ថ្ងៃទី 4 កក្កដា 2012
ដោយ: សុផល
CEN
ភ្នំពេញ: កម្មករ-កម្មការិនីរោងចក្រ Ford Glory បាននាំគ្នាបន្តធ្វើកូដកម្មទាមទារ ១៦ ចំណុច។ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ ក៏មានខាងសមត្ថកិច្ចក្រុង និងសមត្ថកិច្ចខណ្ឌ ចុះមករុះរើ យកឧបករណ៍របស់កម្មករ និងបានបណ្តេញក្រុមកម្មករប្រហែលជា ១០០ នាក់ មិនឲ្យធ្វើកូដកម្មនៅខាងមុខរោងចក្របន្តទៀតទេ។ សមត្ថកិច្ចទាំងនោះ អះអាងថា នេះជាបញ្ជារបស់លោកអធិការខណ្ឌមានជ័យ។
ហឿន ស្រីតូច ជាកម្មការិនីរោងចក្រខាងលើ បានឲ្យដឹងថា ថ្ងៃនេះហាក់បីដូចជាខុសប្លែកពីថ្ងៃធម្មតា គឺសមត្ថកិច្ចបានមកដល់បណ្តេញកម្មករ តែកម្មករនៅតែបន្តធ្វើការតវ៉ា។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ ភាគីរោងចក្របានទៅជួល សន្តិសុខឯកជនប្រមាណ ២០នាក់ ដើម្បីមកការពាររោងចក្រ និងបានដេញកម្មករ មិនឲ្យនាំគ្នាមកធ្វើកូដកម្មនៅមុខរោងចក្រទេ។
សូមរំលឹកថា កម្មកររោងចក្រកាត់ដេរ Ford Glory ប្រមាណជាង ៣០០ នាក់ បាននាំធ្វើកូដកម្ម កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ដោយសារតែភាគីរោងចក្រ មិនមានដំណោះស្រាយណាមួយជាមួយកម្មករ។ រោងចក្រនេះ មានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕ S