កម្ពុជា
កម្ពុជា-សង្គម
04/05/2025 – 11:25
ដោយ៖ ជួប នរក្សា
RFI
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ឧសភា បានអះអាងថា ផ្ទៃដីកម្ពុជាកើនឡើងដល់ ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ បើធៀបនឹងផ្ទៃក្រឡាចាស់ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ដែលបារាំងបានវាស់វែង។ ក៏ប៉ុន្តែអ្នកនយោបាយប្រឆាំង រស់នៅក្រៅប្រទេសបានប្រតិកម្ម វាយតម្លៃថា ការបញ្ចេញតួលេខផ្ទៃក្រឡាថ្មីរបស់កម្ពុជា ពីសំណាក់ប្រមុខរដ្ឋាភិបាល គឺជាសារបន្លប់ចិត្តពលរដ្ឋឲ្យឈប់គិតពីបញ្ហាព្រំដែន។
លោក ហ៊ុន ម៉ាណែត ថាផ្ទៃដីកម្ពុជាកើនឡើង តែអ្នកប្រឆាំងថា ជាសារបន្លប់ចិត្តរាស្រ្ត
ដោយផ្អែកលើទិន្នន័យថ្មី ដែលវាស់វែងកាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រលយសម្តីថា ផ្ទៃក្រឡាដីកម្ពុជាបានកើនឡើងបន្ថែមទៀតប្រមាណ៤០០គីឡូម៉ែត្រការ៉េ។ ពោលគឺពីទិន្នន័យចាស់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េ មក ១៨១ ៤៣៦គីឡូម៉ែត្រការ៉េ។ បើតាមលោកហ៊ុន ម៉ាណែត ផ្ទៃក្រឡាសរុបរបស់កម្ពុជា ដែលរកឃើញថា មានការកើនឡើងជាង៤០០គីឡូម៉ែត្រការ៉េ គឺដោយសារការវាស់វែងរបស់ក្រុមអ្នកបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិ ដែលយកកម្មវិធីរបស់អាមេរិក មកចុចព្រំប្រទល់កម្ពុជា-វៀតណាម និងកម្ពុជាឡាវ ដែលឯកភាពគ្នា និងព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើទិន្នន័យ១លើ២០ពាន់ តាមប្រព័ន្ធបច្ចេកវិទ្យា GPS។
លោកនាយករដ្ឋមន្រ្តី នៅបានបន្ថែមថា ផ្ទៃដីកម្ពុជាដែលរីកធំនេះ គឺនៅមិនទាន់រាប់បញ្ចូលដែនកោះ និងតំបន់សមុទ្រដែលត្រួតស៊ីគ្នាជាមួយថៃ នៅឡើយនោះទេ។ លោកថា តួលេខផ្ទៃដីថ្មីរបស់កម្ពុជា នៅមិនទាន់ផ្សព្វផ្សាយជាផ្លូវការនោះទេ តែវាជាតួលេខពិតប្រាកដ ដ្បិតជាការវាស់វែងដោយក្រុមអ្នកបច្ចេកទេស។
យ៉ាងណាមិញ លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្រ្គោះជាតិ និងជាអ្នកធ្វើការលើបញ្ហាព្រំដែន បានកត់សម្គាល់ថា ការព្រលយពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីកម្ពុជា លើបញ្ហាផ្ទៃដីកម្ពុជានេះ ជាសារនយោបាយបន្លប់ចិត្តរាស្រ្ត ដូចដែលឪពុករបស់លោក គឺលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាក្នុងពេលបច្ចុប្បន្ន ធ្លាប់បាននិយាយ កាលពីឆ្នាំ២០១២។ បើតាមលោក អ៊ុំ សំអាន សាររបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដើម្បីបន្លប់ចិត្តប្រជាពលរដ្ឋកុំឲ្យឈឺឆ្អាលពីបញ្ហាទឹកដីកម្ពុជា ដូចជាបញ្ហាកោះគុត បញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ បញ្ហាកោះក្រចកសេះ និងកោះត្រល់ជាដើម។

ផ្ទុយពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក អ៊ុំ សំអាន បែរជាអះអាងថា ផ្ទៃដីកម្ពុជាមានតែរួមតូចក្នុងពេលបច្ចុប្បន្ននេះ។ រួមតូចដោយសារ ការបាត់បង់កោះត្រល់ បញ្ហាប្រទាញប្រទង់នៅប្រាសាទតាមាន់ និងការចរចាមិនទាន់ដាច់ស្រេចលើបញ្ហាព្រំដែនសមុទ្រកម្ពុជា-ថៃ និងអធិបតេយ្យភាពកោះគុត។ ចំពោះលោក អ៊ុំ សំអាន ការបញ្ជាក់ថាផ្ទៃក្រឡាសរុបរបស់កម្ពុជាមានការកើនឡើង លុះត្រាតែមានការបកស្រាយពីមន្ត្រីបច្ចេកទេស កិច្ចព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាដោយផ្ទាល់មាត់។ យ៉ាងណានៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងដោយគត់មត់ថា ការបញ្ជាក់របស់លោក គឺជាការពិត ពោលគឺមិននិយាយដោយគ្មានមូលដ្ឋានឡើយ។ តាមលោក ហ៊ុន ម៉ាណែត រឿងកិច្ចការព្រំដែនជារឿងប្រាកដប្រជា មិនមែនជារឿងប្រជាភិថុតិ ភូតកុហកប្រជាពលរដ្ឋខ្មែរនោះទេ៕