04 July 2012
យឺន ពន្លក
ភ្នំពេញ ប៉ុស្តិ៍

កីឡាការិនីរូបស្រស់ សមត្ថភាពខ្ពស់ សូយ សុធា នាពេលហ្វឹកហាត់នៅឯផ្ទះជួលរបស់នាងកាលពីព្រឹកថ្ងៃម្សិលមិញ។
យឺន ពន្លក
ភ្នំពេញៈ វាជារឿងកម្រណាស់ដែលកញ្ញាវ័យក្មេង មានរូបសម្ជស្សស្រស់សម្រេចចិត្តចូលហាត់កីឡាប្រដាល់ក្បាច់បុរាណ ខ្មែរដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយក្នុងរយៈពេលតែមួយឆ្នាំ នាងបានរួមចំណែកជួយឧបត្ថម្ភគ្រួសារឪពុកម្តាយឲ្យមានភាពធូរស្រាល មួយកម្រិតទៀតផង។
ក្នុងជំនួបសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញនៅផ្ទះជួលមួយជិតសាលាបឹងត្របែក នារាជធានីភ្នំពេញ កញ្ញា សូយ សុធា ដែលជាអ្នកប្រដាល់កំពុងតែមានភាពល្បីល្បាញនោះ បានបញ្ជាក់ឲ្យដឹងថា អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ នាងបានយកកម្លាំងកាយ កែង ជង្គង់ និងក្បាច់គុន ដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
នាងបានអះអាងថា ជីវភាពរបស់ខ្លួនមានភាពល្អប្រសើរជាងកាលពីនាងមិនទាន់ប្រឡូកលើសង្វៀនប្រដាល់។
ដំណើរជីវិតមុនពេលចាប់អាជីពកីឡា
ឈ្មោះពិតរបស់កីឡាការិនីរូបស្រស់ សូយ សុធា គឺ ហែម គន្ធា។ បច្ចុប្បន្ននាងមានអាយុ២១ឆ្នាំ កម្ពស់១៦០សង់ទីម៉ែត្រ ទម្ងន់៥២គីឡូក្រាម ប៉ុន្តែក្នុងការប្រកួតនាងវាយក្នុងទម្ងន់រហូតដល់ពី៥៧ទៅ៦០ គីឡូក្រាមឯណោះដោយមិនមានការភ័យខ្លាចឡើយ។
សុធា មានស្រុកកំណើតនៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ នាងមានបងប្អូនតែពីរនាក់គត់គឺរូបនាង និងបងប្រុសម្នាក់ដោយស្ថិតនៅក្នុងគ្រួសារកសិករមួយដែលមានដីស្រែ តិចតួចមិនអាចបង្កបង្កើនផលហូបចុកគ្រប់គ្រាន់ឡើយ។
ដោយសារតែភាពក្រីក្រ នាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៦ក្នុងអាយុ១៦ឆ្នាំ ហើយបានសម្រេចចិត្តចេញមកស្វែងរកការងារនៅភ្នំពេញ។
ភាពអវិជ្ជា និងគ្មានមុខជំនាញពិតប្រាកដ ជាបញ្ហារាំងខ្ទាស់ដ៏ធំសម្រាប់រូបនាង ក្នុងការស្វែងរកការងារដ៏សមរម្យមួយ។ ប៉ុន្តែជាដំបូង នាងបានខិតខំធ្វើនំជាមួយម្តាយ ហើយដើរលក់នំដោយខ្លួនឯង។
ក្រោយមកជាមួយនឹងការប្រកបរបរជាអ្នកធ្វើនំលក់ដោយរស់នៅក្នុងផ្ទះ មួយ នាងទទួលបានឱកាសចូលធ្វើជាកម្មការិនីនៅក្នុងរោងចក្រមួយ។ ប៉ុន្តែ ការងារនេះ មិនបានធ្វើឲ្យរូបនាងផ្គត់ផ្គង់ជីវភាពគ្រួសារបានឡើយ នាងក៏សម្រេចចិត្តផ្អាក ហើយបានសម្រេចចិត្តត្រឡប់ទៅធ្វើនំលក់ម្តងទៀត។
កញ្ញាដែលមានឈ្មោះពិត ហែម គន្ធា រូបនេះ បានប្រាប់ឲ្យដឹងពីក្តីសុបិនរបស់ខ្លួនថា៖ «ខ្ញុំមានក្តីសុបិនចង់ក្លាយអ្នកអ៊ុតសក់ ឬអ្នកសម្អាងតុបតែងកាយឲ្យគេ ហើយខ្ញុំសន្សំបានប្រាក់មួយចំនួនដើម្បីទៅរៀនមុខវិជ្ជានេះ។ ប៉ុន្តែដោយជួបឧបសគ្គ និងការលំបាកគ្មានប្រាក់ហើយគិតថា បើរៀនចេះក៏គ្មានដើមទុនបើកហាងដែរនោះ ខ្ញុំក៏បានសម្រេចចិត្តបោះបង់ក្តីសុបិននេះចោលទៅវិញ។ ស្របពេលដែលខ្ញុំជួបនូវការខកចិត្ត ហើយរស់នៅដោយគ្មានការងារមួយរយៈនោះ ខ្ញុំក៏បានជួបលោកគ្រូ សូយ សុខុម នៃក្លិបប្រដាល់អូរដឹមកីឡា។ គាត់បានណែនាំឲ្យខ្ញុំធ្វើការហ្វឹកហាត់ប្រដាល់ដើម្បីឡើងប្រកួត រកប្រាក់ ពីព្រោះវាងាយស្រួលក្នុងការរកប្រាក់ ដោយការប្រកួតម្តងៗអាចទទួលបានយ៉ាងតិចចំនួន២០ម៉ឺនរៀល»។
ផ្លែផ្កាក្រោយពេលចាប់យកអាជីពជាកីឡាការិនីប្រដាល់
សុធា បានរៀបរាប់ពីសកម្មភាពហ្វឹកហាត់ និងការឡើងប្រកួតថា៖ «នៅពេលដែលខ្ញុំសម្រេចចិត្តចូលហ្វឹកហាត់ជាមួយលោកគ្រូ សូយ សុខុម នៅក្លិបអូរដឹមកីឡាដែលស្ថិតនៅខាងលិចព្រលានយន្តហោះអន្តរជាតិ ភ្នំពេញនោះ ដំបូងខ្ញុំត្រូវហាត់សមជាមួយអ្នកប្រដាល់ប្រុសៗដូចជាកីឡាករ សូយ គោ សូយភិរម្យ ជាដើម ពីព្រោះគ្មានអ្នកប្រដាល់ស្រីត្រូវហាត់ជាដៃគូឡើយ»។
ភាពសាំនូវកម្លាំងដៃធ្ងន់ និងជង្គង់ខ្លាំងរបស់ប្រុសៗក៏ជាការជំរុញឲ្យការហ្វឹកហាត់របស់ សុធា មានកម្រិតខ្លាំង ហើយអាចស៊ូទៅនឹងការហត់ និងមានថាមពលវាយបានល្អដោយមិនសន្លប់នៅមុនស្នូរជួងទឹកទី៥ឡើយ ។
នាការឈានចូលក្នុងពិភពប្រដាល់ជាលើកដំបូងនៅទូរទស្សន៍បាយ័នជា មួយកីឡាការិនី ជ័យ ប៊ុនរាជ មកពីខេត្តសៀមរាប នាងទទួលបានជ័យជម្នះដោយពិន្ទុ និងទទួលបានប្រាក់២០ម៉ឺនរៀល ដែលវាជាការរំភើបមួយ និងជំរុញឲ្យនាងកំណត់ទិសដៅចាប់យកអាជីពប្រដាល់ឲ្យបានជាប់លាប់ ព្រមទាំងតាំងចិត្តថានឹងយកឈ្នះ ដើម្បីភាពល្បីល្បាញសម្រាប់អនាគត។
នៅក្នុងប្រវត្តិប្រកួតរបស់សូយ សុធានាងបានប្រកួតចំនួន២៦ដង ឈ្នះ២០ដងចាញ់៥ដង ស្មើ១ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានចំនួន២ដង ក្នុងនោះនាងធ្លាប់ប្រកួតជាមួយកីឡាការិនីមកពីប្រទេសថៃ និងបារាំងផងដែរ។
កីឡាការិនីដែល សូយ សុធា ធ្លាប់បានប្រកួតឈ្នះមានដូចជា ជ័យ ប៊ុនរាជ គិន ស្រីយ័ន្ត នួន ចំរុង សុខ ស្រីទូចធី កន្និកា វី ស្រីខួច និងឈ្នះបារាំង។ នាងធ្លាប់បានចាញ់កីឡាការិនីថៃ កីឡាការិនីម៉ារីយ៉ែត មកពីប្រទេសបារាំង និងចាញ់វី ស្រីខួច ផងដែរ។
ការប្រកួតចាញ់ទាំងប៉ុន្មានត្រូវបានសូយ សុធា អះអាងថា មកពីទម្ងន់គេលើសខ្លួន ហើយអ្វីដែលនាងមិនចង់ប្រកួតជាមួយតទៅទៀតគឺ វី ស្រីខួច និងម៉ារីយ៉ែតពីព្រោះនាងចាញ់ទាំងទម្ងន់ផង និងចាញ់កម្ពស់ថែមទៀត ប៉ុន្តែនៅពេលទម្ងន់ត្រូវបានស្មើគ្នាគឺនាងធានាមិនឲ្យចាញ់ទៀត ឡើយ។
មកដល់ពេលនេះ ការប្រកួតរបស់សូយ សុធា កំពុងទទួលបាននូវការពេញនិយមពីអ្នកទស្សនា និងពេញចិត្តពីបណ្តាក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ប៉ុន្តែក្នុងមួយខែនាងទទួលបានពីរដងប៉ុណ្ណោះហើយតម្លៃខ្លួនប្រកួតរបស់នាងបានកើនដល់៤០ម៉ឺនរៀលហើយ។
សុធា បាននិយាយថា៖ «ប្រសិនបើក្នុងមួយខែខ្ញុំទទួលបានការប្រកួត៤ដងនោះវាគឺជា បំណងពិតប្រាកដរបស់ខ្ញុំ ហើយខ្ញុំនឹងលាឈប់ពីការងារដ៏មមាញឹកមួយចំនួនដែលស្ទើរតែរក ពេលសម្រាកមិនបាន»។
នៅក្នុងបន្ទប់តូចល្មមក្នុងផ្ទះជួលដែលស្នាក់នៅរួមគ្នាចំនួន៧ នាក់ គឺមានសុធា តែម្នាក់គត់ដែលជាអ្នកប្រដាល់រីឯ៦នាក់ទៀតមានមុខរបរជា កម្មការិនី និងជាអ្នករត់តុក្នុងហាងផ្សេងៗ។
ស្រីកា អាយុ២១ឆ្នាំ ដូច សូយ សុធាដែលនៅក្នុងបន្ទប់តែមួយបាននិយាយឲ្យដឹងថា៖ «ពួកខ្ញុំមិនអាចធ្វើដូចសុធាបានទេពីព្រោះគេមានការងារច្រើន និងរកប្រាក់ពីការប្រកួតប្រដាល់»។
នាងបានឲ្យដឹងថា ពេលជិតភ្លឺ សូយសុធាភ្ញាក់ឡើងរត់ជាង១០គីឡូម៉ែត្រនិងហាត់ប្រដាល់ ហើយចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង១០យប់ សុធាទៅធ្វើការនៅរោងចក្រកាត់ដេរនៅជិតតាខ្មៅឯណោះ។
អ្នកស្រី ទុំស៊ូវ ម្តាយបង្កើតរបស់កីឡាការិនី សូយ សុធា ដែលកំពុងស្នាក់នៅឯខេត្តកំពត បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖«ដំបូងខ្ញុំនិងឪពុកវាបានប្រឆាំងមិនឲ្យកូនស្រីនេះ រកលុយតាមរយៈការឡើងប្រដាល់ឡើយ ព្រោះខ្លាចគ្រោះថ្នាក់ និងបែកមុខបែកមាត់ខូចសម្រស់ ប៉ុន្តែពួកយើងមិនអាចរារាំងគេបានឡើយ»។
អ្នកស្រីបានបន្តថា រយៈក្រោយពេលឡើងប្រកួតទទួលបានជ័យជម្នះ និងបានប្រាក់ជួយមកដល់គ្រួសារ និងគ្មានបញ្ហាគ្រោះថ្នាក់នោះ ពួកគាត់បានគាំទ្រចំពោះអាជីពនេះ។ សព្វថ្ងៃនៅពេលដែលសុធាឡើងប្រកួត អ្នកភូមិមើលតាមទូរទស្សន៍ច្រើនណាស់ពិសេសនៅតាមហាងលក់កាហ្វេ។
កញ្ញាកីឡាការិនីរូបស្អាត បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា ប្រដាល់គឺជាមុខរបរមួយដែលរកប្រាក់ចំណូលប្រកប ដោយសុចរិត យុត្តិធម៌ និងតាមសមត្ថភាពរបស់ខ្លួន។ នាងបានអះអាងថា៖ «សព្វថ្ងៃ ខ្ញុំមានកម្លាំងប្រកួត គឺចង់បានមួយខែប្រកួត៤ដង ហើយនៅពេលដែលខ្ញុំប្រកួតមិនកើតចង់រៀនធ្វើជាចៅក្រមអាជ្ញា កណ្តាលដូចគេ។ អ្វីដែលខ្ញុំមានរហូតដល់ពេលនេះ គឺខ្ញុំមិនភ្លេចគុណនោះឡើយចំពោះការណែនាំរបស់លោកគ្រូ សូយ សុខុម»។
លោក សូយ សុខុម គ្រូបង្វឹកក្លិបអូរដឹម បានបញ្ជាក់ឲ្យដឹងថា សូយ សុធា ផ្តើមចេញពីស្នាដៃដែលលោកធ្វើការបង្វឹកដោយផ្ទាល់ ហើយឥឡូវនេះ ប្រសិនការប្រកួតក្នុងប្រភេទទម្ងន់ដូចគ្នានាងមិនអាចរកដៃគូ ប្រកួតបានទេ។
លោកបានបន្តថា កន្លងមក សុធាមានទម្ងន់មិនគ្រប់៥២គីឡូក្រាមផង ប៉ុន្តែនាងហ៊ានប្រកួតជាមួយដៃគូដែលមានទម្ងន់រហូតដល់ពី៥៧ទៅ៦០ គីឡូក្រាមឯណោះ៕
សាទរចំពោះភាពជោគជ័យ និងការតស៊ូ ទន្ទឹមនោះក៏ត្រូវរៀនស្វែងយល់ចំណេះអោយបានច្រើនផងដែរ។ ចង់ធ្វើជាចៅក្រមមិនមែនចេះតែចង់នោះទេ។ ការដែររៀនខ្ពស់ថ្នាក់នៅសាលាមិនទាន់គ្រប់គ្ាន់ដែរតែការរៀនពីសង្គមគឺជាល្អ
អបអរសាទរប្អូន ណា ខំទៅ វាជារបរសុច្ចរិត ទៀងត្រង់ មិនមានអ្នកណាមើលងាយប្អូនទេ
ពិតជាល្អណាស់ដែលមានទឹកចិត្តស្នេហាកីឡាប្រដាល់
បើនាងខំប្រឹងលើសនេះទៀតនាងល្បីហើយមានអ្នកគាំទ្រកាន់តែច្រើន
ពីព្រោះនាងជាកីឡាការីដែលមានរូបសម្ផស្សស្រស់ផងនោះ។
Good Lucks Lady!
ល្អណាស់ សុធា ប្រឹងឡើង ! កុំប្រកួតញឹកពេក ប្រយ័ត្នបាក់កម្លាំង មួយខែ ពីដងបានហើយ!
សុធា ខ្ញុំគាំទ្រនាង នាងជាកីឡាការិនីដ៏ល្អទី១របស់ប្រកម្ពុជានៅក្នុងប្រវត្តិសាស្រ្តផ្នែកកីឡាប្រដាល់ ខ្ញុំសង្ឃឹមថានឹងបានឃើញនាងមានឈ្នោះបោះសំឡេង នៅក្នុងឆាកអន្តរជាតិទៀត មាន Asia game និង Olympic game ជាដើម សូមអោយនាងមានសុខភាពល្អ និង ជោគជ័យក្នុងអាជីព។