Written by ភ្នំពេញដេលីញូវ
Sunday, 01 July 2012
តាមតួលេខ របស់អង្គការ សុខភាព ពិភពលោក (WHO) បានឱ្យ ដឹងថា នៅប្រទេស កម្ពុជា មនុស្សស្លាប់ ដោយការ ជក់បារី មានចំនួន មួយម៉ឺននាក់ ? នេះជាតួលេខ មួយ ដែលធ្វើឱ្យ មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ? ហើយក៏បាន ធ្វើឱ្យ មានចម្ងល់ ជា ច្រើន ។
ប្រជាពលរដ្ឋខ្មែរ ទូទៅ អ្នកដែលមិន ចេះជក់បារី ភាគច្រើន គឺជាអ្នក នៅទីក្រុង និង នៅតាមទី ប្រជុំជននានា ចំណែក ប្រជាពលរដ្ឋ ឬ ប្រជាកសិករ នៅតាមតំបន់ ជនបទ ស្រុកស្រែចម្ការ ភាគច្រើន សុទ្ធតែជក់បារី ដែលវាបាន ក្លាយទៅជា ទម្លាប់របស់ ពួកគាត់ ទៅហើយ ។ មានអ្នកខ្លះ នៅពេល ញ្ញៀនបារី ខ្លាំងពេក គាត់សុខចិត្ត អត់បាយ វាប្រសើរជាង មិនបាន ជក់បារី ។
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ នាយក គ្រប់គ្រងកម្មវិធី ផ្តួចផ្តើម គ្មានថ្នាំជក់ និង ការលើកកម្ពស់ សុខភាព របស់អង្គការ សុខភាព ពិភពលោក បានមាន ប្រសាសន៍ថា “ការជក់បារី ធ្វើឱ្យប៉ះពាល់ ដល់សុខភាព យ៉ាងធ្ងន់ ដូចជាកើត ជំងឺ មហារីកសួត ជំងឺ ហើមសួត ជំងឺ រលាកទងសួត និង ធ្វើឱ្យ ប៉ះពាល់ ដល់ សរសៃឈាម ក្នុងខួរក្បាល ។ ក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ ក៏មាន ប្រជាពលរដ្ឋ កម្ពុជា ចំនួន សាមសិបនាក់ បានស្លាប់ ដោយសារ ជំងឺមកពី ការជក់បារី និង ការប្រើប្រាស់ ថ្នាំជក់ ។ អ្នកដែល បាន ស្លាប់ដោយសារ តែជំងឺកើត មកពីការ ជក់បារី នោះគឺមាន អាយុចាប់ពី សាមសិបឆ្នាំ ឡើងទៅ” ។
បើទោះបីជា មានអង្គការ សុខភាព មួយចំនួន បានទៅផ្សព្វផ្សាយ នៅតាមតំបន់ ជនបទ ស្រុកស្រែចម្ការ ដើម្បីពន្យល់ ឬ ហាមប្រាម ប្រជាពលរដ្ឋ មិនឱ្យ ជក់បារីដែល នាំ ឱ្យខូច សុខភាព យ៉ាងណាក្តី ប៉ុន្តែ ប្រជាពលរដ្ឋ នៅតាមជន បទភាគច្រើន មិនបាន ចាប់អារម្មណ៍ ក្នុងការឈប់ ជក់បារីឡើយ ដោយពួកគាត់ បាននិយាយថា “ចាស់ៗ នៅក្នុង ស្រុកភូមិគាត់ មួយចំនួន បានជក់បារី រហូតដល់ អាយុចិតសិប ទៅប៉ែតសិបឆ្នាំ ហើយនៅតែ មិនឃើញ ពួកគាត់មាន ជំងឺតម្កាត់អ្វីផង ឃើញតែ សុខភាព របស់ ពួកគាត់ នៅរឹងមាំដដែល មិន ដែល ឃើញមាន ជំងឺអ្វីកើតឡើង ដល់ពួកគាត់ ផង” ។

លោក សុខ រុន ជាអ្នក រត់ម៉ូតូឌុប ម្នាក់នៅ ក្នុងទីក្រុង ភ្នំពេញ មានស្រុកកំណើត នៅភូមិអន្លង់ អក ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម បានមាន ប្រសាសន៍ថា “ខ្ញុំចេះជក់បារី តាំងពីខ្ញុំមាន អាយុដប់ឆ្នាំ មកម៉្លេះ រហូតមកដល់ ពេលនេះ ខ្ញុំមានអាយុ ហាសិបប្រាំឆ្នាំ ហើយ ខ្ញុំចេះជក់បារី តាម ឪពុករបស់ខ្ញុំ ។ កាលពីនៅតូច ខ្ញុំបានឃើញ ឪពុកខ្ញុំ ជក់បារី មើលទៅគាត់ ជក់បារី ឆ្ងាញ្ញ់ណាស់ ហើយខ្ញុំបាន សុំបារីគាត់ មួយដើម ដើម្បីជក់ សាកមើល៍ ។
ចាប់តាំងពី ពេលនោះមក ឱ្យតែគាត់ ទុកកញ្ចប់បារី ប្រហែសបន្តិច ខ្ញុំតែងតែ លួចបារី របស់គាត់ មួយដើមៗ យក មកជក់រហូត ហើយខ្ញុំបាន ជក់វារហូត មកដល់ បច្ចុប្បន្ននេះ ។ បារីដែលខ្ញុំ ជក់រាល់ថ្ងៃ នេះ គឺបារីរូបសេក ព្រោះវាធូរថ្លៃ ហើយខ្លាំង មាន ជាតិថ្នាំ ជក់ច្រើន ក្នុងមួយថ្ងៃ ខ្ញុំជក់បារី អស់ចំនួន មួយកញ្ចប់ បើគិតជា ប្រាក់អស់ចំនួន មួយពាន់ប្រាំ រយរៀល ក្នុងមួយថ្ងៃ ។ ការជក់បារីនេះ វាមិនឆ្ងាញ្ញ់ នោះទេ ប៉ុន្តែវាគ្រាន់ កែការ អផ្សុកដែរ ។ ធ្លាប់ជក់ ដូច្នេះខានជក់ មួយថ្ងៃ រសាប់រសល់ ទ្រាំមិនបាន នោះទេ គឺត្រូវតែរក ប្រាក់ទិញបារី តែបើគ្មានប្រាក់ សុខចិត្តខ្ចី ប្រាក់គេ ដើម្បីយកមក ទិញបារីជក់ ។ រាល់ ថ្ងៃនេះ ប្រពន្ធចេះតែ ឱ្យខ្ញុំឈប់ ជក់បារីដែរ ប៉ុន្តែខ្ញុំ ផ្តាច់មិន ទាន់បាន តែទោះជា យ៉ាងណាខ្ញុំ នឹងព្យាយាម កាត់បន្ថយ ការជក់បារី ដើម្បីឈានទៅ រកការផ្តាច់ ជក់បារី តែម្តង” ។

លោក នួន សុវណ្ណធី មានស្រុក កំណើត នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្ត ស្វាយរៀង ជាអ្នករត់ម៉ូតូកង់បី ក្នុងទីក្រុងភ្នំពេញ បាននិយាយ អំពីការ ជក់បារីនេះថា “ខ្ញុំចេះជក់បារី តាំងពីខ្ញុំ មានអាយុ ដប់ប្រាំឆ្នាំ មកម៉្លេះ រហូតមកដល់ បច្ចុប្បន្ននេះ ខ្ញុំមានអាយុ ហាសិបបីឆ្នាំ ហើយ ខ្ញុំបានជក់ បារីរហូត ចាប់តាំងពី ជក់បារី មក ខ្ញុំមិនដែល មានជំងឺ ចូលទៅ មន្ទីរពេទ្យទេ ។ ខ្ញុំផ្តាច់បារី មិនបាននោះទេ ខានជក់បារី មួយព្រឹក ខ្ញុំជូរមាត់ណាស់ ពិសេសពេល បាយហើយ ខ្ញុំតែង ជក់បារី ជា និច្ច ។ តាមធម្មតា ក្នុងមួយថ្ងៃ ខ្ញុំជក់បារីអស់ មួយកញ្ចប់ ប៉ុន្តែបើមាន កម្មវិធីផ្សេងៗ ខ្ញុំជក់បារីអស់ ពីរកញ្ចប់ក្នុង មួយថ្ងៃ ហើយខ្ញុំមិនដែល មានជំងឺ ដោយសារការ ជក់បារីឡើយ” ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅ ក្នុងទីក្រុង ភ្នំពេញ មានការយល់ដឹង ច្រើនអំពីផល ប៉ះពាល់ ដោយសារការ ជក់បារីនេះ ហើយប្រជាពលរដ្ឋ ដែលធ្លាប់ តែជក់បារី កាលពី ពេលមុន ឥឡូវនេះ ពួកគាត់បាន ឈប់ជក់បារី ស្ទើរតែគ្រប់គ្នា ទៅហើយ ។ លោក ម៉ៅ និង មិត្តភក្តិជា កម្មករសំណង់ ដទៃទៀតបាន នាំគ្នាអង្គុយ ជក់បារី បង្ហុយផ្សែង ទ្រលោម នៅលើចិញ្ចើមផ្លូវ ក្បែររបង អគ្គនាយកដ្ឋាន ព័ស្តុភារនគរបាល នៃក្រសួងមហាផ្ទៃ ដោយពួកគាត់ បាននិយាយ ប្រាប់អ្នកយក ព័ត៌មាន របស់ “ប្រជាប្រិយ” ថា “នៅពេល សម្រាក ពីការងារ ខ្ញុំតែង តែនាំគ្នាអង្គុយ ជក់បារី កន្លងមកខ្ញុំធ្លាប់ ឃើញរូបភាព គេផ្សព្វផ្សាយ អំពីការជក់បារី ធ្វើឱ្យខូចសួត ដោយផ្សែង របស់វា ទៅស៊ីសួត ឡើងសុស ។ ពេលឃើញ រូបភាពនោះ ភ្លាម ខ្ញុំមានអារម្មណ៍ ខ្លាចដែរ ប៉ុន្តែមិនដឹង ធ្វើ យ៉ាងម៉េច បើអត់បារី មិនបាន មានពេលខ្លះ ខ្ញុំជក់បារី មិនហូបបាយ ក៏មានដែរ ។ ខ្ញុំចេះជក់បារី តាំងពី អាយុ ប្រាំបួនឆ្នាំ ឬ ដប់ឆ្នាំមកម៉្លេះ” ។
បើយោងតាម តួលេខនៅក្នុង របាយការណ៍ របស់អង្គការ សុខភាព ពិភពលោក ប្រចាំនៅ ប្រទេស កម្ពុជា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅលើ ពិភពលោក មានមនុស្សស្លាប់ ដោយការ ប្រើប្រាស់ ថ្នាំជក់ ចំនួន ប្រាំមួយលាននាក់ និង ប្រាំមួយសែន នាក់ ផ្សេងទៀត បាន ស្លាប់ដោយសារ ការស្រូបផ្សែង បារីពីគេ ។ ដោយឡែក សម្រាប់ ប្រទេសកម្ពុជា មានមនុស្ស ស្លាប់ចំនួន មួយម៉ឺននាក់ ហើយថា ការជក់បារី ធ្វើឱ្យកើតជំងឺ មហារីកសួត ជំងឺលើស ឈាម គ្រោះថ្នាក់ដល់ សរសៃឈាម ក្នុងខួរក្បាល ជំងឺ បេះដូង ហើមសួត រលាកទងសួត ជាដើម ។ ប្រជាពលរដ្ឋ កម្ពុជាម្នាក់ៗ បានចំណាយ ប្រាក់ចំនួន មួយម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីព្យាបាល ជំងឺដែល បង្កឡើងពី ការប្រើ ប្រាស់ថ្នាំជក់ ។ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ កម្ពុជា ចំនួន ពីរលាននាក់ ជា អ្នកជក់បារី និង ប្រើប្រាស់ ថ្នាំជក់ ក្នុងនោះ មានបុរស ចំនួន ៤២,៥ ភាគរយ ស្ត្រីជក់បារី ចំនួន ៣,៥ ភាគរយ និង អ្នកចុកថ្នាំ ចំនួន ប្រហែល ១៤ ភាគរយ ។ អ្នកប្រើប្រាស់ ថ្នាំជក់ ទាំងអស់នោះ មានអាយុចាប់ពី ដប់ប្រាំបីឆ្នាំ ឡើងទៅ ៕

ដោយសារបារីវាឆ្ញាញ់ខ្លាំងណាស់បានជាគេមិនព្រមឈប់ជក់
អ្នកមានតួនាទីរកចំណូលបានមិនចង់លាលែងពីតំណេងពីព្រោះ
តែវាឆ្ងាញ់ជាមួយការងារនោះដែរ ឯអ្នកប្រព្រឹតពុករលួយវាឆ្ងាញ់
ខ្លាំងណាស់ដែរបានមិនព្រមឈប់ប្រព្រឹត្ត សុខចិត្តស្លាប់
អោយតែបានឆ្ងាញ់ ពីព្រោះមនុស្សលែងស្គាល់បុណ្យបាប
លែងខ្លាចបាត់បង់កិត្តិយសអ្វីទាំងអស់ ។ ភាពក្រីក្រ
ភាពទល់ច្រកមនុស្សលែងចេះជួយគ្នា នាំគ្នាជក់បារី
កំដរជីវិតគិតអ្វីក៏មិនបានការ អ្នកចេះដឹងបានធ្វើធំៗ គេមិនគោរពច្បាប់
ផង អ្នកក្រអស់សង្ឃឹមជក់បារីកំដរជីវិត ពីព្រោះជីវិតគង់តែស្លាប់ដូចតែគ្នា ៕