កម្ពុជា
02/06/2025 – 10:49
ដោយ៖ ហ៊ុល រស្មី
RFI
នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ អង្គសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងការនាំយកសំណុំរឿងវិវាទព្រំដែនកម្ពុជានិង ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងអង្គសមាជជាប្រវត្តិសាស្ត្រនេះថា កម្ពុជានឹងប្តឹងករណីនៅចំណុចមុំបី ករណីប្រាសាទតាមាន់ធំ-តាមាន់តូច និងករណីប្រាសាទតាក្របី ទៅកាន់តុលាការ ICJ បើទោះជាភាគីថៃមិនព្រមក៏ដោយ។
សមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា គាំទ្រឲ្យរដ្ឋាភិបាលយកជម្លោះព្រំដែនកម្ពុជានិងថៃទៅតុលាការ ICJ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងការពារជំហររបស់រដ្ឋាភិបាលថា ការយកសំណុំរឿងជម្លោះព្រំដែនកម្ពុជានិង ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជាយន្តការ«ពន្លត់បញ្ហានេះ ជាជាងអង្គុយបក់ផ្សែង»។ តែប៉ុន្មានម៉ោងក្រោយការអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាលដូចនេះ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលធ្វើឡើងនៅក្រោមអធិបតីភាព លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ដោយ១៨២សំឡេង។ ជាការអនុម័តបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងរឿង ជម្លោះព្រំដែនរវាងកម្ពុជា ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
នៅក្នុងអង្គសមាជនោះ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្តឹងផ្តល់ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នឹងរួមចំណែកដល់ការបង្ការមិនឲ្យមានជម្លោះរវាងភាគីកម្ពុជា ថៃ ដូចវិបត្តិនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីនដែលជាញឹកញាប់មានជម្លោះប្រដាប់អាវុធរវាងគ្នា ដោយពេលខ្លះកើតឡើងក្នុងទ្រង់ទ្រាយធំ និងពេលខ្លះទៀតជម្លោះកើតឡើងក្នុងទ្រង់ទ្រាយតូច។ បើតាម លោក ហ៊ុន សែន នៅពេលកម្ពុជាបឹ្តងថៃ ករណីចំណុចរសើបចំនួនបួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏គណៈកម្មការព្រំដែននៅបន្តការងាររបស់ខ្លួនជាប្រក្រតី។ ចំណុចរសើបទាំងបួននោះ សំដៅលើតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
សូមបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា និងថៃ មិនបានស្ថិតក្នុងរបៀវារៈដែលបានគ្រោងទុកក្នុងសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា កាលពីដំបូងនោះទេ។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ប្រាប់វិទ្យុបារាំង RFI ថា ការលើកឡើងរបស់ប្រធានអង្គសមាជ ជុំវិញការនំាជម្លោះព្រំដែនកម្ពុជា ថៃ ទៅទីក្រុងឡាអេ គឺនឹងស្របតាមស្ថានការណ៍បច្ចុប្បន្ន និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានលើកឡើងពីបញ្ហានេះ។ លោកថា សមាជរយៈពេល២ថ្ងៃនេះ ក៏នឹងបន្តពិភាក្សាលើប្រធានបទសំខាន់ៗបី ដែលបានគ្រោងទុក គឺវិស័យកសិកម្ម ប្រព័ន្ធគាំពារសង្គម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គួររម្លឹកថា ជម្លោះព្រំដែនកម្ពុជា និងថៃ បានកម្រើកឡើងវិញរហូតឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធសម្លាប់ទាហានកម្ពុជាម្នាក់ ដែលរដ្ឋាភិបាលកម្ពុជានិយាយចំៗថា បង្កឡើងដោយទាហានថៃ នៅចំណុចមុំបីក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥៕