កម្ពុជា
កម្ពុជា-ថៃ-ព្រំដែន
15/06/2025 – 11:34
ដោយ៖ ជួប នរក្សា
RFI
នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែន កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់នៅរសៀលនៅថ្ងៃអាទិត្យទី១៥មិថុនា។ សេចក្តីប្រកាសព័ត៌មានភ្លាមៗរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឲ្យដឹងថា ភាគីកម្ពុជាតាមរយៈលោក ឡាំ ជា ដែលជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រាប់ទៅភាគីថៃ ថា តំបន់ទាំង៤ដែលកម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លែងមានក្នុងរបៀបវារៈជជែកជាមួយថៃ តាមយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) តទៅទៀតហើយ។
កម្ពុជាប្រាប់ភាគីថៃ ថាអំណឹះតទៅ តំបន់ទាំង៤ដែលប្តឹងទៅ ICJ លែងត្រូវជជែកតាមយន្តការ JBC
ក្រៅពីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជានៅតែបន្តប្រកាន់ជំហរសហការជាមួយថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ។ តែសម្រាប់តំបន់ទាំង៤ខាងលើ កម្ពុជាបានប្រកាសជំហរប្រាប់ទៅភាគីថៃ ដោយដាច់ខាតថា កម្ពុជាលែងជជែក ដោះស្រាយ តាមយន្តការ JBC ជាមួយថៃទៀតឡើយ។
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រាប់សមភាគីថៃ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ថា កម្ពុជាបានរើសយកនីតិវិធីច្បាប់ ទោះបីជាថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងសំណុំរឿងតំបន់ទាំង៤ក៏ដោយ។ តែបើទោះជាក្នុងន័យនេះមែន លោក ឡាំ ជា ក៏បន្តស្នើឲ្យភាគីថៃចាប់ដៃកម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងបួន ក្នុងការធានាដល់ភាពយុត្តិធម៌ មិនលម្អៀង និងជាដំណោះស្រាយចប់ជាស្ថាពរសម្រាប់ប្រទេសទាំងពីរ។
យ៉ាងណាមិញ សេចក្តីប្រកាសព័ត៌មានពីភាគីកម្ពុជា មិនបានបញ្ជាក់ទេថា លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ បានឆ្លើយតបបែបណាខ្លះ ចំពោះការបញ្ជាក់ពីជំហរកម្ពុជាយ៉ាងច្បាស់ៗដូចនេះ។ ក៏ប៉ុន្តែសេចក្តីប្រកាសដដែលបានឲ្យដឹងថា ភាគីទាំងសងខាង បានអនុម័តលើរបៀបវារៈ៤ចំណុច ដែលទី១គឺពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JSBC) កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២៤។ ទី២ពិនិត្យនិងពិភាក្សាលើការកែសម្រួលលក្ខខណ្ឌប្រតិបត្តិ (TOR) ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទីអ័រតូហ្វូតូ។ ទី៣ពិភាក្សានិងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែន ដែលបានឯកភាពគ្នា។ និងទី៤ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector ៦ (ចំណុច IX នៃកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំពិសេស JBC ឆ្នាំ២០០៩)។

សូមបញ្ជាក់ថា កិច្ចប្រជុំគណកម្មាការចម្រុះព្រំដែន កម្ពុជា-ថៃចំនួន២ថ្ងៃនេះ ធ្វើឡើងក្នុងស្ថានភាពតឹងតែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងផ្ទុះឡើងជាថ្មី។ អ្នកតាមដានកិច្ចការនយោបាយនិងទំនាក់ទំនងអន្តរជាតិ យល់ថា កិច្ចប្រជុំថ្នាក់បច្ចេកទេស JBC គ្រាន់តែជាការប្រជុំដើម្បីពិនិត្យទៅវិញទៅមកនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះ។ លោក ស៊ឹម វិបុល សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ យល់ថា កិច្ចប្រជុំ JBC ពេលនេះ គ្រាន់ជាកម្រិតបច្ចេកទេស មិនមែនជាកម្រិតនយោបាយថ្នាក់ជាន់ខ្ពស់ទេ។ យ៉ាងណាក៏តាមគម្រោងភាគីកម្ពុជា និងថៃ អះអាងថានឹងមានរៀបចំកិច្ចប្រជុំ JBC ម្តងទៀតនៅក្នុងខែកញ្ញាខាងមុខ៕