កម្ពុជា
18/05/2025 – 07:06
ដោយ៖ សាំ ឧត្តម
RFI
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានក្រើនរំលឹកឱ្យពលរដ្ឋទាំងអស់គ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារជាមុននូវការឈឺធ្ងន់ដែលបណ្តាលមកពីវីរុសកូវីដ១៩បំប្លែងថ្មី ពិសេសប្រភេទ ជិអិន ១ (JN.1)។ នេះជាការក្រើនរំលឹកបន្ថែម របស់ក្រសួងសុខាភិបាល ក្រោយវត្តមានវីរុសកូវីដ១៩បំប្លែងថ្មី JN.1 កំពុងរីករាលដាលតាមតំបន់ជាច្រើននៅលើពិភពលោក ពិសេសនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា។

យោងតាមសំណេរនៅលើហ្វេសប៊ុកនាថ្ងៃទី១៧ ខែឧសភា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានដាស់តឿនឱ្យពលរដ្ឋទាំងអស់ពិសេស គឺក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកមានប្រព័ន្ធការពារខ្សោយ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទភីហ្វាយហ្សឺ (Pfizer) នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ។
នេះជាវិធានការបង្កានៅចំពោះមុខ ស្របពេលដែលវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ JN.1 កំពុងធ្វើចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់ជាច្រើននៅលើពិភពលោក។ ក្នុងសំណេរដដែលនោះ លោក ស្រី ឱ វណ្ណឌីនក៏បានក្រើនរំលឹកឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបន្តការពារខ្លួនពីវីរុសកូវីដ-១៩ដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ តាមមន្ត្រីជាន់ខ្ពស់រូបនេះ ដើម្បីកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់ គឺមានតែបន្តប្រកាន់យកវិធានការ ៣ការពារ និង៣កុំ រួមនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ជាថ្មី។
ទោះយ៉ាងណា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការការពារប្រសើរជាងព្យាបាល គឺជាជម្រើសដ៏ល្អប្រសើរបំផុត ក្នុងការបន្តជំរុញឱ្យពលរដ្ឋបន្តអនុវត្តនូវវិធានការការពារខ្លួនជាមុន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។
កាលពីថ្ងៃ ១២ ខែឧសភា ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយជូនដំណឹងឱ្យពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដោយបញ្ជាក់ថា វីរុសបំប្លែងថ្មី JN.1 ស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែរីករាលដាលយ៉ាងឆាប់រហ័ស តែមិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចប្រភេទវីរុសកូវីដ-១៩ជំនាន់មុនៗនោះទេ។ រោគសញ្ញាដែលវីរុសបំប្លែងថ្មី JN.1 បង្កឡើងនៅពេលឆ្លងមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ និងក្អួតចង្អោរ ដែលមានសភាពលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយធម្មតា។
គួរកត់សម្គាល់ថា ការវិវត្តចុងក្រោយនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា នាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារខ្លួនឱ្យបានម្មត់ចត់ជាប់ជានិច្ច ពិសេសនារដូវវស្សាខាងមុខ៕