ដោយ ប្រាជ្ញ ចេវ
2025.05.16
RFA
តំណាងរដ្ឋាភិបាលកម្ពុជា បានជួបចរចារឿងពន្ធនៅជុំទី១ ជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញលទ្ធផលជាវិជ្ជមាននោះទេ ដោយភាគីទាំងពីរបានត្រឹមឯកភាពគ្នា នឹងជួបចរចាជុំទី២ទៀត។ អ្នកឃ្លាំមើលលើកឡើងថា លទ្ធផលដែលទទួលបាននេះ ខុសពីការរំពឹងទុករបស់ភាគីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា តំណាងក្រុមចរចាកម្ពុជាដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រី ចម និម្មល និងមន្ត្រីមួយចំនួនទៀត បានជួបចរចាជុំទី១ នៅរដ្ឋធានីវ៉ាស៊ីនតោន ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ឧសភា ជាមួយភាគីតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកអ្នកស្រី សារ៉ា អ៊ីលឡឺមេន (Sarah Ellerman)។
សេចក្ដីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់ពីលទ្ធផលអ្វីឡើយ ដោយគ្រាន់តែអះអាងថា ភាគីទាំងពីរបានជជែកគ្នាត្រង់ទៅត្រង់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពិភាក្សាស៊ីជម្រៅលើឯកសារសេចក្ដីព្រាងកិច្ចព្រៀងពាណិជ្ជកម្មបដិការ ហើយនឹងជួបចរចាជុំទីពីរទៀត នៅសប្ដាហ៍ទី១ក្នុងខែមិថុនាក្រោយនេះ។
កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិក
តំណាងរដ្ឋាភិបាលកម្ពុជា បានជួបចរចារឿងពន្ធនៅជុំទី១ ជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញលទ្ធផលជាវិជ្ជមាននោះទេ ដោយភាគីទាំងពីរបានត្រឹមឯកភាពគ្នា នឹងជួបចរចាជុំទី២ទៀត។ អ្នកឃ្លាំមើលលើកឡើងថា លទ្ធផលដែលទទួលបាននេះ ខុសពីការរំពឹងទុករបស់ភាគីកម្ពុជា។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនហ៊ានបង្ហាញលទ្ធផល អាចដោយសារកិច្ចចរចារឿងពន្ធជុំទី១ មិនបានផ្ដល់ក្ដីសង្ឃឹមខ្ពស់ ក្នុងការឈានទៅរកការបន្ធូរបន្ថយអត្រាពន្ធពីសហរដ្ឋអាមេរិក។
ដែលថាលទ្ធផល មិនរំពឹងខ្ពស់ ពីព្រោះបញ្ហាពាណិជ្ជកម្មកម្ពុជានិងសហរដ្ឋអាមេរិក គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ប៉ុន្តែបែរជាចរចាយ៉ាងតឹងតែង លើកពេលម្ដងហើយម្ដងទៀត។ ម៉្លោះហើយ វាដូចមិនមែនជារឿងពាណិជ្ជកម្មឡើយ តែជារឿងដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មើលងាយសហរដ្ឋអាមេរិក ដូចជា វ៉ៃផ្លាកកម្ពុជាលើទំនិញចិននាំទៅទីផ្សារអាមេរិក បញ្ហាសមុទ្ររាម ការរំលោភសិទ្ធិមនុស្សចាប់ពលរដ្ឋខ្មែរអាមេរិកាំងកញ្ញា សេង ធារី ដាក់គុកដោយអយុត្តិធម៌ជាដើម។— លោក គឹម សុខ
នេះគឺជាការជួបចរចាផ្ទាល់លើកដំបូង បន្ទាប់ពីតំណាងរដ្ឋាភិបាលកម្ពុជា បានចរចាចំនួន២លើក តាមប្រព័ន្ធអ៊ីនធឺណិត ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺនៅថ្ងៃទី១៦ ខែមេសា និងនៅថ្ងៃទី០៣ ខែឧសភា ក្នុងការស្នើសុំបន្ធូរបន្ថយពន្ធដែលរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសដាក់លើទំនិញនាំចេញពីកម្ពុជា និងប្រទេសលើពិភពលោកជាង៧០ប្រទេសផ្សេងទៀត កាលពីថ្ងៃទី២ ខែមេសា។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានប្រកាសជាថ្មី ទុកពេល៩០ថ្ងៃឱ្យប្រទេសទាំងនោះចរចា ដោយទុកឱ្យអនុវត្តពន្ធត្រឹមតែ១០%សិន។
ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធនេះ កាលពីថ្ងៃទី០៤ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើទៅលោក ដូណាល់ ត្រាំ ដើម្បីបញ្ជាក់ថា កម្ពុជាសុខចិត្តបន្ថយពន្ធលើក្រុមទំនិញ១៩មុខនាំចូលពីសហរដ្ឋអាមេរិក គឺពី៣៥% មកនៅត្រឹម៥% ជាថ្នូរសុំចរចាឱ្យអាមេរិកបន្ធូរបន្ថយពន្ធ៤៩%វិញ។ ទោះជាយ៉ាងណា សម្រាប់អង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំងមើលឃើញថា កម្ពុជាអាចមានសង្ឃឹមខ្ពស់ក្នុងការចរចា ប្រសិនប្រកាសពីឆន្ទៈ ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ជាពិសេសការបង្ក្រាបលើការក្លែងបន្លំប្រភពទំនិញ នាំចេញទៅសហរដ្ឋអាមេរិក។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានមើលឃើញថា កម្ពុជាបានបន្ទន់ឥរិយាបថការទូត ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោកបន្តថា ប៉ុន្តែអ្វីដែលអាចកំណត់ពីលទ្ធផលនៃការចរចានាពេលខាងមុខនេះ គឺអាស្រ័យទៅលើការរកឃើញរបស់សហរដ្ឋអាមេរិក និងការចុះមកសិក្សាវាយតម្លៃពីស្ថានភាពផ្ទាល់នៅកម្ពុជារបស់គណៈប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាមួយចំនួន ដូចជាការឆបោកតាមអនឡាញ ការជួញដូរមនុស្ស ការលាងលុយ និងការបន្លំប្រភពដើមនៃទំនិញ ដែលបញ្ហាទាំងនេះ កំពុងកំរាមគំហែងសន្ដិសុខជាតិសហរដ្ឋអាមេរិក រួមទាំងស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
អ៊ីចឹង ការផ្ទៀងផ្ទាត់នូវព័ត៌មាន និងទិន្នន័យនៃប្រតិភូទាំងសងខាង (ក្រុមចរចាអាមេរិកនិងកម្ពុជា) វាជាមូលដ្ឋាន ដើម្បីកំណត់អនាគត ក៏ដូចជាសេចក្ដីសម្រេច នៅក្នុងដំណើរការនៃការចរចាជាមួយសហរដ្ឋអាមេរិក ក៏ដូចជា អនាគតនៃការធ្វើទំនាក់ទំនងការទូត កិច្ចការបរទេសរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។— លោក ឃុន ថារ៉ូ
កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានពិន័យក្រុមហ៊ុនចិនមួយចំនួន ដែលវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថា បានលួចបន្លំដាក់ផ្លាកផលិតនៅកម្ពុជាលើទំនិញមានប្រភពចេញពីប្រទេសចិន ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក គេចចេញពីការអនុវត្តពន្ធរវាងអាមេរិកនិងចិន។
កាលពីថ្ងៃទី២១មេសា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏បានប្រកាសដំឡើងពន្ធលើការនាំចូលបន្ទះសូឡា ឬថាមពលស្រូបពន្លឺព្រះអាទិត្យពីកម្ពុជាចំនួន៣៥០០% ដោយសហរដ្ឋអាមេរិកចោទថា ក្រុមហ៊ុនផលិតបន្ទះសូឡានៅកម្ពុជាមួយចំនួន ទទួលបានការឧបត្ថម្ភធនពីរដ្ឋអំណាចចិន ក្នុងការផលិតនិងនាំចេញបន្ទះសូឡាទៅលក់នៅសហរដ្ឋអាមេរិក ក្នុងតម្លៃថោកដើម្បីបង្ខូចទីផ្សារ នាំឱ្យប៉ះពាល់ក្រុមហ៊ុនក្នុងស្រុករបស់សហរដ្ឋអាមេរិក។
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមសហជីពព្រួយបារម្ភថា កម្មករនិយោជិតជាង៩សែន (៩២៥.០០០) នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប អាចនឹងបាត់បង់ការងារធ្វើ៕
សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!
#ខ្លីៗពីអាស៊ីសេរី [២៨៤]៖ កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិកទេ
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥៖
១. កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិកទេ
២. មេនគរបាលម្នាក់បានបើកឡានទាំងស្រវឹងបុករះអ្នកធ្វើដំណើរម្នាក់ស្លាប់
៣. អាជ្ញាធរបក្សកាន់អំណាចដកស្លាកគណបក្សកម្លាំងជាតិចោលហើយដាក់ស្លាកគណបក្សប្រជាជនកម្ពុជា
៤. លោកអ្នកនាងជាទីមេត្រី ដោយស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ វិទ្យុអាស៊ីសេរីនឹងផ្អាកការផ្សាយកម្មវិធីវីដេអូខ្លីៗនេះចាប់ពីថ្ងៃច័ន្ទសប្ដាហ៍ក្រោយតទៅ។ ទោះជាយ៉ាងណាវិទ្យុអាស៊ីសេរីនៅតែបន្តការផ្សាយព័ត៌មាននិងវីដេអូក្នុងវិធីផ្សេងទៀតតាមបណ្ដាញសង្គមនានារបស់យើងដដែល។ សូមអរគុណ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។