កម្មករ​រោងចក្រ​តៃយៀន និង​ខេមវែល ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ៤

ពុធ 04 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​សហជីព​កម្ពុជា (CCU) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ កម្មករ-កម្មការិនី​ប្រមាណ​៤ពាន់​នាក់ នៃ​រោងចក្រ​តៃយៀន​ទី១ ទី២ និង​ខេមវែល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្នោត​មួយ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ព្រោះ​តែ​ពុំ​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ។

កម្មករ​-កម្មការិនី​រោងចក្រ​តៃយៀន​ទី១ ទី២ និង​ខេមវែល បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ដូច​ជា ១- សុំ​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​ទូទាត់​នូវ​អត្ថ​ប្រយោជន៍​ផ្សេងៗ តាម​ច្បាប់​ស្ដីពី​ការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ, ២-សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោ​ហ៊ុយ​ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ឱ្យ​បាន​១៥​ដុល្លារ ក្នុង​មួយខែៗ, ៣-សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹក​ដោះគោ ឱ្យ​បាន​១៥​ដុល្លារ ក្នុង​មួយ​ខែៗ, ៤-សុំឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​រង្វាន់​ទៀង​ទាត់ ឱ្យ​បាន​១៥​ដុល្លារ ក្នុង​មួយ​ខែៗ, និង ៥- សុំឱ្យ​ក្រុមហ៊ុន​កុំយក​ប្រាក់​មុខ​តំណែង និង​បច្ចេកទេស​មក​កាត់​ទូទាត់​នៅ​ពេល​កម្មករ-កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ចាប់​ពី​៣ថ្ងៃ​ឡើង​ទៅ។

ជាមួយ​គ្នា​នេះ សហភាព​សហជីព​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​អង្គការ​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា តាម​ជួយ​ឃ្លាំមើល​រាល់​ហេតុ​ការណ៍ ដែល​កើត​មាន​ជា​បន្តបន្ទាប់ ដោយ​សារ​ការ​ធ្វើ​កូដកម្ម​នេះ​ផង​ដែរ៕

What Next?

Recent Articles