ថ្ងៃទី 20 មិថុនា 2012
ដោយ: កូឡាប
CEN
ភ្នំពេញ: យោងតាមជំពូកទី១៣ នៃច្បាប់ស្ដីពីការងារ សម្ព័ន្ធសហជីពកម្ពុជា របស់អ្នកស្រី យ៉ាង សុភ័ណ្ឌ បានចេញសេចក្តីជូនដំណឹងដល់លោកនាយកក្រុមហ៊ុនកាត់ដេរ តៃយ៉ាង ស្តីពីការសុំធ្វើកូដកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ ដើម្បីទាមទារលក្ខខណ្ឌចំនួន៥ចំណុច។
សេចក្តីប្រកាសនៅព្រឹកថ្ងៃទី២០មិថុនា ឆ្នាំ២០១២ បង្ហាញថា កម្មករ កម្មការិនីប្រមាណ ៤.០០០ នាក់ បានធ្វើការទាមទារ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានដំណោះស្រាយពីក្រុមហ៊ុននៅឡើយ។
សម្ព័ន្ធសហជីពកម្ពុជា បានប្រកាសទុកពេលវេលាឱ្យក្រុមហ៊ុន និងក្រសួងការងារដោះស្រាយជូនកម្មករ រហូតដល់ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១២ បើគ្មានដំណោះស្រាយទេ កូដកម្មដោយសន្ដិវិធីនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ ដើម្បីទាមទារឱ្យក្រុមហ៊ុនកាត់ដេរ តៃយ៉ាង ដោះស្រាយជូនកម្មករ និយោជិត មានដូចខាងក្រោម៖
១-សុំឲ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ចំពោះការប្ដូរឈ្មោះក្រុមហ៊ុន
២-សុំឲ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន១៥ដុល្លារ ក្នុងមួយខែ
៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀងទាត់ចំនួន ១៥ដុល្លារ ក្នុងមួយខែ
៤-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន ១៥ដុល្លារ ក្នុងមួយខែ
៥-សុំឱ្យក្រុមហ៊ុនកុំយកមុខតំណែង និងបច្ចេកទេសមកទូទាត់នូវរាល់ពេលកម្មករ និយោជិត និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពី៣ថ្ងៃឡើងទៅ៕ S