ពលរដ្ឋ​កំពង់ឆ្នាំង​ចោទ​ក្រុមហ៊ុន​លក់​ជី​ថា​បោកប្រាស់​ពួក​គាត់

ដោយ មណ្ឌល កែវ
2012-07-07
​វិទ្យុ​អាស៊ីសេរី

កសិករ​នៅ​ឃុំ​អំពិលទឹក មួយ​ចំនួន​បាន​តវ៉ា​មិន​ព្រម​បង់​ប្រាក់​ថ្លៃ​ទិញ​ជី ទៅ​ឲ្យ​ក្រុមហ៊ុន​លក់​ជី​ធម្មជាតិ​សញ្ញា​រូប​កង្កែប តាម​តម្លៃ​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​ពេល​ទិញ​នោះ​ទេ ដោយ​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន​បាន​បោក​ប្រាស់​ពួក​គាត់។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ម៉ៅ ជា​កសិករ​នៅ​ភូមិ​ស្ទឹងស្ងួត ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣ កក្កដា ថា ក្រុមហ៊ុន​លក់​ជី​ធម្មជាតិ​សញ្ញា​រូប​កង្កែប​បាន​យក​ជី​មក​លក់​ឲ្យ​គាត់ ដោយ​សន្យា​ថា បើ​ប្រើ​ប្រាស់​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន គឺ​បាន​ទិន្នផល​ពី ៨​ទៅ​៩​តោន ក្នុង​មួយ​ហិកតារ។ គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ តែ​ទិន្នផល​ស្រូវ​បែរ​ជា​ចុះ​ទាប​ជាង​ការ​រំពឹង​ទុក​ជាង​ពាក់​កណ្ដាល។ គាត់​ថា ក្រុមហ៊ុន​មិន​ព្រម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ ដឹង​តែ​ពី​ទារ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​គ្រប់​តាម​តម្លៃ​ព្រម​ព្រៀង។

ស្ត្រី​ឈ្មោះ ម៉ៅ៖ «គេ​ឲ្យ​ខ្ញុំ​ភ្ជួរ​រាស់​ក្រាល​បាត​ក្នុង​មួយ​ហិកតារ បី​បេ។ ក្នុង​មួយ​អាទិត្យ​ក្រោយ​មក ពេល​ដាក់​ទឹក​ហើយ ខ្ញុំ​បាច​ជី​ហ្នឹង​តាម​ការ​ណែនាំ​ទៀត។ ដល់​ស្រូវ​ចេញ ខ្ញុំ​ឃើញ​វា​ខ្លោច​ទៅៗ ខ្ញុំ​ក៏​បាន​តេ​ហៅ​មេភូមិ​ឲ្យ​មក​ជួយ​មើល។ ត្រង់​មេភូមិ​ឃុបឃិត ឬ​អត់​នោះ ខ្ញុំ​មិន​ដឹង​ទេ តែ​គាត់​អត់​ហៅ​ក្រុមហ៊ុន​មក​មើល​ទេ គាត់​ប្រាប់​ឲ្យ​ខ្ញុំ​ចាំ​មើល​បាច​អស់​ជី​តាម​ការ​ណែនាំ​សិន ដល់​បាច​អស់​ស្រូវ​ខ្ញុំ​នៅ​តែ​អត់​កើត​ដដែល»

បុរស​អ្នក​ភូមិ​ឈ្មោះ ជា ក៏​បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ស្រូវ​គាត់​៣​ហិកតារ​កន្លះ ក្រុមហ៊ុន​បាន​ឲ្យ​គាត់​ប្រើ​ជី​តាម​ការ​ណែនាំ ដោយ​អះអាង​ថា​នឹង​បាន​ទិន្នផល​ក្នុង​មួយ​ហិកតារ​យ៉ាង​ហោច ៨​តោន។ គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​ទាំង​ស្រុង តែ​ទិន្នផល​ទទួល​បាន​មិន​ដូច​ការ​សន្យា​របស់​ក្រុមហ៊ុន​នោះ​ទេ៖ «គេ​ផ្សព្វផ្សាយ​ថា មួយ​ហិកតារ​បាន ៨ ទៅ ៩​តោន។ ដី​ខ្ញុំ ៣​ហិកតារ​កន្លះ បាន​តែ ១៥​តោន វា​បាត់​ផល​ច្រើន។ ដល់​អញ្ចឹង ខ្ញុំ​សុំ​សង​គេ ១​បាវ ១០​ម៉ឺន គេ​អត់​ព្រម»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​សាខា​សមាគមន៍​អភិវឌ្ឍ​ស្រែ​ប្រាំង​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អ្នក​ផ្គត់ផ្គង់​ជី​ធម្មជាតិ​សញ្ញា​រូប​កង្កែប លោកស្រី ប្រាក់ ណារី ពន្យល់​ថា កសិករ​នៅ​ភូមិ​ស្ទឹងស្ងួត ខ្លះ​មាន​បំណង​គេចវេស​ពី​ការ​បង់​ប្រាក់​ថ្លៃ​ទិញ​ជី ហើយ​ប្រឌិត​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ជី​ធម្មជាតិ​សញ្ញា​រូប​កង្កែប។

អ្នក​ស្រី​ថា ប្រសិន​បើ​ជី​នេះ គ្មាន​គុណភាព​នោះ អ្នកស្រី​ក៏​មិន​ហ៊ាន​លក់​ជឿ​ឲ្យ​កសិករ​នោះ​ទេ៖ «ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​ភូមិ​ស្ទឹងស្ងួត នោះ ខ្ញុំ​គ្រាន់​តែ​បាន​ប្រាប់​ថា បង​ប្អូន​ប្រើ​ជី​ធម្មជាតិ វា​អាច​ជួយ​បង្កើន​ទិន្នផល​ស្រូវ វា​ជួយ​កែប្រែ​ដី​ធ្វើ​ឲ្យ​ដី​ធូរ​មិន​ហិល មិន​ខូច​ដី និង​មិន​កើត​មាន​សត្វ​ល្អិត។ ខ្ញុំ​មិន​ដែល​បាន​ធានា​ថា ជី​នេះ​ជួយ​ឲ្យ​ផល​ស្រូវ​បាន​៨ ឬ​៩​តោន ដូច​ដែល​អ្នក​ខ្លះ​បាន​និយាយ​នោះ​ទេ»

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​បង្ហាញ​ថា ជី​សញ្ញា​ធម្មជាតិ​សញ្ញា​រូប​កង្កែប គឺ​ជា​ប្រភេទ​ជី​ដែល​នាំ​ចូល​ពី​ប្រទេស​បែលហ្សិក និង​មាន​ការ​ត្រួត​ពិនិត្យ​ទទួល​ស្គាល់​ពី​ក្រសួង​កសិកម្ម។

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ង៉ាន ណានី បាន​ឲ្យ​ដឹង​ថា ទំនាស់​នេះ​កើត​ចេញ​ពី​បញ្ហា​កិច្ច​ព្រម​ព្រៀង និង​តម្លៃ មិន​ពាក់ព័ន្ធ​នឹង​គុណភាព​ជី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles