លោក សួន រីដា អំពាវនាវឲ្យដោះលែងអតីតសហការីម្នាក់របស់ លោក កឹម សុខា

កម្ពុជា
កម្ពុជា-ថៃ
14/06/2025 – 11:15
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សមាជិក​ម្នាក់​នៃ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ បន្ទាប់​ពីបាន​បង្ហោះ​សារ​តាម​ហ្វេស​ប៊ុក​របស់​ខ្លួន​ រិះ​គន់​រដ្ឋា​ភិបាល​កម្ពុជា​ទាក់​ទង​នឹង​ជម្លោះ​ព្រំ​ដែន​ជា​មួយ​ថៃ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​របស់​ លោក សួន រីដា អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ដែល​បាន​អំពាវ​នាវ​ឲ្យ ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដោះ​លែង​ លោក ឃូ ហាំងម៉ាំង ជា​អតីត​សហការី ​លោក កឹម សុខា ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​។

លោក សួន រីដា អំពាវនាវឲ្យដោះលែងអតីតសហការីម្នាក់របស់ លោក កឹម សុខា


ក្នុង​លិខិត​ចំហរ​ជូន ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៤ មិថុនា​នេះ ​លោក សួន រីដា បាន​អះអាង​ថា ​ ការ​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន ​លោក ​ឃូ ហាំងម៉ាំង ជា​សហការី​ លោក កឹម សុខា និង​ជា​អតីត​ក្រុម​ការ​ងារ​នៅ​ខេត្ត​សៀមរាប​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​(CNRP) គឺ​ពាក់​ព័ន្ធ​នឹង​ការ​រិះគន់​របស់​ លោក ឃូ ហាំងម៉ាំង ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា​ទាក់​ទង​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​។

យ៉ាង​នេះ​ក្តី ​លោក សួន រីដា អំពាវ​នាវ​ឲ្យ​ ប្រមុខ​គណបក្ស​កាន់​អំណាច ​និង​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ ដោះលែង​ លោក ឃូ ហាំងម៉ាំង ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​បាន​ជួប​ភរិយា​និង​កូន​តូចៗ​នៅ​ក្នុង​បន្ទុក​។​ បើតាម​អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ​ទោះបី​ពួក​គេមាន​និន្នាការ​នយោ​បាយ​ផ្សេង​គ្នាក៏​ពិត​មែន តែ​ចំពោះ​ផល​ប្រយោជន៍​ជាតិ​ខ្មែរ ​បូរណៈភាព​ទឹក​ដី និង​អធិប​តេយ្យ​កម្ពុជា ​គឺ​ពួក​គេ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។

លោក​ សួន ​រីដា ​បាន​បញ្ជាក់​បន្ថែម​ថា ​ក្រុម​របស់​លោកក៏​គាំទ្រ​ទាំង​ស្រុង​ផង​ដែរ​នូវ​ទស្សនទាន​៦​ចំណុច​របស់ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ​មិថុនា ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​ថៃ​ក្នុង​ការ​បិទ​ព្រំ​ដែន ​និង​ការ​ព្រ​មាន​ផ្តាច់​អគ្គិសនី ​និង​អ៊ីធឺណិត​មក​កម្ពុជា​។

ទោះជា​យ៉ាង​ណា ​នៅមិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​ពី​សមត្ថ​កិច្ច​កម្ពុជា​លើ​ការ​អះអាង​របស់ ​លោក ​សួន រីដា ជុំវិញ​ការ​ចាប់​ខ្លួន ​លោក ឃូ ហាំងម៉ាំង ​នៅឡើយ​មក​ទល់​ពេល​នេះ​។

លោក ឃូ ហាំងម៉ាំង កាលនៅជាសហការី លោក កឹម សុខា
លោក ឃូ ហាំងម៉ាំង កាលនៅជាសហការី លោក កឹម សុខា © Hang Meang Khou

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា ​ឆ្នាំ​២០២៥ ​លោក ​ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ថៃ​​បញ្ជូន ​លោក​ អែម ពិសិដ្ឋ ​ជាប្រ​ធាន​បណ្តាញ​យុវជន​កម្ពុជា​សកល ​ប្រចាំ​ប្រទេស​ថៃ ​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ​បន្ទាប់​ពី​សកម្មជន​ប្រឆាំង​រូប​នេះ ​បាន​ថត​សម្តែង​ជា​កង​ទ័ព​រិះ​គន់​រដ្ឋា​ភិ​បាល​កម្ពុជា​ ដោយ​ប្រមុខ​គណ​បក្ស​កាន់​អំណាច ​ចាត់​ទុក​ថា ​ទង្វើ​នេះ ​គឺ​ជា​ការ​ឃុប​ឃិត​ជាមួយ​បរទេស​មក​បំផ្លាញ​ខ្មែរ​ គ្រា​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស​៕

What Next?

Recent Articles