ថ្ងៃទី 4 កក្កដា 2012
ដោយ: កូឡាប
CEN
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា វិស័យទេសចរណ៍កម្ពុជាបានមានកំណើនចំនួន ២៥ភាគរយ នៅក្នុងរយ:ពេលប្រាំខែដើមឆ្នាំ។ ទន្ទឹមនោះសម្តេចបានផ្តល់អនុសាសន៍មួយចំនួនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដែលគេរំពឹងថា នឹងផ្តល់ចំណូលដល់កម្ពុជារហូតដល់៥.០០០លានដុល្លានៅឆ្នាំ២០២០។
នៅក្នុងឱកាសបិទសន្និបាតក្រសួងទេសចរណ៍នៅរសៀលនេះ សម្តេចបានមានប្រសាសន៍ថា “យើងបានចាត់ទុកវិស័យទេសចរណ៍ គឺជាមាសបៃតង ហើយក្នុងរយៈពេល៥ខែដើម ឆ្នាំ២០១២ យើងសម្រេចកំណើតក្នុងអត្រា២៥%ជាមួយនឹងកាមកដល់នៃភ្ញៀវទេសចរអន្តរជាតិប្រមាណ១,៥លាននាក់”។
សម្តេចបានព្យាករណ៍នៅឆ្នាំ២០១២នេះ កម្ពុជាអាចទទួលភ្ញៀវទេសចរណ៍ប្រមាណ៣,៣លាននាក់ ឆ្នាំ២០១៣ ប្រមាន៣,៨លាននាក់ និងឆ្នាំ២០១៥ ប្រមាណ៤,៥លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចកើនឡើងដល់៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥.០០០លានដុល្លារ បង្កើតនិងបង្កើននូវឱកាសការងារប្រមាណ៨០ម៉ឺននាក់។
ដើម្បីសម្រេចដល់គោលដៅនេះ សម្តេចបានផ្តល់អនុសាសន៍ចំណុចដូចខាងក្រោម ៖
ទី១-ត្រូវបន្តខិតខំនវិនិយោគក្នុងវិស័យទេសចរណ៍ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។ សម្តេចសូមគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍២០១២-២០២០ ដែលចង្អុលបង្ហាញពីចក្ខុវិស័យ ទិសដៅជាយុទ្ធសាស្ត្រ និងដាក់ចេញនូវវិធានការផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ ពីតំបន់ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ឆ្នេរ ដែលជាឆ្នេរសមុទ្រស្អាតជាងគេបំផុតលើសកលលោកនេះ។ ជាមួយនេះ ហើយត្រូវបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍទេសចរណ៍បៃតង មានជាអាទិ៍ : អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសាងទីក្រុងស្អាត/ទីក្រុងបៃតង និងរមណីយដ្ឋានស្អាត/រមណីយដ្ឋានបៃតង ត្រូវចេះចាប់យកទស្សនាទានថ្មី “ភាពបៃតងនិងភាពស្អាត” ដោយខិតខំប្រើប្រាស់បច្ចេកវិទ្យាបៃតង ដែលអាចជួយសន្សំសំចៃអគ្គីសនី ទឹក បង្កើនអនាម័យ ស្អាត ដែលទាំងនេះ ជាការគិតគូរដល់“ការអភិវឌ្ឍបៃតង”។ សម្តេចគាំទ្រ និងលើកទឹកចិត្ត ឲ្យមានការចូលរួមដាំដើមឈើ និងគាំទ្រយុទ្ធនាការ“ទេសចរម្នាក់ ដើមឈើមួយដើម” ឬយុទ្ធនាការ“ដាំដើមឈើផ្តើមចេញពីអ្នក”។
ទី២-ត្រូវខិតខំបង្កើត និងសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ទាំងព្រឹត្តិការវប្បធម៌ និងកីឡាដោយបង្កើនគុណភាពនៃការរៀបចំឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។ សម្តេចគាំទ្រគំនិតផ្តួចផ្តើមរៀបចំឲ្យមានជាពិធិបុណ្យទន្លេ នៅតាមបណ្តាខេត្តតាមដលទន្លែមេគង្គ បន្ថែមលើពិធីបុណ្យសមុទ្រនោះ។
ទី៣-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពផលិតផល និងសេវាទេសចរណ៍ ដើម្បីផ្តល់ការពេញចិត្តដល់ភ្ញៀវទេសចរក្នុងការមកទស្សនាកំសាន្តនៅកម្ពុជា។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តសហការគ្នាជិតស្និទ្ធដើម្បីជំរុញឲ្យក្រុមហ៊ុនវិនិយោគទាំងឡាយ ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយត្រូវរៀបចំប្លង់មេអភិវឌ្ឍឲ្យច្បាស់លាស់ និងអនុវត្តដំណើរការអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដោយខិតខំបន្តជំរុកការអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងការរៀបចំបទដ្ឋាន គតិយុត្តិបន្ថែមទៀត។ ទន្ទឹមនឹងនេះ ត្រូវបន្តចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវា ល្អ” ដែលជាយុទ្ធការពង្រឹងគុណភាពផលិតផលទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។
ទី៤-ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីកត្តាធនធានមនុស្ស ជាពិសេស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ពីព្រោះនេះ គឺជាកត្តាកំណត់ និងជាមូលដ្ឋានក្នុងការពង្រឹងគុណភាព ធានានូវនិរន្តរភាព និងបង្កើនភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។ ក្រសួងទេសចរណ៍បន្តសហការជាមួយស្ថាប័ន-ពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ រៀបចំការបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍មួយ ដែលអាចផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព ស្របតាមស្តង់ដាកម្មសិក្សា និងក្របខ័ណ្ឌគុណវឌ្ឍិថ្នាក់ជាតិ និងអាស៊ាន ដើម្បីជាមូលដ្ឋាន សម្រាប់កម្ពុជាត្រៀមចូលរួមធ្វើបំលាស់ទីនៃអ្នកជំនាញទេសចរណ៍អាស៊ាន នៅឆ្នាំ២០១៥ ផង និងអាវផ្តល់លទ្ធភាពឲ្យសិស្សអាចចូលរៀនគ្រប់គ្នាក្នុងតម្លៃសមរម្យផង។
ទី៥-បន្តកិច្ចសហការជាមួយវិស័យឯកជន យកចិត្តទុកដាក់ដល់ទីផ្សារអាស៊ាន អាស៊ានបូកបី ឥណ្ឌា និងទីផ្សារងើបថ្មី ដូចជា រុស្ស៊ី អារ៉ាប់ ប៉ុន្តែ ក៏ត្រូវរក្សាទីផ្សារចាស់ដែលមានស្រាប់នៅអឺរ៉ុប និងអាមេរិក ផងដែរ ជាមួយនឹងការបង្កើននូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា : ព្រះរាជាណាចក្រអច្ឆរិយៈ”។ ទន្ទឹមនេះ ត្រូវខិតខំផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ និងបង្អែមខ្មែរឲ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ទី៦-គណៈកម្មការអន្តរក្រសួង ត្រូវបន្តយកចិត្តទុកដាក់បន្តសម្រួលការធ្វើដំណើរឲ្យកាន់តែរលូន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងត្រូវបន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធបដិសណ្ឋារកិច្ចឲ្យកាន់តែប្រសើរឡើង ដូចជា ចំណតរថយន្ត កន្លែងរង់ចាំ អគារអ្នកដំណើរ សេវាប្តូរប្រាក់ សេវាព័ត៌មាន៘ ជាពិសេស ការសម្រួលបែបបទធ្វើដំណើរឲ្យរហ័ស និងខិតខំកាត់បន្ថយរបាំងមិនចាំបាច់នានាឲ្យបានល្អ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ រដ្ឋលេខាធិការអាកាសចរស៊ិវិល ភាគីពាក់ព័ន្ធត្រូវបន្តខិតខំសម្រួល និងទាក់ទាញឲ្យមានការតភ្ជាប់ការហោះហើរឲ្យបានច្រើនថែមទៀតពីអាស៊ាន អាស៊ានបូកបី ឥណ្ឌា រុស្ស៊ី អារ៉ាប់ និងទីផ្សារអឺរ៉ុប មកកម្ពុជានិងជំរុញឲ្យក្រុមហ៊ុនអាកាសចរជាតិអង្គអ៊ែរ ពង្រីកជើងហោះហើរឲ្យកាន់តែច្រើន ទៅក្នុងតំបន់ ជាពិសេសក្នុងអាស៊ាន និងអាស៊ានបូកបី។
ទី៧-ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ជាពិសេសអង្គការនគរបាលទេសចរណ៍ ត្រូវចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរ។ សម្តេចគាំទ្រដល់ប្រតិបត្តិករ អាជីវករទេសចរណ៍ ក្នុងការចូលរួមបង្កើតឲ្យមានសន្តិសុខឯកជនដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមគោលដៅទេសចរណ៍ទាំងឡាយ ដើម្បីជាជំនួយដល់កម្លាំងសន្តិសុខសាធារណៈរបស់យើង។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងសុខាភិបាល វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធធានារសុវត្ថិភាពសង្គ្រោះភ្ញៀវទេសចរ ឲ្យបានកាន់តែប្រសើរថែមទៀត ដោយត្រូវរៀបចំឲ្យមានផែនការជាតិធានាសុវត្ថិភាពភ្ញៀវទេសចរ និងត្រូវដាក់ចេញនូវយន្តការ និងវិធានការច្បាស់លាស់នូវសេវាសន្តិសុខ សង្គ្រោះបន្ទាន់ ជាដើម។
ទី៨-ត្រូវយកចិត្តទុកដាក់ជំរុញបង្កើតសហគមន៍អ្នកផលិតវត្ថុអនុស្សាវរីយ៍ និងសមាគមអ្នកលក់វត្ថុអនុស្សាវរីយ៍ អភិវឌ្ឍសហគមន៍ទេសចរណ៍ ពិសេសនៅតំបន់ទេសចរណ៍អាទិភាពសំដៅធ្វើការការពារអភិរក្សសម្បត្តិធនធានធម្មជាតិ វប្បធម៌ប្រពៃណីតំបន់ និងធ្វើឲ្យបងប្អូនប្រជាជននៅមូលដ្ឋានមានមុខរបរ មានការងារធ្វើ និងទទួលផលពីសកម្មភាពទេសចរណ៍ទាំងឡាយ និងសកម្មភាព សេដ្ឋកិច្ចនិងទប់ស្កាត់ចំណាកស្រុក។
ទី៩- ស្របពេលដែលយើងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជា យើងក៏មិនត្រូវភ្លេចពីភាពសំខាន់ និងភាពចាំបាច់ក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលមិនត្រឹមតែចូលរួមដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍រយៈពេលយូរអង្វែង និងចូលរួមចំណែកដល់ការរក្សាលំនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកំពស់ស្មារតីស្រឡាញ់ជាតិមាតុភូមិ និងការឲ្យតម្លៃដល់ធនធានសម្បត្តិវប្បធម៌ និងធម្មជាតិដ៏សម្បូណ៌បែបទៀតផង។
ទី១០-ជាការពិត ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍ គ្រប់គ្រង និងការធ្វើធុរកិច្ចក្នុងឧស្សាហកម្មទេសចរណ៍ ហើយការចូលរួមនៅទីនេះ គឺមិនត្រឹមតែផ្តោតលើថ្នាក់ដឹកនាំឬ អ្នកដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅផងដែរដល់តួនាទីរបស់ប្រតិបត្តិការទេសចរណ៍ ព្រមទាំងអ្នកផ្តល់សេវានា ដែលទ្រទ្រង់ដល់វិស័យទេសចរណ៍ បណ្តាដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន និងទេសចរផងដែរ ដោយត្រូវផ្សារភ្ជាប់នឹងជម្រើសប្រកបដោយការទទួលខុសត្រូវខាងផ្នែកបរិស្ថាន។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវខិតខំរួមចំណែកពង្រឹងសមត្ថភាពវិស័យឯកជន ជាពិសេស សមាគមឧស្សាហកម្មទេសចរណ៍ឲ្យកាន់តែរឹងមាំ ក្នុងនោះ សមាគមឧស្សាហកម្មទេសចរណ៍ ត្រូវមានក្រមប្រតិបត្តិវិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង រចនាសម្ព័ន្ធការងារច្បាស់លាស់ ដើម្បីអាចធ្វើការកាន់តែមានប្រសិទ្ធភាព ឲ្យសក្តិសមជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាល ក្នុងកាអភិវឌ្ឍវិស័យទេសចរណ៍ និងដើម្បីសមាហរណកម្មក្នុងតំបន់អាស៊ានផងដែរ៕

GOOD ADVICES – GOOD LECTURES … I SUPPORTED
មិនមានបំណងចែកចែកពីចំណូលបានមកពីទេសចរណ៍នោះទេ ? អ្នក
សៀមរាបដែលជាកូនចៅពូជពង្សអង្គរម្ចាស់ទឹកដីកេរ្តិតំណែលប្រាសាទរាប់រយ
នៅតាមជនបទ មានសង្ឃឹមតិចណាស់នឹងបានឆ្លងផុតពីភាពក្រីក្រ ។
បើអស់លោកដោះស្រាយបញ្ហានេះមិនជោគជ័យទេ គឹមានសង្ឃឹម
តែលើអ្នកដឹកនាំកេ្មងៗជំនាន់ក្រោយ តែត្រូវរងចាំពួកអស់លោក
អស់សង្ខាលាចាលោកី និងលាចាកទាំងមុខតំណែង ស្មើភាព
គ្នានៅពេលចូលក្នុងម្ឈូស មិនកិបកេងពីចំណូលរបស់ជាតិទៀតទេ? ៕