កម្ពុជា
កម្ពុជា-ព្រំដែន
28/05/2025 – 09:36
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅព្រឹកព្រលឹមថ្ងៃទី២៨ ឧសភានេះ មានការប៉ះទង្គិចដោយអាវុធជាថ្មីរវាងទាហានខ្មែរ និងថៃដែលឈរជើងតាមព្រំដែននៅតំបន់ចុងបូក ជាប់ខេត្តអ៊ូប៊ុន រាចឆាឋានីរបស់ថៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យកងទ័ពថៃក្នុងកាសែតបាងកកប៉ុស្តិ៍។ មន្ត្រីអ្នកនាំពាក្យកងទ័ពថៃបានអះអាង គឺទាហានខ្មែរជាអ្នកបង្ករឿង ដោយការបំពានចូលក្នុងតំបន់ដែលបានព្រមព្រៀងរក្សាជា «status quo» និងថា ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមេទ័ពខ្មែរ និងថៃបានជជែកគ្នាតាមទូរស័ព្ទ។
ទាហានខ្មែរ និងថៃប៉ះទង្គិចគ្នាជាថ្មី នៅតំបន់ចុងបូក
យោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ ទាហានខ្មែរ និងថៃបានផ្ទុះអាវុធ បាញ់ផ្លោងដាក់គ្នារយៈពេលប្រមាណ ១០នាទី នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ។ លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ហេតុការណ៍ផ្ទុះអាវុធនោះកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ដោយសារទាហានខ្មែរបានដើរចូលក្នុងតំបន់ព្រំដែនដែលបានព្រមព្រៀងមិនឱ្យមានការចល័តទ័ព។ តាមលោក Winthai Suvaree បន្ទាប់ពីឃើញការបំពានរបស់យោធាខ្មែរ យោធាថៃមួយក្រុមក៏បានទៅសួរនាំ។
ស្រាប់តែភ្លាមៗនោះ និងបើតាមលោក Winthai Suvare យោធាខ្មែរក៏ផ្ទុះអាវុធដាក់យោធាថៃ ហើយយោធាថៃក៏បានបាញ់តវិញទៅ។ ការប៉ះទង្គិចគ្នានេះត្រូវបានបញ្ចប់ បន្ទាប់ពីមេទ័ពខ្មែរ និងមេទ័ពថៃបានជួបជជែកគ្នាតាមទូរស័ព្ទ ដោយបានព្រមព្រៀងបទឈប់បាញ់ តែទាហានទាំងសងខាងនៅមិនទាន់ត្រូវបានដកចេញពីតំបន់កើតជម្លោះនោះនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យកងទ័ពថៃ។ តាមបាងកកប៉ុស្តិ៍ដដែល អ្នកនាំពាក្យកងទ័ពថៃបានចាត់ទុកការបង្កហេតុនាំឱ្យមានការផ្ទុះអាវុធជាថ្មីពីសំណាក់ទាហានខ្មែរពេលនេះថាជាការយល់ខុសទាំងស្រុងពីចេទនារបស់ថៃដែលតែងយាមល្បាត ឬបំពេញតាមកិច្ចព្រមព្រៀងដោយគ្មានចេទនាអាក្រក់ រំលោភដែនអធិបតេយ្យភាព ឬញុះញង់បង្កជម្លោះជាមួយភាគីកម្ពុជាសោះឡើយ។
តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨ ឧសភានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានបញ្ជាក់ថា ពិតជាមានកើតហេតុប៉ះទង្គិចដោយអាវុធរវាងទាហានខ្មែរ និងថៃនៅតំបន់ចុងបូកនេះមែន តែជាការប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ។ សំឡេងលោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា៖
ដោយឡែក លោក អុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំងដែលតាមដានជម្លោះព្រំដែនកម្ពុជា ថៃ បានលើកឡើងថា ការគ្រប់គ្រងស្ថានការណ៍ព្រំដែនខ្មែរ និងថៃជារឿងលំបាក បើកម្ពុជានៅតែបន្តចរចាទ្វេភាគីជាមួយថៃ ដោយគ្មានការចូលរួមពីសហគមន៍អន្តរជាតិ និងម៉្យាងទៀត សម្រាប់លោក អំ សំអាន ប្រព័ន្ធបញ្ជាការកងទ័ពខ្មែរក៏ហាក់ស្មុគស្មាញដែរ។ សំឡេងលោក អុំ សំអាន៖

គួរជ្រាបថា ការផ្ទុះអាវុធនៅតំបន់ចុងបូករវាងទាហានខ្មែរ និងថៃពេលនេះបានកើតមានឡើង ក្រោយជំនួបនៅទីក្រុងបាងកក ប្រទេសថៃរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និង រដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមិថាំ វិឆាយ៉ាឆៃកាលពីថ្ងៃទី១ ខែឧសភា។ ជំនួបនេះបានបញ្ចប់ទៅដោយភាគីទាំងពីរបានត្រឹមឯកភាពនឹងរក្សាទុកស្ថានភាពដដែល ឬ «status quo» ពោលគឺគ្មានការចុះហត្ថលេខាលើសេចក្តីព្រមព្រៀងថ្មីអ្វីទាំងអស់។ បច្ចុប្បន្ននេះ នៅតាមព្រំដែនខ្មែរ-ថៃ មានតំបន់ក្ដៅដែលយោធាខ្មែរ និងថៃអាចប្រឈមនឹងការប៉ះទង្គិចគ្នាចំនួន ៣កន្លែង ទី១ គឺតំបន់ចុងបូកដែលទើបប៉ះទង្គិចគ្នានេះ ទី២ តំបន់ប្រាសាទតាមាន់ធំ និងទី៣ គឺតំបន់ចុងអាន់ម៉ា។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ កុម្ភៈកន្លងទៅថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្រមានពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រសិនបើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានផ្តាំទៅអ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃកុំឲ្យយករឿងនយោបាយទៅលូកលាន់លើការងារបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនដែលរដ្ឋាភិបាលកំពុងអនុវត្តដោយឈរលើគោលការណ៍បច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ៕