សង្គម​ស៊ីវិល៖ ចំនួន​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥​គួរ​បង្កើន​ឲ្យ​លើស​១២៣

ដោយ ដែន អយុធ្យា
2012-07-06
វិទ្យុ​អាស៊ីសេរី

លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា ថា ចំនួន​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥ បាន​កំណត់​ត្រឹម​ចំនួន ១២៣​អាសនៈ។

លោក អ៊ឹម សួស្តី (ឆ្វេង) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។

លោក អ៊ឹម សួស្តី (ឆ្វេង) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Den Ayuthea

ការ​កំណត់​ចំនួន​អាសនៈ​នេះ យោង​តាម​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១២ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​កំណត់​អាសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៥។

ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​នីតិកាល​ទី​៤ ​អនុម័ត នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១ និង​ត្រូវ​បាន​ព្រឹទ្ធសភា​យល់​ស្រប​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១។

លោក អ៊ឹម សួស្តី ឲ្យ​ដឹង​ថា ចំនួន​អាសនៈ​ទាំង ១២៣ ត្រូវ​បែង​ចែក​តាម​មណ្ឌល​បោះ​ឆ្នោត​ក្នុង ២៤ រាជធានី-ខេត្ត ទូទាំង​ប្រទេស ក្នុង​នោះ៖
– មណ្ឌល​ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន ៦អាសនៈ
– មណ្ឌល​បាត់ដំបង មាន​ចំនួន ៨អាសនៈ
– មណ្ឌល​កំពង់ចាម មាន​ចំនួន ១៨អាសនៈ
– មណ្ឌល​កំពង់ឆ្នាំង មាន​ចំនួន ៤អាសនៈ
– មណ្ឌល​កំពង់ស្ពឺ មាន​ចំនួន ៦អាសនៈ
– មណ្ឌល​កំពង់ធំ មាន​ចំនួន ៦អាសនៈ
– មណ្ឌល​កំពត មាន​ចំនួន ៦អាសនៈ
– មណ្ឌល​កណ្ដាល មាន​ចំនួន ១១​អាសនៈ
– មណ្ឌល​កោះកុង មាន​ចំនួន ១អាសនៈ
– មណ្ឌល​ក្រចេះ មាន​ចំនួន ៣អាសនៈ
– មណ្ឌល​មណ្ឌលគិរី មាន​ចំនួន ១អាសនៈ
– មណ្ឌល​ភ្នំពេញ មាន​ចំនួន ១២អាសនៈ
– មណ្ឌល​ព្រះវិហារ មាន​ចំនួន ១អាសនៈ
– មណ្ឌល​ព្រៃវែង មាន​ចំនួន ១១អាសនៈ
– មណ្ឌល​ពោធិ៍សាត់ មាន​ចំនួន ៤អាសនៈ
– មណ្ឌល​រតនគិរី មាន​ចំនួន ១អាសនៈ
– មណ្ឌល​សៀមរាប មាន​ចំនួន ៦អាសនៈ
– មណ្ឌល​ព្រះសីហនុ មាន​ចំនួន ១អាសនៈ
– មណ្ឌល​ស្ទឹងត្រែង មាន​ចំនួន ១អាសនៈ
– មណ្ឌល​ស្វាយរៀង មាន​ចំនួន ៥អាសនៈ
– មណ្ឌល​តាកែវ មាន​ចំនួន ៨អាសនៈ
– មណ្ឌល​កែប មាន​ចំនួន ១អាសនៈ
– មណ្ឌល​ប៉ៃលិន មាន​ចំនួន ១អាសនៈ និង
– មណ្ឌល​ឧត្តរមានជ័យ មាន​ចំនួន ១អាសនៈ។

ការ​កំណត់​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥ ត្រឹម ១២៣​អាសនៈ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ចំនួន​អាសនៈ​នេះ​គួរ​ត្រូវ​បង្កើន​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ព្រោះ​ថា តាម​មណ្ឌល​រាជធានី-ខេត្ត មួយ​ចំនួន អត្រា​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​កើន​ច្រើន។

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​មិន​បង្កើន​ចំនួន​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥ ឲ្យ​លើស​ពី ១២៣​អាសនៈ ទំនង​ជា​មន្ត្រី​បក្ស​កាន់​អំណាច​ខ្លាច​ចាញ់​បក្ស​ប្រឆាំង។

លោក យឹម សុវណ្ណ៖ «គណបក្ស សម រង្ស៊ី បាន​គាំទ្រ​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​កៅអី​រដ្ឋសភា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ក្នុង​ករណី​ចាំបាច់។ ក៏​ប៉ុន្តែ គណបក្ស​ប្រជាជន គេ​បាន​បដិសេធ​រឿង​ហ្នឹង ហើយ​ខ្ញុំ​យល់​ថា នេះ​ជា​ហេតុផល​នយោបាយ។ ពីព្រោះ​ថា កៅអី​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ដំឡើង​នោះ វា​នឹង​ធ្លាក់​ទៅ​ក្នុង​គណបក្ស​អ្នក​​ប្រជាធិបតេយ្យ។ អញ្ចឹង​ហើយ បាន​ជា​គណបក្ស​កាន់​អំណាច​នេះ គេ​ទប់​ស្កាត់ គេ​មិន​ចង់​ឲ្យ​មាន​ការ​ដំឡើង​កៅអី​រដ្ឋសភា​ទេ»

ដូច​គ្នា​ដែរ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និចហ្វិក មាន​ប្រសាសន៍​ថា ចំនួន​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥ គួរ​ត្រូវ​បង្កើន​ឲ្យ​បាន​ច្រើន​ជាង ១២៣​អាសនៈ។ លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ដូច្នេះ៖ «ខ្ញុំ​យល់​ថា ១២៣​អាសនៈ​នេះ គួរ​តែ​ត្រូវ​បង្កើន ដោយ​សារ​ប្រជាពលរដ្ឋ​មាន​ចំនួន​កើន​ឡើង។ ក៏​ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​នៅ​ពេល​ក្រុម​ការងារ​មួយ ដើម្បី​ពិនិត្យ​ទៅ​លើ​ការ​បង្កើត​អាសនៈ​នេះ​បាន​ឯកភាព​គ្នា​ថា នឹង​មិន​មាន​ការ​បង្កើន​ចំនួន​អាសនៈ។ អញ្ចឹង​ខ្ញុំ​គិត​ថា រឿង​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការងារ​នយោបាយ​ខ្លះ​ដែរ»

គ.ជ.ប បាន​ប្រកាស​ថា កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ​​នីតិកាល​ទី​៥ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាងមុខ។

ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​តាម​ឃុំ-សង្កាត់ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៥ មាន​រយៈពេល ៤២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។ រីឯ​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles