អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីរុស្ស៊ីមកដល់កម្ពុជា បន្ទាប់ពីបរិហារមន្ត្រីកម្ពុជា

កម្ពុជា
25/05/2025 – 07:52
ដោយ៖ ហ៊ុល រស្មី
RFI

អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែល​បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបរិហារមន្ត្រីជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ត្រូវបានអាជ្ញាធររុស្ស៊ីធ្វើបត្យាប័នបញ្ជូនខ្លួនមកដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី២៤ ខែឧសភា ទៅតាមសំណើរបស់ក្រសួងយុត្តិធម៌កម្ពុជា។ អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកស្នើឲ្យមន្ត្រីអនុវត្តច្បាប់កម្ពុជា បើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើការអះអាងរបស់អតីតឧកញ៉ារូបនេះកន្លងមក ជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាបាលភិបាលកម្ពុជា ដោយសាររឿងនេះកំពុងស្ថិតក្រោមការឃ្លាំមើលពីសហគមន៍អន្តរជាតិ។

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីរុស្ស៊ីមកដល់កម្ពុជា បន្ទាប់ពីបរិហារមន្ត្រីកម្ពុជា


ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានរាយការណ៍ថា​ តបតាមការស្នើរបស់ក្រសួងយុត្តិធម៌កម្ពុជា លោក ហេង សិទ្ធី ត្រូវបានធ្វើបត្យាប័ន ឬបញ្ជូនតាមនីតិវិធីឲ្យប្រទេសកម្ពុជាដើម្បីមកប្រឈមនឹងការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដូចមានចែងក្នុង ក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក ហេង សិទ្ធី បានមកដល់ប្រទេសកម្ពុជាតាមជើងយន្តហោះកាលពីយប់ថ្ងៃទី២៤ ឧសភា។  

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ប្រាប់វិទ្យុបារាំង RFIនៅថ្ងៃអាទិត្យនេះថា កម្ពុជា តាមរយៈក្រសួងយុត្តិធម៌ដែលជាអាជ្ញាធរកណ្តាលនៅក្នុងនីតិវិធីបត្យាប័ន «ពិតជាបានស្នើសុំធ្វើបត្យាប័ន ឈ្មោះ ហេង សិទ្ធី ពីរុស្ស៊ី ហើយថាការធ្វើបត្យាប័ននេះ គឺធ្វើឡើង ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលចេញដោយតុលាការ»។ តាមអ្នកនាំពាក្យរូបនេះ លោក ហេង សិទ្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» តាមមាត្រា ៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបញ្ជាក់បន្ថែមថា លោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជា ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលនឹងបន្តចំណាត់ការតាមនីតិវិធីច្បាប់។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា សំណុំរឿងលោកហេង សិទ្ធីបានក្លាយជាចំណីអារម្មណ៍របស់សហគមន៍អន្តរជាតិ។ លោកថា អាជ្ញាធរកម្ពុជាគួរធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់និងតម្លាភាពទៅលើការចោទប្រកាន់ទាក់ទងនឹង អំពើពុករលួយដែលលោក ហេង សិទ្ធី បានអះអាងកន្លងមក ថាមានការពាក់ព័ន្ធនឹងបុគ្គលជាច្រើន ក្នុងនោះក៏មានមន្ត្រីមួយចំនួនដែរ។ 

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនចេញពីរុស្ស៊ីមកប្រទេសកម្ពុជា។
អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនចេញពីរុស្ស៊ីមកប្រទេសកម្ពុជា។ © Kampuchea Thmey Daily

សូមជម្រាបថា ចំណាត់ការប្រឆាំងលោក ហេង សិទ្ធី ធ្វើឡើងក្រោយពីអតីតឧកញ៉ារូបនេះ បានចេញមុខថ្លែងជាសាធារណៈតាមបណ្តាញសង្គមអំពី​ឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាដែលកំពុងកើតឡើងយ៉ាងគំហុក។ ក្នុងរឿងនេះ អតីតឧកញ៉ា ហេង សិទ្ធី បានចោទ​ប្រកាន់ចំមុខជនជាតិចិន និង អ្នកឧកញ៉ា ហ៊ុន តូ ថាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោក ហេង សិទ្ធី បានប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដោយចោទថាទទួលសំណូកជាថ្នូរមិនបង្ក្រាបករណីឧក្រិដ្ឋកម្មទាំងនោះ។ តែក្រោយមក​ឧកញ៉ា ហ៊ុន តូ បានចេញលិខិតបដិសេធការចោទប្រកាន់នេះ ខណៈអគ្គស្នងការនគរបាល​ក៏បានចេញ​ដីកា​ក្រហម​សុំការសហការពីអន្តរជាតិ​ដើម្បីតាម​ចាប់​ខ្លួន លោក ហេង សិទ្ធី៕

What Next?

Recent Articles