សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ

កម្ពុជា
កម្ពុជា-នយោបាយ
07/05/2025 – 12:35
ដោយ៖ ហ៊ុល រស្មី
RFI

នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នេះថា សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តកម្មវិធីសវនាការរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងវិញនៅពេលខាងមុខ តែមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់បាននៅឡើយទេ។

សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ


តាមរយៈសារឆ្លើយឆ្លងក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាម អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានលើកឡើងយ៉ាងដូច្នេះថា «តាមក្រុមប្រឹក្សា គឺគ្រោងដាក់កម្មវិធីបន្តហើយ ដោយសារតែមួយរយៈនេះ តំណាងមហាអយ្យការមមាញឹកការងារចុះអធិការកិច្ច និងបញ្ហាត្រួតពនិត្យមួយចំនួន»។ តែនៅពេលសួរបន្ថែមអំពីកាលបរិច្ឆទនៃការបន្តសវនាការនេះ លោកឃុន លាងម៉េងមិនបានផ្តល់ការអត្ថាធិប្បាយអ្វីបន្ថែមទៀតឡើយ។ ចំណែកមេធាវីការពារក្តីលោក កឹម សុខា លោកស្រី ម៉េង សុភារី ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី៧ ឧសភានេះថា សហមេធាវីបានស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញបន្តសវនាការរបស់កូនក្តីលោកស្រីចំនួន ២លើករួចមកហើយ គឺនៅក្នុងខែតុលា និងខែធ្នូ ឆ្នាំ២០២៤។ តែជិតកន្លះឆ្នាំទៅហើយដែលកាលបរិច្ឆេទជាក់លាក់មួយសម្រាប់បន្តសវនាការនៅមិនទាន់ត្រូវបានកំណត់នៅឡើយ។

លោកស្រី ម៉េង សុភារីកត់សម្គាល់បន្ថែមថា ការពន្យារពេលជាច្រើនខែយ៉ាងដូចនេះ គឺជាការបំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់កូនក្តីរបស់លោកស្រី និងថា ភាពអយុត្តិធម៌បានកើតឡើងរួចហើយចំពោះកូនក្តី បើការពន្យារពេលសវនាការនៅអូសបន្លាយពេលយូរបែបនេះ ។ សូមជម្រាបថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេសដែលស្មើនឹងអំពើក្បត់ជាតិ។ សិទ្ធិធ្វើនយោបាយទាំងអស់របស់អតីតមេបក្សជំទាស់រូបនេះក៏ត្រូវបានដកហូត ហើយលោកក៏មិនអាចជួបជនបរទេសបានដែរ បើគ្មានការអនុញ្ញាតពីតុលាការ។ តែលោក កឹម សុខា បានប្តឹងប្រឆាំងសាលក្រមនេះទៅសាលាឧទ្ធរណ៍។

លោក កឹម សុខា ចាកចេញពីគេហដ្ឋានរបស់ក្នុងទីក្រុងភ្នំពេញ។
លោក កឹម សុខា ចាកចេញពីគេហដ្ឋានរបស់ក្នុងទីក្រុងភ្នំពេញ។ © AP

គួររំលឹកថា គិតចាប់តាំងពីឆ្នាំ២០២៤ មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញរបស់លោក កឹម សុខា ចំនួនជាង១០លើករួចមកហើយ។ តែនៅពេលដល់ដំណាក់កាលចេញសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល ១លើកជា២លើក ក្រោមហេតុផលថា មហាអយ្យការមានភាពចាំបាច់ក្នុងយុទ្ធនាការជំរុញ និងដោះស្រាយសំណុំរឿងក្តីទូទៅផ្សេងទៀត៕

What Next?

Recent Articles