ដោយ សុខ សេរី
2012-07-06
វិទ្យុអាស៊ីសេរី
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ បានប្រកាសអនុញ្ញាតឲ្យកាសែតចិនថ្មីមួយឈ្មោះ ខ្មែរ ដេលី (Khmer Daily Newspaper) ចេញផ្សាយជាផ្លូវការចាប់ពីពេលនេះតទៅ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ (ស្តាំ) ជួបជាមួយចាងហ្វាងកាសែត ខ្មែរ ដេលី លោក ឆាវ អ៊ីនទ័រ (កណ្ដាល) នាក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២។
RFA/Sok Serey
កាសែតថ្មីនេះចេញផ្សាយក្នុងមួយសប្ដាហ៍ ៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ចំនួន ២.៥០០ច្បាប់។ នៅថ្ងៃអនាគត កាសែតថ្មីនេះមានគម្រោងចេញផ្សាយជាភាសាចិន ជារៀងរាល់ថ្ងៃដែរ។
កាសែតរបស់ចិនសរសេរជាភាសាខ្មែរនោះ ចេញផ្សាយផ្ដោតលើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសចិន នៅគ្រាដែលទំនាក់ទំនងនៃប្រទេសទាំងពីរ បានឈានដល់ចំណុចកំពូល គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកន្លងមក។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតនៅក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ ថា កម្ពុជាមានសក្ដានុពលសេដ្ឋកិច្ចច្រើន ប៉ុន្តែការយល់ដឹងពីប្រទេសដទៃទៀត នៅមានតិចនៅឡើយ។ រីឯការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក ក៏នៅខ្វះខាតដែរ អំពីវិស័យសេដ្ឋកិច្ចនៅកម្ពុជា។
លោក ខៀវ កាញ៉ារិទ្ធិ៖ «ចំពោះក្រសួងព័ត៌មាន គឺជាការរីករាយមួយ ដោយសារថា ទី១ យើងមានកាន់តែសម្បូរបែប នៃសារព័ត៌មានរបស់យើង។ កន្លងមក យើងមានសារព័ត៌មានគ្រាន់តែនិយាយបញ្ហាធម្មតា។ ឥឡូវនេះ យើងមានសារព័ត៌មានគ្រប់បែបយ៉ាង គឺទាំងសារព័ត៌មានដែលនិយាយព្រឹត្តិការណ៍កើតឡើងប្រចាំថ្ងៃ សារព័ត៌មានវិភាគ សារព័ត៌មានសេដ្ឋកិច្ច សារព័ត៌មានរថយន្ត ទូរស័ព្ទ ឬតារាភាពយន្ត ឬក៏ម៉ូដែលស្លៀកខោអាវ ផ្ទះ។ ដូច្នេះយើងឃើញថា ការវិវឌ្ឍរបស់សង្គមរបស់យើងនេះ ពីព្រោះបើប្រជាជនយើងមិនមានការយល់ដឹងទេ គាត់យ៉ាងច្រើនណាស់ មើលតែដំណឹងរឿងឡានបុកឆ្កែ បុកឆ្មា បុកមនុស្ស កាប់ចាក់គ្នាប៉ុណ្ណឹង។ ប៉ុន្តែយើងឃើញថា កំរិតការយល់ដឹងរបស់ប្រជាជនយើងវាខ្ពស់»។
ទាក់ទងនឹងការចេញផ្សាយនេះ ចាងហ្វាងនៃកាសែត ខ្មែរ ដេលី លោក ឆាវ អ៊ីនទ័រ ដែលបានចូលសញ្ជាតិខ្មែរចំនួនជាងឆ្នាំកន្លងមកនេះ បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ការចេញផ្សាយនេះ គឺស្របតាមតម្រូវការរបស់អ្នកអាន និងស្ថានការណ៍សេដ្ឋកិច្ចនៅប្រទេសកម្ពុជា៖ «ខ្មែរ ដេលី ក្រៅពីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ឬក៏ព័ត៌មានអភិវឌ្ឍនៅប្រទេសកម្ពុជាហើយ ក៏អាចផ្សព្វផ្សាយ ឬពាំនាំព័ត៌មានកាន់តែច្រើន អំពីការអភិវឌ្ឍនៅក្នុងប្រទេសចិន។ ដូច្នេះ ឈរលើមូលដ្ឋាននៃការបង្កើតកាសែត ខ្មែរ ដេលី ជាភាសាខ្មែរ យើងខ្ញុំបច្ចុប្បន្នកំពុងតែត្រៀមលក្ខណៈ ត្រៀមកម្លាំង ដើម្បីចេញផ្សាយកាសែត ខ្មែរ ដេលី ជាភាសាចិន។ ចំពោះគម្រោង គឺពួកខ្ញុំនឹងចេញផ្សាយនៅខែ១០»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានមានប្រសាសន៍ថា កម្ពុជាកំពុងតែខ្វះខាតព័ត៌មានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ «នៅស្រុកខ្មែរ ឥឡូវហ្នឹងក៏មានអ្នករកស៊ីក៏ច្រើន អីក៏ច្រើន។ អីចឹង យើងមានកាសែតហ្នឹងទៅ ក៏វាផ្សារភ្ជាប់ទំនាក់ទំនង ហើយវាអាចផ្តល់ព័ត៌មានទៅវិញទៅមកបានល្អ»។
របាយការណ៍របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្នមានកាសែតជាភាសាចិនចំនួនបួនហើយ កំពុងតែចេញផ្សាយនៅប្រទេសកម្ពុជា ដោយមិនទាន់បានរាប់បញ្ចូលកាសែតរបស់ចិនជាភាសាខ្មែរដែលទើបនឹងចេញទេ។
ក្រៅពីនេះទៀត ប្រទេសកម្ពុជា មានកាសែតជាភាសាខ្មែរចំនួន ៣៨៣អង្គភាព និងកាសែតបរទេសចំនួន ៦៧អង្គភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។