អតីត​ប្រធាន​រដ្ឋបាល​រោងចក្រ​តេយ៉ុង​ត្រូវ​​គេ​គំរាម​សម្លាប់

ពុធ 13 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

តាម​សហជីព​សេរីកម្មករ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ផុន បូរ៉ាណែត អតីត​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​តេយ៉ុង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បុរី​កម្មករ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដែល​ទើប​ត្រូវ​បញ្ឈប់ កំពុង​តែ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ព្រោះ​តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​កាល​ពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​១៣ ខែ​មិថុនា។

ក្នុង​ពាក្យ​បណ្តឹង​ដាក់​ទៅ​កាន់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បែកចាន លោក ផុន បូរ៉ាណែត បាន​រៀបរាប់​ថា កាល​ពី​វេលា​ម៉ោង ០០ និង​២៨​នាទី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១២ មាន​ជន​មិន​ស្គាល់​មុខ​បាន​ទូរស័ព្ទ​មក​លោក ដោយ​ប្រើ​លេខ 0883827719 ហើយ​បាន​និយាយ​ថា «អ្ហែង​ប្រយ័ត្ន​ងាប់ … អ្ហែង​ចាំ​តែ​ងាប់​ទៅ អញ​នៅ​ក្បែរ​នេះ​ទេ»។ មួយ​សន្ទុះ​ក្រោយ​មក ក៏​មាន​មនុស្ស​ប្រុស​ចំនួន​២នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ពី​មុខ​ផ្ទះ​របស់​លោក​ដោយ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង ហើយ​បាន​គំរាម​ថា «ប្រយ័ត្ន​ងាប់»។

គួរ​រំលឹក​ថា លោក ផុន បូរ៉ាណែត ត្រូវ​បាន​រោងចក្រ​តេយ៉ុង​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ពុំ​មាន​មូល​ហេតុ ដែល​វា​បាន​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ប្រមាណ​៦០០នាក់​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ទាមទារ​ឲ្យ​អតីត​ប្រធាន​រដ្ឋបាល​រូប​នេះ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ៕

What Next?

Recent Articles