កម្ពុជា
កម្ពុជា-ថៃ-ព្រំដែន
21/06/2025 – 09:32
ដោយ៖ ជួប នរក្សា
RFI
ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យត្រលប់ទៅទីក្រុងបាងកកវិញជាបណ្តោះអាសន្ន ក្រោយពីការបែកធ្លាយកិច្ចសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation របស់ថៃ ដោយបន្ថែមថា ការកោះហៅនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ នោះឡើយ។
ថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួននៅកម្ពុជាឲ្យទៅបាងកកវិញជាបណ្តោះអាសន្ន
តាមសារព័ត៌មានThe Nation របស់ថៃដែលផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី២១មិថុនានេះ ក្រសួងការបរទេសថៃបានកោះហៅជាបន្ទាន់នូវឯកអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ លោក Tull Traisorat ឲ្យត្រលប់ទៅប្រទេសថៃវិញ ខណៈការកើនឡើងនៃភាពតានតឹងជម្លោះខ្មែរ-ថៃ ក្រោយពីការបែកធ្លាយកិច្ចសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។
តែក្រសួងការបទេសថៃបានបញ្ជាក់ថា នេះជាការអញ្ជើញឯកអគ្គរាជទូតរបស់ខ្លួនមកពិភាក្សាតាមទម្លាប់ការទូតជាធម្មតា មិនមែនជាផ្តាច់ទំនាក់ទំនងជាមួយកម្ពុជាឡើយ។ តាមសារព័ត៌មានរបស់ថៃ ក្រសួងការបរទេសថៃបានកោះហៅតែឯកអគ្គរាជទូតខ្លួនតែម្នាក់ប៉ុណ្ណោះ ឲ្យធ្វើដំណើរទៅទីក្រុងបាងកក ខណៈប្រតិបត្តិការនៃសា្ថនទូតថៃប្រចាំទីក្រុងភ្នំពេញនៅដំណើរការជាធម្មតា។
យ៉ាងណាក៏ដោយ សារព័ត៌មាន Thai PBS World បានផ្សាយថា ក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរាជទូតរបស់ពីកម្ពុជានៅថ្ងៃទី២១ ខែមិថុនានេះ ដើម្បីប្រគល់លិខិតតវ៉ាពាក់ព័ន្ធនឹងការបែកធ្លាយការសន្ទនាឯកជនរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានព្រឹទ្ធសភា កម្ពុជា។
ប៉ុន្តែក្រសួងការបរទេសកម្ពុជានៅមិនទាន់មានការឆ្លើយតបបែបណាចំពោះការដែលក្រសួងការបរទេសថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួនឲ្យត្រលប់ទៅទីក្រុងបាងកកវិញនៅពេលនេះទេ។
គួរឲ្យដឹងថា ការកោះហៅឯកអគ្គរាជទូតរបស់ខ្លួនឲ្យត្រលប់ទៅប្រទេសថៃជាបណ្តោះអាសន្ននេះ ធ្វើឡើងក្នុងពេលកម្ពុជា-ថៃ កំពុងមានភាពតានតឹងខ្លាំងនៃបញ្ហាព្រំដែនប្រទេសទាំងពីរ។ ការកោះហៅនេះទៀតសោត គឺបន្ទាប់ពីស្ថានភាពនយោបាយថៃកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយការបែកធ្លាយខ្លឹមសារកិច្ចសន្ទនារវាងប្រមុខរដ្ឋាភិបាលថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលនិយាយអំពីការសម្រួលស្ថានការណ៍ប្រឈមដាក់គ្នានៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបែកធ្លាយកាលពីថ្ងៃទី១៨មិថុនា ត្រូវបានក្រសួងការបរទេសថៃដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៩មិថុនា។ ក្រសួងការបរទេសថៃអះអាងថា ការបញ្ចេញសារសន្ទនានេះ គឺមិនអាចទទួលយកបាន ដោយចោទថា ការបែកធ្លាយសំឡេងសន្ទនានេះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងទំនុកចិត្តជាអន្តរជាតិ៕