សមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួនមនុស្ស២៤នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ

កម្ពុជា
25/05/2025 – 11:15
ដោយ៖ សាំ ឧត្តម
RFI

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងរបស់ជនជាតិចិន ដោយចាប់ខ្លួនបានមនុស្សសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ តាម​សមត្ថកិច្ចក្រុមឧក្រិដ្ឋជនជនជាតិចិនបានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់អ្នកដែលបានខ្ចីលុយតាមអនឡាញក្នុងប្រទេសវៀតណាម។

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួនមនុស្ស២៤នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ


ក្នុងចំណោមជនសង្ស័យទាំង២៤នាក់ សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន២១នាក់ ជនជាតិចិន២នាក់ និងជនជាតិខ្មែរម្នាក់ ហើយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រមួយចំនួនផង។ វត្ថុតាងទាំងនេះ បើតាមសមត្ថកិច្ច គឺត្រូវរក្សាទុក ដើម្បីឈានដល់ការស៊ើបអង្កេតបន្ថែម។

លោកវរសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា សមត្ថកិច្ចខេត្តកំពង់ឆ្នាំងពិតជាបានចុះបង្ក្រាបទីតាំងខាងលើពិតមែន កាលពីថ្ងៃទី២៣ ខែឧសភា ដោយទីតាំងនោះបានបើកបង្រៀនលួចលាក់ប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ស័យថា ជាកម្ចីអនឡាញ។

សមត្ថកិច្ចបានរាយការណ៍ថា ក្រុមឧក្រិដ្ឋនជនបានជួលផ្ទះវីឡាមួយខ្នងក្នុងក្រុងកំពង់ឆ្នាំងមួយខែ៧៥០ដុល្លារ និងដោយបានកុហកម្ចាស់ផ្ទះថា រស់នៅតែ៣ ទៅ៤នាក់ប៉ុណ្ណោះ។ ក្រោយមក អ្នករស់នៅក្បែរខាងក៏សង្ស័យ ក្រោយពួកគេឃើញមានមនុស្សចេញចូលផ្ទះនេះច្រើន ដែលជាហេតុធ្វើឱ្យពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ ហើយឈានដល់ការបង្ក្រាបតែម្តង។

តាមប្រភពដដែល ទីតាំងធ្វើប្រតិបត្តិការឆបោកអនឡាញនេះ គឺភាគច្រើនជាជនជាតិវៀតណាម ខណៈក្រុមនេះមានគោលដៅឆបោកលុយពីពលរដ្ឋវៀតណាម តាមរយៈការផ្តល់ជាប្រាក់កម្ចី ហើយជំរិតទារប្រាក់វិញ។ ជាការកត់សម្គាល់ នេះជាព័ត៌មានថ្មីមួយទៀតដែលក្រុមឆបោកអនឡាញបានពង្រើកខ្លួនទៅដល់ខេត្តកំពង់ឆ្នាំង ខណៈកន្លងមក សមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបច្រើនតែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ស្វាយរៀង និងប៉ោយប៉ែត។

ទីតាំងប្រព្រឹត្តសកម្មភាពអនឡាញខុសច្បាប់
ទីតាំងប្រព្រឹត្តសកម្មភាពអនឡាញខុសច្បាប់ © FN

នៅចំពោះមុខបញ្ហាឆបោកអនឡាញនេះ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិដាក់ក្តីព្រួយបារម្ភកាន់តែខ្លាំង ក្រោយសង្កេតឃើញពីកំណើននៃទីតាំងធ្វើប្រតិបត្តិការឆបោកអនឡាញរបស់ជនជាតិចិនលើទឹកដីកម្ពុជា។​ ជាក់ស្តែង នៅថ្ងៃទី២១ ឧសភា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយទាញសញ្ញាអាសន្នចំពោះឧក្រិដ្ឋកម្មឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ កម្ពុជាក៏មានឈ្មោះក្នុងបញ្ជីប្រកាសអាសន្នរបស់ OHCHR ដែរ ខណៈក្នុងតំបន់អាស៊ានក្រៅពីកម្ពុជា ក៏មាន ឡាវ ភូមា ហ្វីលីពីន និងម៉ាឡេស៊ីដែលត្រូវបាន OHCHR កត់ត្រាថា ជាទីតាំងធ្វើប្រតិបត្តិការឆបោកអនឡាញ៕

What Next?

Recent Articles