ថ្ងៃទី 2 កក្កដា 2012
ដោយ: គ្រីទិច
CEN
ភ្នំពេញ: លោកអគ្គរដ្ឋទូតអាមេរិក គ្រោងនឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃស្អែកខាងមុខនេះ ដើម្បីណែនាំខ្លួនលោកដែលបានមកធ្វើជាអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេរំពឹងថា នឹងសម្តែងការគាំទ្ររបស់លោកចំពោះកម្ពុជា ក្នុងនាមអាស៊ាន និងពិភាក្សាទៅលើបញ្ហាមួយចំនួនដែលទាក់ទងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅពេលខាងមុខនេះ។
នៅក្នុងអត្ថបទប្រចាំសប្តាហ៍របស់លោកជាមួយវេបសាយ CEN លោក វីលៀម និយាយថា យើងមានកិត្តិយសសូមគាំទ្រប្រទេសកម្ពុជា ក្នុងការដើរតួនាទីជាប្រធាន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ហើយយើងរំពឹងដោយរីករាយដល់ការមកដល់ក្នុងពេលខាងមុខនេះ របស់លោកស្រី Clinton រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងវេទិកាតំបន់អាស៊ាននៅថ្ងៃទី១២ ខែកក្កដា។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកស្រីរដ្ឋមន្ត្រី Clinton ក៏នឹងចូលរួមផងដែរក្នុងពិធីចំនួនពីរដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅខេត្តសៀមរាប។ ពិធីទីមួយគឺការពិភាក្សាលើគោលនយោបាយផ្តល់ សិទ្ធិអំណាចសំរាប់ស្ត្រី និងសមភាពជេនឌ័រក្នុងគំរោងស្តីពីគំនិតផ្តួចផ្តើមអនុតំបន់ ទន្លេមេគង្គ ដែលនឹងមានការចូលរួមនៃមេដឹកនាំមកពីទូទាំង តំបន់ ដើម្បីចែករំលែកការអនុវត្តល្អៗក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី។ ពិធីទី ២ គឺវេទិកាជំនួញអាមេរិក អាស៊ាន ដែលនឹងមានការចូលរួមរបស់មេដឹកនាំក្រុមហ៊ុន និងរដ្ឋាភិបាលរបស់ប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សានិងដោះស្រាយឱកាស និងបញ្ហាប្រឈម ដែលនឹងកំណត់សហប្រតិបត្តិការសេដ្ឋកិច្ចនៅពេល អនាគតរវាងសហរដ្ឋអាមេរិក និងអាស៊ាន។ ពេលនេះពិតជាពេលគួរឲ្យរំភើបសំរាប់ព្រះរាជាណាចក្រកម្ពុជា ហើយសហរដ្ឋអាមេរិកមានមោទនភាពក្នុងការមានចំណែកមួយក្នុងរឿងនេះ។
លោកទូតក៏បាននិយាយផងដែរថា អ្នកតវ៉ានៅបឹងកក់ត្រូវបានដោះលែងពីពន្ធនាគារនៅសប្តាហ៍មុន។ យើងចាត់ទុកការដោះលែងនេះថា ជាសញ្ញាវិជ្ជមានមួយ នៃការគាំទ្រសេរីភាព ក្នុងការបញ្ចេញមតិ និងនីតិរដ្ឋ ហើយយើងសង្ឃឹមថា ទៅអនាគតជម្លោះដីធ្លីបែបនេះ នឹងត្រូវបានដោះស្រាយតាមលក្ខណៈឯករាជ្យ និងតម្លាភាព ដែលសាធារណជន អាចយល់បានច្បាស់៕