ដោយ សុ ជីវី
2012-07-07
វិទ្យុអាស៊ីសេរី
ក្រុមនារីដែលធ្លាប់ជួបការរំលោភសិទ្ធិមនុស្ស បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ នៅក្រោមការសម្របសម្រួលរបស់អង្គការធ្វើការងារទាក់ទងនឹងសិទ្ធិស្ត្រី។ ពួកគេចង់អោយសេចក្ដីប្រកាស ស្ដីពីសិទ្ធិមនុស្ស អាស៊ាន ដាក់បញ្ចូលបទដ្ឋានជាក់លាក់ក្នុងកិច្ចការពារសិទ្ធិនារី។
គោលបំណងរបស់ក្រុមនារីនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងបង្កើតអោយបាននូវសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ាន។
ក្រុមនារីដែលរងគ្រោះដោយការរំលោភសិទ្ធិ អំពាវនាវដល់បណ្ដាថ្នាក់ដឹកនាំអាស៊ាន ជាពិសេសថ្នាក់ដឹកនាំកម្ពុជា ដែលជាប្រធានអាស៊ាន ដាក់ចូលសំណើរបស់ពួកគាត់ក្នុងន័យប្រែក្លាយ សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ទៅជាមធ្យោបាយជាក់លាក់ ដើម្បីលុបបំបាត់រាល់ការរំលោភសិទ្ធិនារីនៅក្នុងតំបន់។
តំណាងស្ត្រីអ្នកបឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែកក្កដា ថា ក្រុមស្ត្រីពួកគាត់ដែលរងការបណ្ដេញចេញ បានរងការរំលោភសិទ្ធិគ្រប់បែបយ៉ាង។ អ្នកស្រី សង្ឃឹមថា បទដ្ឋានច្បាប់ក្នុងតំបន់អាស៊ាន ដូចជា សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន នឹងជួយអោយរដ្ឋាភិបាលក្នុងប្រទេសទាំងឡាយជាសមាជិកអាស៊ាន ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់អោយគោរពសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិស្ត្រី។
ចំណែកពលការិនី ប៉ែន សុភ័ក្រ ដែលធ្លាប់រងការរំលោភកម្លាំងពលកម្ម ដោយការងារច្រើនម៉ោង និងពុំបានហូបចុកគ្រប់គ្រាន់ នៅពេលទៅធ្វើការជានារីបម្រើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី (Malaysia) ក៏ចង់អោយសេចក្ដីប្រកាស ស្ដីពីសិទ្ធិមនុស្សអាស៊ាន ការពារសិទ្ធិពលករចំណាកស្រុកដូចពួកគាត់។
តំណាងកម្មកររោងចក្រកាត់ដេរម្នាក់ អ្នកស្រី សុខ ផល្លា មានប្រសាសន៍ថា កម្មករក្នុងវិស័យកាត់ដេរ ក៏ជួបប្រទះការរំលោភសិទ្ធិជាច្រើនយ៉ាង ដែលធ្វើអោយពួកគេរស់នៅក្នុងជីវភាពមិនថ្លៃថ្នូរ។
នាយិកាអង្គការ សីលកា និងជាតំណាងបណ្ដាញអង្គការបណ្ដុំស្ត្រីនៅកម្ពុជា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ប្រសិនបើសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ដែលកំពុងតាក់តែងនោះ ពុំមានតម្លៃដែលអាចជួយពលរដ្ឋពីការរំលោភសិទ្ធិទេ។ អាស៊ាន អាចនឹងជួបការលំបាកនៅពេលដែលបង្កើតជាសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋាភិបាលកម្ពុជាបានទេ នៅរសៀលថ្ងៃសុក្រ ទី៦ ខែកក្កដា។
រហូតមកដល់ពេលនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលតាមដានការតាក់តែងសេចក្ដីព្រាងសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន នៅតែបន្តរិះគន់ថា ដំណើរការតាក់តែងនោះ គឺពុំបានបើកទូលាយអោយពួកគេបានចូលរួមពិនិត្យ និងផ្ដល់យោបល់កែលម្អឡើយ។ ហើយពួកគេបារម្ភថា សេចក្ដីប្រកាសនោះនឹងពុំមានលទ្ធភាពក្នុងការអនុវត្ត។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្ស នៅកម្ពុជា (CRHAC) លោក សួន ប៊ុនសក្តិ មានប្រសាសន៍ថា ដើម្បីបញ្ចៀសកង្វល់របស់សង្គមស៊ីវិល គួរតែរដ្ឋាភិបាលបង្ហាញសេចក្ដីព្រាងដែលអាចអោយពួកគេផ្ដល់យោបល់បាន។
បច្ចុប្បន្ននេះសេចក្ដីព្រាង សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន កំពុងស្ថិតក្នុងដៃគណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន ហើយសេចក្ដីព្រាងនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នៅខែធ្នូ ឆ្នាំ២០១២ ដើម្បីអនុម័តអោយទៅជាបទដ្ឋានច្បាប់ សម្រាប់កិច្ចការពារសិទ្ធិមនុស្សនៅក្នុងប្រទេសជាសមាជិកអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។