សម្ដេច ហ៊ុន សែន ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន នៅ​សប្ដាហ៍​ក្រោយ​

ថ្ងៃទី 7 កក្កដា 2012
ដោយ: គ្រីទិច
CEN

រដ្ឋមន្ត្រីការបរទេស​ចិន លោក យ៉ាង ជា​ឆឺ (Yang Jiechi)

រដ្ឋមន្ត្រីការបរទេស​ចិន លោក យ៉ាង ជា​ឆឺ (Yang Jiechi)

ភ្នំពេញ: ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ជួប​រដ្ឋមន្ត្រីការបរទេស​ចិន លោក យ៉ាង ជា​ឆឺ (Yang Jiechi) នៅ​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ឆ្នាំ​២០១២​។ រដ្ឋមន្ត្រីការបរទេស​ចិន រួមទាំង​រដ្ឋមន្ត្រីការបរទេស​ប្រទេស​មហាអំណាច​ជាច្រើន​ទៀត ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​វេទិកា​តំបន់​អាស៊ាន នា​សប្តាហ៍​ក្រោយ នៅ​រាជធានី​ភ្នំពេញ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន នៅក្នុង​រយៈពេល ដែល​រដ្ឋមន្ត្រីការបរទេស​ចិន មក​ចូលរួម​កិច្ចប្រជុំ​ទាក់ទង​ទៅនឹង​អាស៊ាន​-​ចិន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី និង​វេទិកា​តំបន់​អាស៊ាន ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១២​។

​នៅក្នុង​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​លោក យ៉ាង ជា​ឆឺ ត្រូវគេ​រំពឹងថា នឹង​និយាយ​អំពី​បញ្ហា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​គេ​យល់ថា កាន់តែ​រឹងមាំ​។​

​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ​រវាង​ប្រទេស​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត រួមមាន​៖ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ប្រ៊ុយណេ ក៏​ស្ថិតក្នុង​របៀប​វារ​នៃ​កិច្ចប្រជុំ នៅ​សប្តាហ៍​ក្រោយ នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ​។ នោះ​គឺ​ការប្រជុំ​និយាយ​ពី​ការតាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង COC ដើម្បី​ឈានទៅ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​ចិន លើ​សន្ធិសញ្ញា ស្តីពី តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ ស្តិ​ពី សន្ធិសញ្ញា និង​ពិធីសារ ក៏​នឹងត្រូវ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន ចុះហត្ថលេខា នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១២​។​

​ជាមួយគ្នា​នោះ តាម​កម្មវិធី លោក​រដ្ឋមន្ត្រីការបរទេស​ចិន ក៏​នឹងចូលរួម​ប្រជុំ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០១២​។ រីឯ​វេទិកា​តំបន់​អាស៊ាន ដែលមាន​រដ្ឋមន្ត្រី​អាស៊ាន ១០ ប្រទេស និង​រដ្ឋមន្ត្រីការបរទេស ចំនួន ១៧ ប្រទេស​ផ្សេងទៀត បូករួម​ទាំង​ចិន និង​អាមេរិក ផង​នោះ នឹង​ជួបប្រជុំ នៅ​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​៕​

What Next?

Recent Articles