កម្ពុជា
កម្ពុជា-សិទ្ធិការងារ
14/05/2025 – 11:19
ដោយ៖ អោ ស្រីពេជ្រ
RFI
ពលករខ្មែរ ២រូបបន្ថែមទៀតត្រូវបានរកឃើញនៅថ្ងៃ១៤ ឧសភានេះថាបានស្លាប់នៅក្រោមអាគារបាក់រលំដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃដែលកើតឡើងកាលពីថ្ងៃទី២៨ មីនា។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក្រសួងស្ថាប័ន និងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះទាំង ២រូបត្រលប់មកប្រទេសកម្ពុជាវិញ។ គិតត្រឹមពេលនេះ មានពលករខ្មែរសរុប ៤នាក់ដែលត្រូវបានរកឃើញស្លាប់ ខណៈ ២នាក់ទៀតរងរបួសនៅក្នុងគ្រោះមហន្តរាយធម្មជាតិនៅប្រទេសថៃ។
មានពលករខ្មែរ ២នាក់ទៀតបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃកាលពីខែមីនា
ពលករខ្មែរប្តីប្រពន្ធ ២នាក់ រស់នៅខេត្តបន្ទាយមានជ័យទើបត្រូវបានរកឃើញថាបានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីចុងខែមីនាកន្លងទៅ។ នេះបើតាមការឱ្យដឹងពីក្រសួងការងារកម្ពុជានៅថ្ងៃទី១៤ ឧសភានេះ។ ចំណែកវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិថៃក៏បានបញ្ជាក់ក្នុងថ្ងៃទី១៤ ឧសភាថា សពជនរងគ្រោះមានឈ្មោះ សាន់ សឿន ជាប្តី អាយុ ៣៨ឆ្នាំ និងឈ្មោះ សុខ គិមសី ជាប្រពន្ធ អាយុ ៣១ឆ្នាំ។ ក្រោយទទួលដំណឹងភ្លាម ក្រសួង ស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃក៏បានរួសរាន់រៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះទាំង ២រូបត្រលប់មកប្រទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានឱ្យដឹងថា ក្រសួងស្ថាប័ន និងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំបញ្ជូនសពពលករទាំង ២នាក់មកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត និងបានបញ្ជាក់ថា ក្រសួងការងារនឹងបន្តតាមដានចំពោះសំណងនានាដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ អ្នកនាំពាក្យដដែលរូបនេះបានអះអាងថា ក្រសួងការងារនឹងបន្តសហការជាមួយអាជ្ញាធរថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃដើម្បីកំណត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន និងផ្តល់ការគាំពារឱ្យទាន់ពេលវេលាដល់ក្រុមគ្រួសារពលករដែលបានស្លាប់ និងរងរបួសក្នុងហេតុការណ៍បាក់រំលំអាគារនៅប្រទេសថៃនោះ។
យោងតាមទិន្នន័យចុងក្រោយដែលផ្តល់ដោយក្រសួងការងារកម្ពុជា គិតត្រឹមថ្ងៃទី១៤ ឧសភានេះ ហេតុការណ៍បាក់រំលំអាគារក្នុងទីក្រុងបាងកកដោយគ្រោះរញ្ជួយដីនៅថ្ងៃទី២៨ ខែមីនាបានផ្តាច់ជីវិតមនុស្សសរុប ១០៩នាក់ បាត់ខ្លួន៤នាក់ និង១៩នាក់ត្រូវបានជួយសង្គ្រោះជោគជ័យ។ ក្នុងចំណោមនោះ មានពលករខ្មែរ ៤នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជាក់ពីការស្លាប់ ខណៈ ២នាក់ទៀតរងរបួស ដោយម្នាក់បាក់កែងជើង និងម្នាក់ទៀតរបូតគន្លាក់ជង្គង់។ សូមរម្លឹកថា គ្រោះរញ្ជួយដីកម្លាំង ៧,៧រ៉ិចទ័រនៅប្រទេសថៃកាលពីចុងខែមីនាកន្លងទៅបានបណ្តាលឲ្យសំណង់អគារខ្ពស់មួយកន្លែងនៅទីក្រុងបាងកកដួលរលំទាំងស្រុង។

ក្រោយហេតុការណ៍បាក់រំលំអគារនេះ អាជ្ញាធរស៊ើបអង្កេតថៃបានយកសំណាកដែកនៅគំនរបាក់បែកទៅធ្វើវិភាគពិសោធន៍។ លទ្ធផលបានបញ្ជាក់ឲ្យឃើញថា ដែកដែលប្រើសម្រាប់សាងសង់នោះមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេ។ មិនតែប៉ុណ្ណោះ អាជ្ញាធរថៃក៏រកឃើញទៀតថា ក្រុមហ៊ុនទទួលសាងសង់អគារនោះបានលួចបន្លំហត្ថលេខាជាច្រើនរបស់វិស្វករដែលទទួលខុសត្រូវសាងសង់ទៀតផង។ តាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃកាលពីថ្ងៃទី១៩ មេសាកន្លងទៅ នគរបាលថៃបានចាប់ខ្លួនជនជាតិចិនម្នាក់ និងថៃ ៣នាក់ដែលជាអ្នកទទួលខុសត្រូវលើការសាងសង់អគារបាក់រលំនោះ៕