កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
17/06/2025 – 09:12
ដោយ៖ សឹម ចាន់សំណាង
RFI
ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ បានជួបជាមួយបណ្តាអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ នៅក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីការវិវត្ត និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
ប្រមុខការទូតកម្ពុជាជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ
តាមព័ត៌មានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃអង្គារ ទី១៧ មិថុនានេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានពន្យល់ពីការវិវត្តនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់បណ្តាអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះ ប្រមុខការបរទេសកម្ពុជា បានរៀបរាប់ឡើងវិញ ពីសារបាននៃព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានចូលឈ្លានពាននៅលេណដ្ឋានកម្ពុជានៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងបណ្តាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ ក៏មានផងដែរ ការលើកឡើងពីវិធានការ និងសកម្មភាពជាឯកតោភាគីរបស់ថៃ ដូចជាការបំពាន និងគំរាមកំហែងមកលើកម្ពុជាដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែន ការផ្តាច់អ៊ីនធឺនែត និងឈប់ផ្គត់ផ្គង់អគ្គិសនីជាដើម។
យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះបញ្ជាក់ទៀតថា ដោយសារតែការបំពាន និងគំរាមរបស់ភាគីថៃយ៉ាងដូច្នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួនតាមរយៈ យោធា ការទូត និងផ្លូវច្បាប់។ លោក ប្រាក់ សុខុន ពន្យល់បន្ថែមថា វិធានការទាំងអម្បាលមាណ ដែលរដ្ឋាភិបាលកម្ពុជាដាក់ចេញនេះ គឺដើម្បីការពារនូវភាពយុត្តិធម៌ សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។
តាមលោក ប្រាក់ សុខុន ដដែល កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងខ្លួន ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តដល់កូនចៅជំនាន់ក្រោយ។ ក្នុងន័យនេះរដ្ឋមន្រ្តីការបទេសកម្ពុជាអះអាងថា កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព ដោយមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឲ្យនរណាយកដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រដែរ។
គួរកត់សម្គាល់ថា ជំនួបរបស់ប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតបរទេសនាពេលនេះ ហាក់មានយឺតយ៉ាវបន្តិច។ យឺតយ៉ាវក៏ព្រោះថាក្រោយការផ្ទុះអាវុធនៅតំបន់មុំបី យោធាថៃកាលពីថ្ងៃទី៩ មិថុនា បានជួប និងធ្វើបច្ចុប្បន្នភាពជាមួយតំណាងការពារជាតិមកពី ៤២ ប្រទេសស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបនោះ យោធាថៃបានចែករំលែកឯកសារផ្លូវការមួយចំនួន និងវិធានការសន្តិសុខ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងការទូតរបស់យោធារបស់ថៃ។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែមិថុនាម្សិលមិញ កម្ពុជាបានដាក់លិខិតផ្លូវការរបស់ខ្លួនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្នើសុំឲ្យ ICJ ជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
យ៉ាងណាមិញ លទ្ធភាពដែលថៃយល់ព្រមទៅដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជានៅICJ ហាក់មានភាពស្រពិចស្រពិល ដោយហេតុថាកន្លងមកនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ថា ថៃពុំទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ១៩៦០មកម្ល៉េះ៕