការឆបោកក្នុងគម្រោងវិនិយោគ និងការឆបោកតាមអនឡាញផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជុំវិញសំណើរបស់បណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (FinCEN) នៃក្រសួងសេដ្ឋកិច្ចអាមេរិកពេលនេះ វិទ្យុបារាំងអន្តរជាតិ RFI នៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងលោក ខៀវ សុភ័គ នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២ ឧសភានេះ។ តែក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោក ខៀវ សុភ័គធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ ដោយអះអាងថា ប្រសិនបើលោក ហ៊ុន តូ ពិតជាមានបទល្មើសដូចការចោទប្រកាន់មែន នោះអាជ្ញាធរកម្ពុជាក៏នឹងមិនព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ដែរ។

លោក ហ៊ុន តូ គឺជាអគ្គនាយកម្នាក់នៅក្នុងក្រុមហ៊ុន Huione Group
លោក ហ៊ុន តូ គឺជាអគ្គនាយកម្នាក់នៅក្នុងក្រុមហ៊ុន Huione Group © DL news

គួរជម្រាបថា នៅខែមីនា ឆ្នាំ២០២៥ នេះ ធនាគារជាតិកម្ពុជា (NBC) បានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Huione Pay ដោយសារតែក្រុមហ៊ុនមួយនេះមិនបានបំពេញលក្ខខណ្ឌអនុលោមតាមបទបញ្ញត្តិ និងអនុសាសន៍ដែលធ្វើឡើងដោយនិយតករកម្ពុជា៕

What Next?

Recent Articles