ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ រង​ការ​ចោទ​ថា​ចាប់​ឈើ​លក់​ចែក​លុយ​គ្នា

ដោយ ខែ សុណង
2012-07-06
​វិទ្យុ​អាស៊ីសេរី

ពលរដ្ឋ និង​សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តាក្រី ឃុំ​តាក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ចោទ​ប្រកាន់​ថា ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ប៉ូលិស​ប៉ុស្តិ៍ ចាប់​យក​ឈើ​ដែល​ជន​ល្មើស​កាប់ ទៅ​លក់​ចែក​លុយ​គ្នា។

សមាជិក​សហគមន៍​ការពារ​ព្រៃឈើ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ប្រធាន​សហគមន៍ និង​ជា​មេ​ភូមិ​តាក្រី ឈ្មោះ សោម សាលួត អនុ​ប្រធាន​សហគមន៍ ឈ្មោះ ម៉ី យ៉ុត និង​សមាជិក​សហគមន៍​ឈ្មោះ អួន ទុំ បាន​យក​ឈើ​ចម្រុះ​ប្រមាណ​ជាង ១​ម៉ែត្រ​គីប ដែល​ចាប់​ពី​ជន​ល្មើស​កាប់​ឈើ​ក្នុង​សហគមន៍ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ទៅ​លក់​ចែក​លុយ​គ្នា​ជា​មួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឈ្មោះ លត សុធី និង​មេ​ប៉ូលិស​ប៉ុស្តិ៍​ម្នាក់​ទៀត​ឈ្មោះ ឆាង។

សមាជិក​សហគមន៍​ការពារ​ព្រៃឈើ៖ «ជន​ល្មើស​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ ដល់​ហើយ​ប៉ូលិស​ឃុំ​ហ្នឹង ហើយ​នឹង​រដ្ឋបាល​ព្រៃឈើ​ក្នុង​ភូមិ​តាក្រី ហ្នឹង គាត់​ចាប់​បាន​ជន​ល្មើស​ហ្នឹង។ គាត់​យក​ទៅ​បាត់ អត់​មាន​ឲ្យ​ខាង​សហគមន៍​ហ្នឹង​ដឹង​ថា​ឈ្មោះ​អីៗ​ទេ យក​ទៅ​បាត់។ ហើយ​ក៏​ដោះស្រាយ​គ្នា​តាម​រយៈ​លុយ​កាក់​មិន​ដឹង ក៏​លែង​ជន​ល្មើស​ទៅ​អស់​ទៅ។ ដែល​ឈើ​កាប់​បាន​នោះ គាត់​ប្រគល់​មក​ឲ្យ​សហគមន៍។ ប្រធាន​សហគមន៍​ហ្នឹង មាន​គ្នា​តែ​៣​នាក់​ទេ គាត់​អត់​បាន​ប្រកាស​ប្រជុំ​ប្រាប់​សមាជិក​អី​ទេ។ គាត់​នាំ​គ្នា​ដឹក​ទៅ​អស់ ហើយ​គាត់​យក​ទៅ​លក់​បាន គាត់​ចែក​គ្នា​ជាមួយ​ប៉ូលិស និង​រដ្ឋបាល​ព្រៃឈើ​អស់​ទៅ អត់​មាន​ប្រាប់​សមាជិក​សហគមន៍​ថា យើង​យក​ឈើ​មក​ធ្វើ​អីៗ​ទេ»

ប៉ុន្តែ​ប្រធាន​ភូមិ​តាក្រី និង​ជា​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ លោក សោម សាលួត បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក​អះអាង​ថា ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ឈើ​នោះ គឺ​ពួក​គាត់​បាន​យក​ទៅ​ឲ្យ​ថ្លៃ​ប្រេង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អស់​ហើយ៖ «អ្នក​ដែល​កាប់​ឈើ​ហ្នឹង មាន​ខ្នង​មាន​អីចឹង​ណា។ សមាជិក​អត់​ហ៊ាន​ទៅ​ដឹក​ទេ។ ដល់​ពេល​ហើយ ជួល​គោ​យន្ត​គេ​ទៅ​ដឹក​វិញ។ ដល់​អា​ទៅ លក់​ឲ្យ​ថ្លៃ​ម៉ាស៊ូត​អ្នក​ដឹក​អី​ហ្នឹង​ឯង»

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​កំរៀង លោក លត សុធី មាន​ប្រសាសន៍​ថា ពុំ​មាន​ដូច​ការ​លើក​ឡើង​ពី​សមាជិក​សហគមន៍​នោះ​ទេ។ ហើយ​សំណុំ​រឿង​នេះ លោក​បាន​បញ្ជូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អស់​ហើយ៖ «អត់​ទេ អត់​មាន​រឿង​ចែក​លុយ​គ្នា​ទេ​អា​ហ្នឹង។ ឲ្យ​គាត់​អា​ទៅ ហើយ​ក៏​ដូច​ជា​ឲ្យ​ថ្លៃ​សាំង​ហ្នឹង​ទៅ មិន​ដឹង​ប៉ុន្មាន​ថ្ងៃ ជិត​១​អាទិត្យ។ ទេ​ខ្ញុំ អា​រឿង​លុយ​អីៗ ខាង​គាត់​ទេ»

ប្រជាពលរដ្ឋ​ភូមិ​តាក្រី ម្នាក់​ថ្លែង​ថា ករណី​ស្រដៀង​គ្នា​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ។ ករណី​ល្មើស​លើក​នេះ ប្រធាន​សហគមន៍​នេះ​មិន​គោរព​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​ដែល​បាន​ឯកភាព​គ្នា​ថា យក​ឈើ​នោះ​មក​សាង​សង់​ស្នាក់​ការ​ជួប​ប្រជុំ​គ្នា​នោះ​ឡើយ តែ​បែរ​ជា​យក​ឈើ​ដែល​ជន​ល្មើស​កាប់​បំផ្លាញ ទៅ​លក់​ចែក​លុយ​គ្នា​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles