ថ្ងៃទី 4 កក្កដា 2012
ដោយ: រស្មី
CEN
ភ្នំពេញ: Duathlon ជាប្រភេទកីឡាអូឡាំពិកដែលកម្ពុជាពុំទាន់មាននរណាស្គាល់នៅឡើយទេ ។ ថ្ងៃទី ១៥ កក្កដាខាងមុខនេះ សហព័ន្ធកីឡា Triathlon កម្ពុជានឹងរៀបចំការប្រកួតកីឡានេះជាលើកដំបូង។
កីឡា Duathlon មានកីឡា ២ ប្រភេទបញ្ចូលគ្នាគឺរត់ប្រណាំង និង ប្រណាំងកង់ ហើយការប្រកួត មាន ៣ ដំណាក់កាល។ ដំណាក់កាលទី ១ គឺរត់ប្រណាំង បន្ទាប់ពីរត់ដល់ទី ត្រូវជិះកង់ប្រណាំងបន្តទៀត លុះ ពេលជិះកង់ដល់ទីត្រូវបន្តរត់ទៀត ដែលនេះជាការរត់ដំណាក់កាលចុងក្រោយ។
ការប្រកួតជាលើកដំបូងនេះ នឹងធ្វើនៅមុខសណ្ឋាគារ Naga World និងកោះពេជ្រ ។ ការប្រកួតចែកចេញជា ៣ កម្រិតអាយុ គឺអាយុក្រោម១៨ឆ្នាំបុរស-នារី ដែលចាប់ផ្ដើមដំបូងរត់២,៥០គីឡូម៉ែត្រ បន្ទាប់មកជិះកង់ប្រណាំង ១០គីឡូម៉ែត្រ ហើយចុងក្រោយរត់ ២,៥០គីឡូម៉ែត្រទៀត។
អាយុពី១៨ឆ្នាំ ដល់ ៤០ឆ្នាំត្រូវចាប់ផ្ដើមជាមួយនឹងការរត់ចម្ងាយ ៥គីឡូម៉ែត្រ ជិះកង់ចម្ងាយ ២០គីឡូម៉ែត្រ និងចុងក្រោយរត់២,៥០គីឡូម៉ែត្រ ។ មួយប្រភេទអាយុទៀតគឺអាយុចាប់ពី ៤១ឆ្នាំឡើង ដែលដំបូងរត់ ២,៥០គីឡូម៉ែត្រ ប្រណាំងកង់ ១០គីឡូម៉ែត្រ និងរត់បន្ត ២,៥០គីឡូម៉ែត្រ ។
បេក្ខជនដែលចូលរួមប្រកួតត្រូវមានកង់ដៃត្រង់ផ្ទាល់ខ្លួន និងមួកសម្រាប់ពាក់ការពារសុវត្ថិភាពខ្លួនឯង។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៤ កក្កដា នៅសណ្ឋាគារ Naga World លោកឧកញ៉ា គង់ ឬទ្ធិជព្វ ប្រធានសហព័ន្ធកីឡា Triathlon បានបញ្ជាក់ថា មកទល់ពេលនេះអ្នកដែលបានចុះឈ្មោះចូលរួមប្រកួតដែលជាអត្តពលិកមកពីសហព័ន្ធកីឡាហែលទឹក សហព័ន្ធកីឡាប្រណាំងកង់ និង សហព័ន្ធអត្តពលកម្មមានចំនួនជាង ៦០០នាក់ហើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថា Duathlon ជាផលិតផលកីឡាថ្មីមួយទៀតដែលទាក់ទាញផ្នែកឯកជនឲ្យមានការចាប់អារម្មណ៍ ព្រមទាំងចូលរួមឧបត្ថម្ភទៀតផង ។ លោកបន្តថា Duathlon មានការគាំទ្រពីទស្សនិកជនណាស់ នេះជាការបង្ហាញថាកម្ពុជាមានសក្ដានុពលខ្លាំងណាស់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ។
លោក គង់ ឬទ្ធិជព្វ បន្តថា ព្រឹត្តិការណ៍ភ្នំពេញ Duathlon នេះ វាជាការចាប់ផ្ដើមមួយដើម្បីឈានទៅរៀបចំព្រឹត្តិការណ៍ Angkor Wat International Duathlon នៅថ្ងៃទី ៣០កញ្ញា ឆ្នាំ ២០១២ នាតំបន់សៀមរាបអង្គរ៕ S

