អ្នក​លក់​ដូរ​នៅ​ផ្សារ​ក្រុង​ស្ទឹងត្រែង​ថា ប្រធាន​ផ្សារ​គាប​សង្កត់

ដោយ រដ្ឋា វីសាល
2012-07-01
​វិទ្យុ​អាស៊ីសេរី

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​ក្រុង​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួក​គាត់ ដែល​បាត់បង់​ទីតាំង​លក់​ដូរ​ដោយសារ​តែ​អ្នក​គ្រប់គ្រង​ផ្សារ ប្រើ​អំណាច​បង្ខំ​ឲ្យ​អាជីវករ​បង់​ប្រាក់​ទីតាំង​លក់​ដូរ​លើស​ការ​កំណត់។

ក្រុម​អាជីករ​អះអាង​ថា បាន​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ជូន​អាជ្ញាធរ​ក្រុង​ច្រើន​លើក​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​អាជីវករ​បាន​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​លក់​នំ​ចំណី​នៅ​ក្រៅ​បរិវេណ​ផ្សារ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អាទិត្យ​ទី​១ ខែ​កក្កដា ឆ្នាំ ២០១២ ចោទ​ប្រកាន់​អ្នក​គ្រប់គ្រង​ផ្សារ​ថា បាន​គាប​សង្កត់ និង​បណ្ដេញ​អ្នក​លក់​ដូរ មិន​ឲ្យ​លក់​ ប្រសិន​អាជីវករ​ណា​មួយ​មិន​ព្រម​បង់​ប្រាក់​ទីតាំង​លក់​ដូរ​តាម​ការ​កំណត់​ទៅ​ឲ្យ​បុគ្គលិក​ផ្សារ។

អ្នក​លក់​ទឹក​អំពៅ ឈ្មោះ ថៃ ថន មាន​ប្រសាសន៍​បញ្ជាក់​ថា ពួក​គាត់​មាន​រទេះ​រុញ​ធុង​លក់​ទឹក​អំពៅ លក់​នៅ​ក្រៅ​បរិវេណ​ផ្សារ។ ក៏​ប៉ុន្តែ ក្រុម​បុគ្គលិក​ផ្សារ​បាន​តម្រូវ​ឲ្យ​គាត់​បង់​ប្រាក់​ទីតាំង ៥ ម៉ឺន​រៀល​ក្នុង​មួយ​ខែ បង់​ថ្លៃ​ភាស៊ី ៥០០​រៀល និង​ថ្លៃ​អនាម័យ ២០០ រៀល ក្នុង​មួយ​ថ្ងៃ​ថែម​ទៀត។

គាត់​បន្ត​ថា នៅ​រដូវ​វស្សា​ភ្លៀង​ធ្លាក់​ច្រើន ក្រុម​អ្នក​លក់​ដូរ​លក់​មិន​ដាច់។ ហេតុ​នេះ អ្នក​លក់​ដូរ​សុំ​ឲ្យ​បុគ្គលិក​ផ្សារ​បន្ថយ​តម្លៃ​ទី​តាំង​ត្រឹម ២ ម៉ឺន​រៀល​ប្រចាំ​ខែ។ ក៏​ប៉ុន្តែ​បុគ្គលិក​ផ្សារ​មិន​យល់​ព្រម និង​គាប​សង្កត់​ចាប់​យក​រទេះ​ធុង​ទឹក​អំពៅ ហើយ​បណ្ដេញ​ពួក​គាត់​មិន​ឲ្យ​លក់​នៅ​ទីតាំង​នោះ​បាន​តទៅ​ទៀត។

អ្នក​លក់​ទឹក​អំពៅ ថៃ ថន៖ «តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​ខឿន​ផ្សារ​របស់​គាត់ៗ ពុះ​ប្លង់​លក់​ក្នុង​មួយ​កន្លែង​មាន ១០ ម៉ឺន​រៀល មាន ៥ ម៉ឺន​រៀល ៧ ម៉ឺន​រៀល ៨ ម៉ឺន​រៀល រួច​ហើយ​បង់​ខែ​ឲ្យ​គាត់​ផ្សេង​ទៀត មាន​ចាប់​តាំង​ពី ១ ម៉ឺន​ដល់ ៨ ម៉ឺន​រៀល​ភាស៊ី​ហ្នឹង។ អនាម័យ គឺ​គាត់​យក​តាម​ធម្មតា​រាល់​ថ្ងៃ។ បើ​សិន​គាត់​តវ៉ា​ទៅ​គេ​មិន​ឲ្យ​គាត់​លក់​តាម​ចិញ្ចើម​ផ្លូវ​តទៅ​ទៀត»។

ដូច​គ្នា​នេះ​ដែរ ស្ត្រី​អ្នក​លក់​ទឹក​អំពៅ​ម្នាក់​ទៀត​ឈ្មោះ សេង សុខណា ឲ្យ​ដឹង​ដែរ​ថា ពួក​គាត់​កំពុង​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​គ្មាន​ទីតាំង​លក់​ដូរ ហើយ​ពាក្យ​ប្ដឹង​តវ៉ា​របស់​គាត់​ទៅ​អាជ្ញាធរ​ក្រុង មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ។

លោកស្រី សេង សុខណា៖ «យើង​ទៅ​លក់​បាន​ត្រឹម​តែ ១ ម៉ឺន ២ ម៉ឺន គ្រាន់​តែ​ចិញ្ចឹម​ឆ្នាំង​បាយ។ តែ​ដល់​គាត់​កំរិត​លើស​កំរិត​អ៊ីចឹង ពួក​ខ្ញុំ​រត់​មិន​រួច។ ខ្ញុំ​ក៏​ចង់​ឲ្យ​បាន​ឮ ហើយ​ក៏​ខ្ញុំ​សុំ​អំពាវនាវ​ដល់​សម្តេច​តេជោ ហ៊ុន សែន សុំ​ឲ្យ​លោក​ជួយ​រក​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ នៅ​ខេត្ត​ស្ទឹងត្រែង​ផង»។

ប្រធាន​ផ្សារ​ស្ទឹងត្រែង លោក សែ ម៉េងគា បដិសេធ​ថា លោក​មិន​បាន​គាប​សង្កត់​អ្វី​មក​លើ​ក្រុម​អាជីវករ​នោះ​ទេ។ ប៉ុន្តែ ក្រុម​អាជីវករ​បាន​លក់​ដូរ​នៅ​ក្រៅ​បរិវេណ​ផ្សារ ហើយ​ចោល​កាក​សំណល់​នៅ​ទី​នោះ។ ហេតុ​នេះ​បុគ្គលិក​ផ្សារ​ជា​អ្នក​រៀបចំ​អនាម័យ ដឹក​ជញ្ជូន​កាក​សំណល់​ត្រូវ​ចំណាយ​ប្រាក់​ឈ្នួល​លើ​កម្មករ។ ដូច្នេះ ក្រុម​អាជីវករ​អ្នក​លក់​ដូរ​ត្រូវ​តែ​បង់​ប្រាក់​សំរាប់​សេវាកម្ម​សំអាត​ទីតាំង​លក់​ដូរ​នោះ។

លោក សែ ម៉េងគា៖ «ឲ្យ​តែ​ចប់​ឆ្នាំ ២០១២ នេះ​ខ្ញុំ​សារ​រោង​ហើយ។ ខ្ញុំ​នៅ​មិន​កើត​ទេ។ យើង​ប្រមូល​ចំណូល​មិន​បាន​ហើយ មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី។ បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​មិន​បាន​យល់​ពី​សន្តាន​ចិត្ត​របស់​យើង។ គាត់​ដឹង​តែ​ចាប់​យើង​ទេ»។

បុគ្គលិក​ផ្នែក​អង្កេត​សមាគម អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បាន​បញ្ជាក់​ថា សមាគម​លោក បាន​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​ក្រុម​អាជីវករ​ជូន​សាលាក្រុង​ស្ទឹង​ត្រែង ដើម្បី​ជួយ​ដោះស្រាយ​សំណើ​របស់​អាជីវករ។ ប៉ុន្តែ លោក​មិន​បាន​ដឹង​ថា តើ​អាជ្ញាធរ​ក្រុង​ចាត់​វិធានការ​​បែប​ណា​នោះ​ទេ។

លោក​កត់​សំគាល់​ថា ជំលោះ​បាន​កើត​មាន​ច្រើន​ករណី​រវាង​បុគ្គលិក​ផ្សារ និង​ក្រុម​អាជីវករ។ ហេតុ​នេះ លោក​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ធ្វើ​ការ​ត្រួត​ពិនិត្យ​ករណី​នេះ។

លោក ហូ សំអុល៖ «យើង​ចង់​ឲ្យ​គេ​ពិនិត្យ​មើល​ទៅ​លើ​បុគ្គល​ជា​ប្រធាន​ផ្សារ​ហ្នឹង ព្រោះ​ជា​រឿយៗ ប្រជា​ពលរដ្ឋ​ច្រើន​មក​ត្អូញត្អែរ​កន្លែង​ខ្ញុំ​ថា មាន​ការ​គាប​សង្កត់​ពី​សំណាក់​ប្រធាន​ផ្សារ​ថ្មី»។

អភិបាល​រង​ក្រុង​ស្ទឹងត្រែង លោក កៅ ធឿម ទទួល​ស្គាល់​ថា មាន​ក្រុម​អាជីវករ​ច្រើន​នាក់​បាន​ប្ដឹង​មក​សាលាក្រុង​ស្ដី​ពី​ការ​គាប​សង្កត់ និង​ទារ​ប្រាក់​ខុស​គោលការណ៍​របស់​អ្នក​គ្រប់គ្រង​ផ្សារ។

លោក​បន្ត​ថា ប្រធាន​ផ្សារ​មិន​ទទួល​យក​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ក្រុង​ទេ ហើយ​អាជ្ញាធរ​ក្រុង​មាន​សិទ្ធិ​តិចតួច​លើ​ការងារ​គ្រប់គ្រង​ទីផ្សារ​នេះ។

លោក កៅ ធឿម៖ «ក្រុង​ក៏​បាន​ហៅ​ប្រធាន​ផ្សារ​ហ្នឹង​មក​សម្របសម្រួល​ដែរ ធ្វើ​ម៉េច​អនុវត្ត​តាម​សៀវភៅ​បន្ទុក​ទៅ។ គាប​សង្កត់​ប្រជា​ពលរដ្ឋ​វា​ខូច​គោល​នយោបាយ។ខ្ញុំ​ឈ្លោះ​គ្នា​ច្រើន​ដង​ហើយ ជា​មួយ​ប្រធាន​ផ្សារ​ហ្នឹង មិន​ត្រឹម​តែ​យក​ថ្លៃ​ទេ យក​របស់​របរ​គេ​ទៀត»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត ដើម្បី​អធិប្បាយ​ពី​បញ្ហា​ជំលោះ​នៅ​ផ្សារ​ក្រុង​ស្ទឹងត្រែង​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​ទី​១ ខែ​កក្កដា​នេះ។

ផ្សារ​ស្ទឹងត្រែង មាន​ទំហំ​មួយ​គីឡូម៉ែត្រ​ក្រឡា ជា​ផ្សារ​មាន​ទំហំ​តូច។ ច្រើន​ឆ្នាំ​មក​នេះ ជំលោះ​ទាក់ទិន​ទី​តាំង​លក់​ដូរ​នេះ បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ការ​លក់​ដូរ​លើ​ទ្រូង​ថ្នល់​ជុំវិញ​ផ្សារ​បាន​បង្ក​ហើយ​មាន​បញ្ហា​ចោល​កាក​សំណល់​ស្អុយ​រលួយ ខ្វះ​អនាម័យ និង​បញ្ហា​បរិស្ថាន។

រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​អាជីវករ​មួយ​ចំនួន​បាន​យក​ដី​សួន​នៅ​ខាង​មុខ​ផ្សារ​បង្កើត​ជា​ផ្សារ​តូច​មួយ​ទីតាំង​ទៀត ដើម្បី​លក់​ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles