ថ្ងៃ ចន្ទ 02 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានប្រជុំផ្សព្វផ្សាយគម្រោងធ្វើមហាកូដកម្មអហិង្សាដ៏ធំមួយនៅខែសីហាខាងមុខ។ តាមលោក ជា មុនី កូដកម្មដ៏ធំនោះនឹងធ្វើឡើងទូទាំងប្រទេសតាមការគ្រោងទុកបើសិនជាការចរចាដំឡើងប្រាក់បន្ទាប់បន្សំដល់កម្មករដូចជាថ្លៃឈ្នួលឡាននិងថ្លៃស្នាក់នៅ ។ល។ និង។ល។ នៅថ្ងៃទី១១កក្កដាខាងមុខមិនត្រូវរ៉ូវគ្នា។ កិច្ចប្រជុំនៅថ្ងៃទី១១កក្កដានឹងធ្វើឡើងក្នុងនាមក្រុមប្រឹក្សាការងារដែលមានការចូលរួមពីតំណាងរដ្ឋាភិបាលដឹកនាំដោយក្រសួងការងារសហជីពតំណាងកម្មករនិងភាគីថៅកែរោងចក្រកាត់ដេរ។

លោក ជា មុនី ប្រធានសហជីពសេរិកម្មករនៃព្រះរាជាណាចក្រកម្ពុជាផ្សព្វផ្សាយគម្រោងមហាបាតុកម្មអហិង្សាមួយនៅខែសីហាខាងមុខ
RFI/Ly Meng Hour
កិចច្ចប្រជុំ កាលពីថ្ងៃអាទិត្យម្សិលមិញ ត្រូវបានធ្វើឡើង ក្នុងក្របខណ្ឌសហជីពសេរីកម្មកររបស់លោក ជា មុនី ជាមួយសមាជិកមកពីបណ្ដារោងចក្រ ដែលតំណាងឲ្យកម្មករកាត់ដេរជាង ១០ម៉ឺននាក់។
កិច្ចប្រជុំ បានសម្រេចថា កូដកម្មទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នឹងធ្វើឡើង ប្រសិនបើកិច្ចប្រជុំចរចាត្រីភាគីនៅថ្ងៃទី១១កក្កដា សប្តាហ៍ក្រោយ រវាងក្រសួងការងារ សហជីពតំណាងកម្មករ និងសមាគមតំណាងរោងចក្រកាត់ដេរ ចរចាមិនត្រូវរ៉ូវគ្នា។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាការសម្រេចចិត្ត របស់សហជីពសេរីកម្មករ ក្នុងការដឹកនាំធ្វើកូដកម្មទ្រង់ទ្រាយធំ នៅខែសីហា បានធ្វើឡើង បន្ទាប់ពីសហជីពធ្វើលិខិតជាច្រើន ចាប់តាំងពីឆ្នាំ២០១១ ដាក់ទៅកាន់សមាគមរោងចក្រកាត់ដេរ និងដាក់ទៅកាន់លោកនាយករដ្ឋមន្ត្រី មិនមានការឆ្លើយតប។ នោះគឺការស្នើសុំដំឡើងប្រាក់បន្ទាប់បន្សំ ដល់កម្មករកាត់ដេរ ដូចជាប្រាក់ធ្វើដំណើរនិងថ្លៃឈ្នួលផ្ទះចំនួន ១០ដុល្លារ ព្រមទាំងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករកាត់ដេរ ជាដើម។
សំណើទាំងនេះ ក៏នឹងត្រូវលើកឡើង ក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការដោះស្រាយទំនាស់ត្រីភាគីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ខែកក្កដា ខាងមុខ។ លោកជាមុនី អះអាងថា បើសិនជាយន្តការដោះស្រាយទំនាស់ត្រីភាគី ដែលនឹងបើកកិច្ចប្រជុំនៅថ្ងៃ១១កក្កដា សប្តាហ៍ក្រោយ មិនបានជោគជ័យ តាមការស្នើសុំរបស់សហជីពកម្មករទេ គឺលោកនឹងដឹកនាំ ធ្វើមហាកូដកម្មទូទាំងប្រទេស។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំត្រីភាគី នៅថ្ងៃ១១កក្កដាខាងមុខ ត្រូវបានលោក ជាមុនី ឲ្យដឹងថា លោកមិនមែនជាសមាជិកនៃកិច្ចប្រជុំនោះទេ។ តែលោករង់ចាំការកោះប្រជុំ ដើម្បីចូលរួម អង្គុយចរចាលើការដំឡើងប្រាក់កម្រៃដល់កម្មករកាត់ដេរ។ កម្មករកាត់ដេរ នៅកម្ពុជា បច្ចុប្បន្ន មានជាង ៤៧ ម៉ឺននាក់។ ចំណែកប្រាក់ខែគោល របស់កម្មករកាត់ដេរម្នាក់ ទទួលបាន ៦១ ដុល្លារ។ ប្រាក់ខែរបស់កម្មករកាត់ដេរ ដែលភាគច្រើនជាស្ត្រី មិនអាចចំណាយគ្រប់គ្រាន់ ក្នុងជីវភាពប្រចាំថ្ងៃឡើយ។
ពាក់ព័ន្ធបញ្ហាកម្មករ នៅថ្ងៃចន្ទនេះ យ៉ាងហោចណាស់ មានកម្មករកាត់ដេរ ៣ រោងចក្រ នៅ ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានធ្វើកូដកម្មតវ៉ា។ ក្រសួងការងារ បានតម្រូវឲ្យកម្មករស្ងប់ស្ងាត់ និងចូលធ្វើការឡើងវិញ ហើយរង់ចាំកិច្ចប្រជុំចរចា នៅថ្ងៃ១១កក្កដា។ ក៏ប៉ុន្តែលោកជាមុនី អះអាងថា កម្មករទាំង ៣ រោងចក្រកាត់ដេរ ធ្វើកូដកម្មនោះ មិនមែនតវ៉ារឿងដំឡើងប្រាក់បន្ទាប់បន្សំទេ តែជាការតវ៉ា ប្រឆាំងនឹងថៅកែរោងចក្រ ដែលបញ្ឈប់ការងារ តំណាងកម្មករប៉ុណ្ណោះ៕
———————————————


