ថ្ងៃ ពុធ 04 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI
បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹងដល់សាធារណជនថា បច្ចុប្បន្ន ប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសកាត់ពីលើអាងទន្លេមេគង្គ (ពីប្រទេសមីយ៉ាន់ម៉ា ទៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ប្រទេសហ្វីលីពីន ) បាន និងកំពុងមានឥទ្ធិពលមកលើអាងទន្លេមេគង្គ ដោយបង្កឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ ពិសេសនៅក្នុងអាងទន្លេមេគង្គភាគខាងលើ។

ទឹកជំនន់ជន់លិចសន្ទូងរបស់កសិករនៅឃុំវិហារសួគ៌ ខេត្តកណ្តាល កាលពីពេលកន្លងមក (រូបថតឯកសារ)
©ចាន់ណា
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ចុះថ្ងៃទី៤កក្កដា ឆ្នាំ២០១២ របស់ក្រសួងធនធានទឹក និងឧតុនិយម របស់ប្រទេសកម្ពុជា បានបង្ហាញថា ស្ថានភាពនេះនឹងបណ្តាលឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប ចាប់កើនឡើង ធ្វើឲ្យតំបន់ទំនាបមួយចំនួន ដែលស្ថិតនៅអមដងទន្លេខាងលើ ចាប់ផ្តើមលិចជាបន្តបន្ទាប់ ដែលការលិចនេះ ក៏នឹងធ្វើឲ្យមានការប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ នៅតំបន់ទាំងនោះផងដែរ។
សេចក្តីជូនដំណឹងដដែល បានប្រកាសអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គកម្ពុជា ទន្លេសាប ទន្លេបាសាក់ និងនៅតំបន់ជុំវិញបឹងទន្លេសាប សូមមានវិធានការប្រមូលកសិផលឲ្យទាន់ពេលវេលា និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ខាងលើ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
———————————–

