ដោយ អ៊ុក សាវបូរី
2012-07-06
វិទ្យុអាស៊ីសេរី
ភូមិស្វាយឫស្សី នៅចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីក្រុងតាកែវ ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងភូមិនោះមិនសូវឃើញយុវជន ដែលមានអាយុប្រមាណ ១៧ ទៅ ៣៥ឆ្នាំ រស់នៅក្នុងភូមិនោះឡើយ។

៥-កក្កដា-២០១២៖ ស្ត្រីឈ្មោះ សោម ចាន់ធូ នៅភូមិខាន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ទើបរត់មកដល់ផ្ទះកាលពីដើមខែកក្កដា ឆ្នាំ២០១២។
RFA/Ouk Savborey
ពាក់ព័ន្ធការកត់សម្គាល់នេះ លោក អ៊ូច សឿន រស់នៅភូមិស្វាយឫស្សី អះអាងថា យុវជនបានចេញពីភូមិ ទៅរកការងារធ្វើនៅក្នុងប្រទេសផង និងក្រៅប្រទេសផង។ ក្នុងគ្រួសារគាត់មានកូន និងកូនប្រសាចំនួន ៥នាក់ ចេញទៅធ្វើការនៅប្រទេសថៃ (Thailand)។ ក្នុងនោះមាន២នាក់ ទៅធ្វើការតាមមេខ្យល់ ពួកគេជួបការលំបាកជាខ្លាំង ទម្រាំវិលមកប្រទេសខ្មែរវិញ។
លោក អ៊ូច សឿន៖ «ខ្ញុំនឹកឃើញថាចង់ឃាត់កូន ខ្ញុំនឹកឃើញកូនទោះបីជាកូនច្រើន។ ប៉ុន្តែឃាត់យ៉ាងម៉េច បើរកថវិការកក្នុងយើងហ្នឹង វាស្តួចស្តើងពេក។ បើថាធ្វើសំណង់បាន ១ម៉ឺនជាងហ្នឹង គ្រាន់តែដោះស្រាយហ្នឹងមិនគ្រាន់ វាមិនបានសល់អីទេ បានថាទៅដល់នោះបានមូលសល់ខ្លះទៅ បានជាកូនខ្ញុំទៅអស់។ ប៉ុន្តែកូនក្រោយនេះ វាទៅចាញ់បោកគេមែន»។
ក្រុមស្ត្រីដែលរងនូវការជួញដូរពលកម្ម នៅភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ឲ្យដឹងថា ពួកគាត់ទម្រាំគេចខ្លួនពីប្រទេសថៃ មកដល់ស្រុកខ្មែរ បានជួបការលំបាកខ្លាំង និងរត់គេចពីការជួញដូរបន្ត។
ស្ត្រីវ័យក្មេង ឈ្មោះ សោម ចាន់ធូ រស់នៅសង្កាត់បារាយណ៍ ឲ្យដឹងថា បានជាគាត់សម្រេចចិត្តចេញទៅធ្វើការនៅបរទេស ព្រោះតម្លៃឈ្នួលថ្លៃជាងធ្វើការនៅក្នុងស្រុក។ ក្រៅពីតម្លៃឈ្នួលថ្លៃ ប្រទេសគេទំនើប និងគោរពសិទ្ធិមនុស្ស។ ទើបគាត់សម្រេចចិត្តទៅធ្វើការតាមការអូសទាញរបស់មេខ្យល់។
ស្ត្រី សោម ចាន់ធូ៖ «ដល់ពេលទៅអ៊ីចឹង ក្មេងហ្នឹងនាំពួកខ្ញុំចេញទៅកន្លែងគេយកប៉ាសស្ព័រហ្នឹង ហើយគេឆូតក្នុងម៉ាស៊ីន ហើយគេហុចឲ្យពួកខ្ញុំវិញ។ ក្មេងវាប្រាប់ខ្ញុំថា ពេលគេហូតអាហ្នឹងហើយ ឆ្លងដល់មុខ ខ្ញុំសុំដកវិញ ទៅយកអ្នកក្រោយមកទៀត។ ដល់អ៊ីចឹង ពួកខ្ញុំទៅដល់ច្រកថៃ គេចាប់ គេថាពួកខ្ញុំអត់ឲ្យចេញទៅណាទេ គេឲ្យចូលទៅក្នុងនោះកន្លែងប៉ុស្តិ៍គេ។ ពួកខ្ញុំជាប់គុកហ្នឹងហើយ ពេលគេឲ្យចេញមេខ្យល់អត់ឲ្យពួកខ្ញុំទៅផ្ទះទេ។ គេនាំពួកខ្ញុំទៅថៃ ម្តងទៀត គេឲ្យចុះក្នុងអូរតាមជ្រោះ ចូលលូ ដើរតាមលូ វេទនាមុតអំបែង»។
សោម ចាន់ធូ បន្តថា គាត់បានចាញ់បោកមេខ្យល់ ដែលរស់នៅភូមិត្រពាំងធំ ក្នុងក្រុងដូនកែវ មកបបួលយុវជនស្រីប្រុស ដែលគ្មានការងារធ្វើ ឲ្យព្រមទៅធ្វើការនៅប្រទេសថៃ។ មេខ្យល់ប្រាប់ថា ក្រុមហ៊ុនអេឡិចត្រូនិកនៅថៃ នឹងផ្តល់ប្រាក់ខែសម្រាប់ម្នាក់ក្នុង១ខែ គឺ១៣.០០០បាត ប្រាក់ថៃ។
មេខ្យល់សន្យាថា ផ្តល់លិខិតឆ្លងដែនឲ្យគ្រប់គ្នា ពេលបានចូលទៅធ្វើការនៅប្រទេសថៃ។ មេខ្យល់តម្រូវឲ្យពួកគាត់រកគ្នាឲ្យបានច្រើន ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ ដើម្បីស្រួលរកការងារឆាប់បានធ្វើ។ អ្នកភូមិស្វាយឫស្សី និងភូមិខាន់ខាវ ប្រមូលគ្នាបានចំនួន ១៥នាក់ ដើម្បីចេញដំណើរទៅធ្វើការនៅប្រទេសថៃ នោះ។
ប៉ុន្តែពួកគាត់ត្រូវតម្រួតថៃ ចាប់ដាក់គុក និងមេខ្យល់នៅប្រទេសថៃ លក់បន្ត ទម្រាំរត់មកដល់ភូមិនៅក្នុងខែកក្កដា នេះវិញ៖ «មុនដំបូង គេថាឲ្យពួកខ្ញុំទៅធ្វើការនៅកន្លែងអេឡិចត្រូនិកទេ ដល់ពេលអេឡិចត្រូនិក គេអត់ទាន់រើសមនុស្ស គេឲ្យពួកខ្ញុំទៅធ្វើកន្លែងបង្គាសិន ដល់ពេលធ្វើកន្លែងបង្គាបានលុយតិចពេក ពួកខ្ញុំសុំទៅកន្លែងអេឡិចត្រូនិកវិញ បានលុយច្រើន។ គេក៏ឲ្យទៅ ពេលនាំគ្នាទៅនោះ ថៅកែបង្គាគេអត់ព្រមឲ្យទៅទេ បើទៅបង់លុយឲ្យគេ។ ឲ្យបង់ថ្លៃឡានម្នាក់ ២ពាន់ ហើយពួកខ្ញុំហ្នឹង សុំបង់ម្នាក់ ១ពាន់ ដើម្បីចេញពីកន្លែងហ្នឹង ព្រោះកន្លែងហ្នឹង បានលុយតិច ហើយលំបាកទៀត ឈរៗឡើងហើមជើង ហើយទឹកបង្គាហ្នឹង មុតហើយរមាស់ទៀត។ អ្នកខ្លះរោលដៃឡើងរលួយហើយ។ ហើយមេខ្យល់គេប្រាប់ថា នឹងមានគេឲ្យលុយអី តាមពិតគ្មានទេ»។
ស្ត្រីឈ្មោះ សែម មឿន រស់នៅភូមិស្វាយឫស្សី និយាយពីការរត់គេចពីតម្រួតថៃ ដោយសារចាញ់មេខ្យល់នៅភូមិត្រពាំងធំ ក្រុងដូនកែវ ដែលមិនទទួលខុសត្រូវក្នុងការនាំផ្លូវពួកគាត់ចំនួន ១៥នាក់ ទៅដល់កន្លែងធ្វើការនៅប្រទេសថៃ ដូចការសន្យាមុនទទួលប្រាក់ ២០០ដុល្លារ ក្នុងម្នាក់ឡើយ៖ «គេនិយាយភាសាថៃ មានអ្នកបកប្រែ គេសួរថា ហេតុអីមកធ្វើអី បើអត់មានមេខ្យល់ពិតប្រាកដ។ ខ្ញុំឆ្លើយថា គេប្រាប់ខ្ញុំមកថា គេជូនដល់កន្លែងធ្វើការ។ ឥឡូវដល់ពេលពួកខ្ញុំមកដល់ប៉ោយប៉ែត គេប្រលែងខ្ញុំ ខ្ញុំអត់ដឹងទេ។ គេហៅឡានមក ពួកខ្ញុំភ័យពេកនាំគ្នាអង្គុយយំ។ ទៅដល់ឡើងឡាន វាថាមានលុយប៉ុន្មាន វាឆែកយកអស់ហើយ។ ពួកខ្ញុំនេះភ័យថា គ្មានលុយមកផ្ទះវិញទេ។ ដល់ហើយគេនិយាយថា ឥឡូវមានគ្នា ១២នាក់ ជាប់គុក ១២ខែដែរ។ ខ្ញុំឮ ១២ខែ ខ្ញុំភ័យទៀត គិតតែពីយំ ហ្នឹងហើយម៉ែឪឃាត់អត់ជឿទេ»។
ស្ត្រីឈ្មោះ សំឡូត នៅភូមិស្វាយឫស្សី ដែរ ឲ្យដឹងថា ពួកគាត់ក្លាយជាអ្នកទោស ព្រោះតែចង់ធ្វើការនៅប្រទេសថៃ ដែលល្បីថាបានប្រាក់ខែច្រើនជាងធ្វើការនៅក្នុងស្រុកខ្មែរ។ តែគាត់បានក្លាយទៅជាជនរងគ្រោះច្រើនជាន់ ទី១ ជាប់គុកនៅថៃ។ ទី២ ជំពាក់ប្រាក់គេ ខ្ចីបង់ឲ្យមេខ្យល់មុនចេញដំណើរ។ ទី៣ អស់ដីស្រែព្រោះលក់សងប្រាក់គេវិញ។ ទី៤ មិនបានធ្វើការ ហើយអស់ប្រាក់ថែមទៀត ទម្រាំរត់គេចមកដល់ផ្ទះវិញ។ បញ្ហានេះ គាត់សុំឲ្យរដ្ឋាភិបាលចាប់មេខ្យល់ ដែលបោកប្រាស់ពលរដ្ឋខ្មែរដាក់ទោសតាមច្បាប់។
ស្ត្រីឈ្មោះ សំឡូត៖ «សុំឲ្យអ្នកក្រោយហ្នឹង កុំចាញ់បោកដូចពួកខ្ញុំទៀត ព្រោះពួកខ្ញុំស្គាល់រសជាតិទៅថៃ ពិបាកអស់ហើយ។ ការងារក៏អត់បានធ្វើ លុយក៏អស់ទៀត ១លានជាង ក៏ខ្ទេច ជំពាក់គេនៅចុងទៀត។ នៅស្រុកខ្មែរ ខ្ញុំមានជីវភាពរុងរឿងដែរ នៅស្រែចិញ្ចឹមជ្រូក ចិញ្ចឹមគោ ធ្វើស្រែ ប៉ុន្តែឃើញបងប្អូនគេចេញទៅ ចេះតែបានអ៊ីចឹង ចេះតែចង់ទៅ ក្រែងលោបានសល់លុយរឹតតែច្រើនឡើង»។
ចៅសង្កាត់បារាយណ៍ លោក ម៉ែន ជឹម ថ្លែងថា ពលរដ្ឋក្នុងសង្កាត់នេះបានធ្វើចំណាកស្រុកជាង ១.៥២០នាក់ហើយ គិតដល់ខែឧសភា ឆ្នាំ២០១២។ ក្នុងនោះ អ្នកចេញទៅបរទេសស្របច្បាប់ជាង ៥០០នាក់។ ពួកគេបានជួយឧបត្ថម្ភគ្រួសារវិញ ដូចជាសងបំណុលផ្សេងៗ សង់លំនៅថ្មី និងឲ្យគ្រួសារមានថវិកាចាយវាយ។ ទន្ទឹមនោះ មានក្រុមយុវជនខ្លះមិនបានចេញទៅស្របច្បាប់ទេ ពួកគេចេញទៅតាមមេខ្យល់ ហើយលាក់លៀមមិនឲ្យអាជ្ញាធរដឹងឮទេ។ លោកបន្តថា ថ្មីៗនេះអាជ្ញាធរបានសុំឲ្យបុគ្គលិកក្រុមហ៊ុន ទូច ម៉ាណាក់ មែនផៅវ័រ សីបផ្លាយ (Touch Manak Manpower Supply) ដែលគ្មានទីតាំងនៅក្នុងខេត្តតាកែវ ហើយបានដើរទាក់ទាញពលរដ្ឋក្នុងមូលដ្ឋាននេះឲ្យទៅធ្វើការនៅបរទេស។ លោកបានស្ទាក់សុំឲ្យបុគ្គលិកក្រុមហ៊ុននោះ យកលិខិតបញ្ជាក់ និងច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការធ្វើអាជីវកម្មនាំពលករទៅបរទេសនោះ ព្រោះបង្ការខ្លាចពលរដ្ឋចាញ់បោកក្រុមហ៊ុនក្លែងក្លាយ។
បុគ្គលិកសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តតាកែវ កញ្ញា នុត ចំរើន ថ្លែងថា ក្រោយពីរាជរដ្ឋាភិបាលផ្អាកក្រុមហ៊ុនទាំងឡាយ ដែលនាំពលករទៅប្រទេសម៉ាឡេស៊ី មកនោះ មានគ្រួសារពលករទៅធ្វើការនៅបរទេសច្រើននាក់ បានមកដាក់ពាក្យប្ដឹងសុំឲ្យសមាគម អាដហុក ឲ្យជួយរកកូនចៅដែលដល់ឆ្នាំកំណត់ ត្រូវមកផ្ទះវិញ តែមិនទាន់ឃើញមកដល់ផ្ទះ៖ «បើសិនណាជាគាត់ហ្នឹងមករកអង្គការសិទ្ធិមនុស្ស យើងនឹងព្រឹក្សាយោបល់ផ្នែកច្បាប់ឲ្យគាត់យល់ ហើយបើសិនណាគាត់ទៅស្របច្បាប់ហើយ ត្រូវគេលក់ដូរកម្លាំងពលកម្មគាត់ យើងឲ្យគាត់ហ្នឹងដាក់ពាក្យបណ្ដឹងដាក់អីចឹង»។
មន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងថា កាលពីដើមខែមិថុនា ពលករចំណាកស្រុកទៅប្រទេសកូរ៉េ (Korea) មានជាង ១៧.០០០នាក់ គិតពីឆ្នាំ២០០៨ មកដល់ដើមឆ្នាំ២០១២។
ប្រធានអង្គការ ខារ៉ាម កម្ពុជា (CARAM Cambodia) ដែលធ្វើការពាក់ព័ន្ធជនចំណាកស្រុក លោក យ៉ា ណាវុធ ថ្លែងថា តាមតួលេខពលករចំណាកស្រុក ទាំងស្របច្បាប់ និងមិនស្របច្បាប់ទៅប្រទេសថៃ ពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១១ មានជាង ២សែននាក់។ លោកបន្តថា ពលករខ្មែរទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ជាង ៥ម៉ឺននាក់។ ក្នុងនោះ អ្នកបម្រើជាស្ត្រីមេផ្ទះចំនួនជាង ៣ម៉ឺននាក់។
លោកបន្ថែមថា ដោយសារតែពលករទៅបរទេសជួបបញ្ហារំលោភសិទ្ធិមនុស្ស លោកសុំអំពាវនាវឲ្យពលរដ្ឋដែលមានបំណង ឬមានកូនចៅចង់ទៅបម្រើការងារនៅបរទេស គួរស្វែងយល់ពីលក្ខខណ្ឌការងារជាមុនសិន។ ប្រសិនបើចង់បានជំនួយផ្លូវច្បាប់ដល់ពលករទាំងអស់ដែលរងនូវការរំលោភផ្សេងៗ សូមទាក់ទងអង្គការ ខារ៉ាម កម្ពុជា តាមទូរស័ព្ទលេខ ០១២ ៩៦១ ៤២៧ និងលេខ ០១២ ៩៤៩ ៩១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
YOU SHOULD be BLAMING YOURSELF, never listened to our government adviced.,
I’M NOT SURPRISED TO HEAR THIS, IT WAS GOOD FOR U. IDIOT !