កម្ពុជាកំណត់ថ្ងៃទី១៥ មិថុនា ដាក់ពាក្យបណ្តឹងទៅតុលាការ ICJ លើជម្លោះព្រំដែនជាមួយថៃ

កម្ពុជា
កម្ពុជា-តុលាការយុត្តិធម៌អន្តរជាតិ
14/06/2025 – 09:14
ដោយ៖ សាំ ឧត្តម
RFI

រដ្ឋាភិបាលកម្ពុជា សម្រេចយកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៥ ដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ជាការកត់សម្គាល់ ពាក្យបណ្តឹងដែលភាគីកម្ពុជាត្រៀមបញ្ចូនទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ឱ្យជួយដោះស្រាយ  ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន (JBC) ត្រូវបានរៀបចំឡើង នៅកម្ពុជានាថ្ងៃទី១៤ មិថុនា។

កម្ពុជាកំណត់ថ្ងៃទី១៥ មិថុនា ដាក់ពាក្យបណ្តឹងទៅតុលាការ ICJ លើជម្លោះព្រំដែនជាមួយថៃ


ក្នុងសំណេរនៅលើហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា នៅថ្ងៃទី១៥ មិថុនា ក្រសួងការបរទេសកម្ពុជា នឹងបញ្ចូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ មិនថាភាគីថៃមិនយល់ព្រម ឬមិនឆ្លើយតបក៏ដោយ ក៏កម្ពុជារក្សាជំហរប្តឹងជាឯកតោភាគីទៅ ICJ លើតំបន់កំពុងមានជម្លោះចំនួនបួនដដែល។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាភាគីកម្ពុជានឹងបន្តរង់ចាំមើលការបញ្ជាក់ជំហរពីភាគីថៃក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន JBC អំពីលទ្ធភាពនៃការចូលរួមជាមួយកម្ពុជាដើម្បីយកបញ្ហានៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

នៅថ្ងៃទី១៤ មិថុនា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន JBC ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីជជែកពិភាក្សាគ្នាជុំវិញការវាស់វែង និងបោះបង្គោលព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។ តែសម្រាប់បញ្ហាព្រំដែនដែលពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី កម្ពុជានៅតែរក្សាជំហរមិនដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំJBCឡើយ។ តាម លោក ហ៊ុន ម៉ាណែត ក្រៅពីតំបន់ទាំងបួន កម្ពុជាក៏នឹងមិនលើកយកបញ្ហាបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃមកពិភាក្សាគ្នាក្នុងកិច្ចប្រជុំនោះទេ ព្រោះខុសពីសមត្ថកិច្ចរបស់ JBC។   

ដោយឡែកពាក់ព័ន្ធនឹងការបញ្ចូនពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ វិញ ប្រមុខរដ្ឋាភិបាលអះអាងថា កម្ពុជានឹងមិនផ្លាស់ប្តូរ​គោលជំហរឡើយ ហើយរដ្ឋាភិបាលកម្ពុជាប្រកាន់យកការដោះស្រាយគ្នាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។

រូបតំណាង
រូបតំណាង © Internet

គួរជម្រាបថា កាលពីថ្ងៃទី៦ ខែមិថុនា រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិលើករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដោយចាត់តាំងឱ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាតំណាងរបស់កម្ពុជាឡើងទៅដោះស្រាយវិវាទព្រំដែនជាថៃនៅ ICJ

តែយ៉ាងណា លទ្ធភាពដែលថៃយល់ព្រមទៅដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជានៅ ICJ ​មានភាពស្រពិចស្រពិល និងមិនច្បាស់ការ ដោយហេតុថាកន្លងមកនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់បានបញ្ជាក់ថា ថៃពុំទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ១៩៦០មកម្ល៉េះ៕

What Next?

Recent Articles