ក្រសួង​កសិកម្ម​ស្នើ​មន្ត្រី​ក្រសួង​នានា​សម្រួល​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​លឿន

ដោយ សុខ សេរី
2012-07-04
​វិទ្យុ​អាស៊ីសេរី

ក្រុម​ការងារ​ទី​៩ របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​ជា​បន្ទាន់​មួយ ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍ និង​បញ្ហា​ប្រឈម​នានា​របស់​ក្រុមហ៊ុន​ឯកជន ដែល​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទី​៩ របស់​រដ្ឋាភិបាល ស្តី​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទី​៩ របស់​រដ្ឋាភិបាល ស្តី​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sok Serey

កិច្ច​ប្រជុំ​នេះ​បាន​ដំណើរ​ការ​ពេញ​មួយ​ព្រឹក​នៅ​ឯ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា របស់​រដ្ឋាភិបាល ពិនិត្យ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មុខ​នានា ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​នៅ​កម្ពុជា នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព មិន​ស៊ី​រយៈពេល​យូរ​នៃ​ការ​រត់​ការ​នាំ​ចេញ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​សុំ​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ជំរុញ​ឲ្យ​កសិករ​ផលិត​ស្រូវ​មាន​គុណភាព​ខ្ពស់ បរិមាណ​ច្រើន និង​មិន​ប្រើ​ជី​គីមី​ច្រើន​ដូច​ប្រទេស​ជិត​ខាង ដូចជា​វៀតណាម និង​ថៃ ជាដើម។

ការ​ស្នើ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ផែនការ​របស់​រដ្ឋាភិបាល​ទទួល​ជោគជ័យ ក្នុង​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ទៅ​ទីផ្សារ​អន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ការ​នាំ​ចេញ​អង្ករ​ប្រណិត ឬ​អង្ករ​ក្រអូប​ទៅ​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​អង្ករ​ខ្មែរ​បរិសុទ្ធ​មិន​ប្រើ​ជី​គីមី​ច្រើន។ ចំណុច​នេះ​គឺ​ជា​អាទិភាព​របស់​អង្ករ​កម្ពុជា។

លោក ច័ន្ទ សារុន៖ «ដើម្បី​ប្រមូល​ទិញ​ស្តុក​ស្រូវ​នៅ​ពេល​ប្រមូល​ផល នៅ​ខ្វះ​ម៉ាស៊ីន​សំងួត ខ្វះ​ឃ្លាំង​ស្តុក​ស្រូវ សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូវ​នៅ​មាន​កម្រិត​នៅ​ឡើយ​សព្វ​ថ្ងៃ​នេះ ដែល​ហេតុ​នាំ​ឲ្យ​ស្រូវ​ត្រូវ​បាន​លក់​ចេញ​ទៅ​ក្រៅ អ៊ីចឹង​ទៅ​ស្នើ​ឲ្យ​រដ្ឋាភិបាល ចង់​និយាយ​ថា ជួយ​ដល់​ផ្នែក​ឯកជន វិស័យ​ទុន»

ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា លោក គឹម សាវុធ បាន​មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១២ បាន​ធ្លាក់​ចុះ ដោយសារ​តែ​មាន​បញ្ហា​ជា​ច្រើន ដូចជា​បញ្ហា​រត់​ការ​នាំ​ចេញ​រយៈពេល​យូរ​នៅ​ច្រក​ចេញ​ចូល​តែ​មួយ។

លោក គឹម សាវុធ៖ «អ៊ីចឹង​មក​ដល់​ឆ្នាំ​នេះ ទី​១ អឺរ៉ុប​ខ្លួន​ឯង​គាត់​មាន​វិបត្តិ ទី​២ ក្រុមហ៊ុន​ដែល​ធ្លាប់​លក់​ទៅ​អឺរ៉ុប​ឆ្នាំ​ទៅ គាត់​បាត់​បង់​ទីផ្សារ។ ក្រុម​មួយ​ចំនួន​នៅ​អឺរ៉ុប​គាត់​សល់​អង្ករ អ៊ីចឹង​ឆ្នាំ​នេះ​គាត់​លក់​ធូរ​ថ្លៃ ដល់​យើង​នេះ​វា​ទន្ទឹម​កុងតឺន័រ​ឡើង​ថ្លៃ​ទៀត​ទៅ យើង​ទៅ​អត់​រួច»

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ីឌីស៊ី (CDC) លោក សុខ ចិន្តា បាន​មាន​ប្រសាសន៍​ថា លោក​គ្រោង​កោះ​ហៅ​តំណាង​ក្រុមហ៊ុន និង​សមាគម​នាំ​ចេញ​អង្ករ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ជួប​ពិភាក្សា​ពិស្ដារ​លើ​បញ្ហា​ប្រឈម​មុខ​នីមួយៗ និង​ដោះស្រាយ។

លោក សុខ ចិន្ដា៖ «ដូច្នេះ​កិច្ចការ​នេះ​មិន​អាច​ដោះស្រាយ​នៅ​ទី​នេះ​បាន​ទេ ខ្ញុំ​នឹង​អញ្ជើញ​អស់​លោក​ទាំង​ផ្នែក​ឯកជន ទាំង​ផ្នែក​មន្ត្រី​តំណាង​ក្រសួង​ទាំង ៥ ទៅ​អង្គុយ​ធ្វើ​ការ​នៅ CDC ដើម្បី​ខ្ញុំ​ស្ដាប់​ឲ្យ​អស់ កត់​ត្រា​ឲ្យ​អស់ និយាយ​តែ​ពី​រឿង​ហ្នឹង។ រឿង​ខ្ញុំ រឿង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បែបបទ​ក្នុង​ការ​នាំ​ចេញ​ហ្នឹង​ឲ្យ​ខ្លី​ជាង​មុន ឲ្យ​ស្រួល​ជាង​មុន»

ឯកសារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ធ្លាក់​ចុះ​មក​ចំនួន​ជាង ៧​ម៉ឺន​៨​ពាន់​តោន ប្រៀប​ធៀប​រយៈពេល ៦​ខែ​ដូច​គ្នា​នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ការ​នាំ​ចេញ​អង្ករ គឺ​កើន​ដល់​ចំនួន​ជាង ១​សែន​៧​ម៉ឺន​តោន។

ប្រធាន​ក្រុមហ៊ុន ឡូរ៉ង់ នាំ​ចេញ​អង្ករ លោក​ឧកញ៉ា លឹម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​នោះ​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា​ការ​រត់​ការ​ឯកសារ​នាំ​ចេញ​ជួប​បញ្ហា​យឺតយ៉ាវ​ជាង​ឆ្នាំ​មុន។ តំលៃ​អង្ករ​នាំ​ចេញ​របស់​វៀតណាម និង​ថៃ ថោក​ជាង​កម្ពុជា នៅ​ទីផ្សារ​អន្តរជាតិ។ សេវា​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​នៅ​កម្ពុជា មាន​តំលៃ​ថ្លៃ និង​តំលៃ​អគ្គិសនី​នៅ​កម្ពុជា ថ្លៃ​ជាង​វៀតណាម និង​ថៃ ធ្វើ​ឲ្យ​ម៉ាស៊ីន​សំងួត​ស្រូវ និង​ម៉ាស៊ីន​កែច្នៃ​អង្ករ ចំណាយ​ថវិកា​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles