ដោយ ទេព សុរ៉ាវី
2012-07-02
វិទ្យុអាស៊ីសេរី
អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) នៃសម្ព័ន្ធអង្គការអន្តរជាតិសម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ជាប្រធានអាស៊ាន បន្តគាំទ្រ និងផ្សព្វផ្សាយបន្តដល់សមាជិកឲ្យគាំទ្រនូវតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court)។

ក្រុមអង្គការសង្គមស៊ីវិលក្នុងទិវាប្រារព្ធខួប ១០ឆ្នាំ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។
RFA/Tep Soravy
អង្គការសង្គមស៊ីវិលក៏ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ដែលជាម្ចាស់ហត្ថលេខីនៃក្រុងរ៉ូម (Rome) នៃការបង្កើតតុលាការព្រហ្មទណ្ឌនេះ ផ្សព្វផ្សាយបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាសាធារណៈ ដើម្បីកុំឲ្យប្រទេសកម្ពុជា វិលទៅរកបទឧក្រិដ្ឋផ្សេងៗ ដូចក្នុងរបប ប៉ុល ពត ជាថ្មីម្ដងទៀត។
អង្គការសង្គមស៊ីវិល នៅថ្ងៃទី២ ខែកក្កដា ប្រារព្ធខួប ១០ឆ្នាំ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីប្រឆាំងនឹងនិទណ្ឌភាព ឬភាពគ្មានទោស និងការពារកុំឲ្យកើតមានសាជាថ្មីនូវមហាឧក្រិដ្ឋកម្មនៅពេលអនាគត។
ថ្លែងនៅក្នុងពិធីប្រារព្ធខួប ១០ឆ្នាំ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក ធន សារាយ ប្រធានសមាគមអាដហុក ឲ្យដឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាស្ថាប័នតុលាការអន្តរជាតិអចិន្ត្រៃយ៍មួយ តែមានអំណាចអនុវត្តយុត្តាធិការរបស់ខ្លួនលើជនទាំងឡាយដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលជាការព្រួយបារម្ភរបស់អន្តរជាតិ ដូចមានចែងនៅក្នុងលក្ខន្តិកៈទីក្រុង រ៉ូម។
លោកបន្តថា ប្រទេសកម្ពុជា ជាស្ថាបនិកមួយក្នុងចំណោមស្ថាបនិកចំនួន ១២១ប្រទេស ដែលជារដ្ឋភាគីហត្ថលេខីផ្ដល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូមនោះ។ រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសលុបបំបាត់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ពីអតីតកាល តាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម។
ទោះជាយ៉ាងណា លោក ធន សារាយ បន្តថា កម្ពុជានៅតែមិនទាន់បំពេញកាតព្វកិច្ចពេញលេញនៅឡើយក្នុងនាមជាម្ចាស់ហត្ថលេខី និងលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តចុះសន្ធិសញ្ញាស្ដីពីអភ័យឯកសិទ្ធិ និងបង្កើតច្បាប់ស្ដីពីកិច្ចសហការប្រតិបត្តិការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិទៀត ដើម្បីលុបបំបាត់និទណ្ឌភាពនៅកម្ពុជា និងការកកើតឡើងវិញនូវឧក្រិដ្ឋកម្មណាមួយ។
លោក ធន សារាយ៖ «កម្ពុជាយើងមិនទាន់បានផ្ដល់នូវសច្ចាប័នលើកិច្ចព្រមព្រៀង លើបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ លើលក្ខន្តិកៈតុលាការនេះនៅឡើយទេ។ កិច្ចព្រមព្រៀងនេះជាការដែលទទួលស្គាល់របស់រដ្ឋជាសមាជិកក្នុងការផ្ដល់នូវបុព្វសិទ្ធិ អភ័យឯកសិទ្ធិដល់មន្ត្រីតុលាការ របស់តុលាការអន្តរជាតិនេះ។ រឿងមួយទៀតដែរ គឺកិច្ចសហការកម្ពុជា រវាងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ នៅមិនទាន់មានច្បាប់ដែលចែងឲ្យច្បាស់នូវកិច្ចការនេះនៅឡើយ»។
នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន ឲ្យដឹងយុត្តាធិការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាត់ក្ដីតែលើបទល្មើសអន្តរជាតិចំនួន ៤ រួមមានបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋឈ្លានពាន។ បទល្មើសទាំងនោះ រដ្ឋជាភាគីអាចដាក់ពាក្យបណ្ដឹងដោយផ្ទាល់ ឬក្រុមប្រឹក្សាសន្តិសុខជាតិដាក់ពាក្យបណ្ដឹង ឬក៏ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិខ្លួនឯងជាអ្នកផ្ដើមបណ្ដឹងតែម្ដង។
លោកស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយឲ្យទូលំទូលាយចំពោះបទល្មើសឧក្រិដ្ឋកម្មជាអន្តរជាតិ ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មផ្សេងពីអតីតកាល ដូចជាការជម្លៀសពលរដ្ឋពីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុល ពត។
លោក សុក សំអឿន៖ «អ្វីដែលយើងជជែកក្នុងថ្ងៃនេះ គោលបំណងដើម្បីការពារកុំឲ្យមានរឿងហេតុកើតមាននៅលើទឹកដីរបស់យើងតទៀត។ រដ្ឋាភិបាលគួរតែត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីនិយមន័យបទល្មើសអន្តរជាតិទាំង ៤នេះ ដល់កងប្រដាប់អាវុធ និងអ្នកនយោបាយ ហើយកងប្រដាប់អាវុធគួរតែយល់ពីនិយមន័យពីបទធ្វើទារុណកម្ម ហើយក៏ត្រូវជៀសវាងអំពើនេះផងដែរ»។
អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសម្ព័ន្ធអង្គការអន្តរជាតិសម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ អ្នកស្រី អ៊ីវើលីន ប៉ាឡាអ៊ីស សើរ៉ាណូ (Evelyne Balais-Serrano) ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ផ្សព្វផ្សាយឲ្យសមាជិកអាស៊ាន ចូលមួយគាំទ្រនូវតុលាការព្រហ្មទណ្ឌអន្តរជាតិ។
អ្នកស្រី អ៊ីវើលីន ប៉ាឡាអ៊ីស សើរ៉ាណូ៖ «យើងសុំអំពាវនាវឲ្យប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងប្រទេសអាស៊ាន ដើម្បីចូលរួមក្នុងតុលាការ ជាពិសេសក្នុងពេលដែលខ្លួនជាប្រធានអាស៊ាន គឺដឹកនាំ និងជំរុញសមាជិកអាស៊ានចូលរួម និងគាំទ្រICCនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិបានបំពេញកិច្ចការលើសំណុំរឿងក្ដីចំនួន ១៥ ក្នុងនោះមាន ៦សំណុំរឿងបានឈានដល់ការជំនុំជម្រះ។ រីឯសំណុំរឿងក្ដីចំនួន ២០ទៀត ចៅក្រមនៃតុលាការនេះចេញដីកាចាប់ខ្លួន ក្នុងនោះមាន ៦ករណី បានចាប់ និងឃុំខ្លួន និងបានចេញដីកាកោះឲ្យមកបង្ហាញខ្លួននៅតុលាការចំនួន ៩ករណី។
សំណុំរឿងទាំង ៩នោះ មានពាក់ព័ន្ធជនសង្ស័យដែលជាជនកំពុងមានអំណាចគ្រប់គ្រងក្នុងរដ្ឋនាពេលបច្ចុប្បន្ន ហើយប្រទេសកម្ពុជា នៅមិនទាន់មានបទឧក្រិដ្ឋណាមួយដែលឈានទៅជម្រះនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅឡើយទេ ក្រៅតែពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទប្រល័យពូជសាសន៍ និងបទរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
បទល្មើសទាំងនោះ តុលាការខ្មែរក្រហមកំពុងដំណើរការសព្វថ្ងៃក្នុងប្រទេសប្រឆាំងអតីតមេដឹកនាំកំពូលនៃរបបខ្មែរក្រហម ៥រូប រួមមានលោក នួន ជា ប្រធានសភានៃរបបខ្មែរក្រហម លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ខៀវ សំផន ប្រមុខរដ្ឋរបបខ្មែរក្រហម និងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រធានគុកទួលស្លែង ឬ ស២១ នៃរបបខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។