ដោយ ទីន ហ្សាការីយ៉ា
2012-07-07
វិទ្យុអាស៊ីសេរី
ប្រជាពលរដ្ឋរស់នៅចំនួនពីរភូមិក្នុងឃុំមៀន បានលើកឡើងថា បទល្មើសនេសាទប្រើឧបករណ៍អួនស្បៃមុង កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង នៅក្នុងបឹងធំ ដែលជាបឹងធំមួយជាប់បីស្រុក ក្នុងខេត្តកំពង់ចាម គ្មានអ្នកណាចុះទប់ស្កាត់នោះឡើយ។

ប្រជានេសាទ ឈ្មោះ យីម ទិត នៅភូមិកំពង់សំរិទ្ធិ ឃុំមៀន រៀបរាប់អំពីសកម្មភាពនេសាទខុសច្បាប់ នៅក្នុងបឹងធំ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២។
RFA/Tin Zakariya
ប្រជានេសាទឈ្មោះ យីម ទិត និយាយថា ការប្រព្រឹត្តិបទល្មើសនេសាទប្រើអួនស្បៃមុង អូសយកត្រីក្នុងបឹងធំ នៅក្នុងរដូវហាមឃាត់នេះ វាមិនត្រឹមតែធ្វើឲ្យបាត់បង់ធនធានជលផលប៉ុណ្ណោះទេ វាធ្វើឲ្យប៉ះពាល់ដល់ប្រជានេសាទជាលក្ខណៈគ្រួសារជាច្រើនទៀត ពីព្រោះថា អួនស្បៃនេះ ក្រៅពីគេប្រមូលយកត្រីនៅក្នុងទឹក រួមទាំងកូនត្រីផងនោះ គឺគេកៀរជាប់ទាំងមងរបស់ប្រជាពលរដ្ឋថែមទៀត៖ «គេអូសអួនស្បៃហ្នឹង ប៉ះពាល់មង និងឈឹប របស់ប្រជាពលរដ្ឋដែលមានដើមទុនតិច»។
បឹងធំជាបឹងមួយមានផ្ទៃទឹកប្រមាណ ៤៨ហិកតារ បឹងនេះជាប់ចំនួន៣ស្រុក គឺស្រុកព្រៃឈ ស្រុកកងមាស និងស្រុកកំពង់សៀម។ បឹងនេះស្ថិតនៅក្នុងឡូត៍នេសាទលេខ២ ដែលរដ្ឋាភិបាលបានកាត់ឲ្យប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារវិញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា កាលពីថ្ងៃទី២ កក្កដា កន្លងទៅ មន្ត្រីជលផលខេត្តបានចុះទៅចាប់ប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនេសាទទាំងនោះបានមួយចំនួន ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានបង់លុយឲ្យប្រធានសហគមន៍នេសាទឃុំមៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គេដោះលែងឲ្យជនល្មើសទាំងនោះ ធ្វើការនេសាទខុសច្បាប់ដដែល៖ «រដូវហ្នឹង រដូវហាមឃាត់ តែអួននៅតែរក និយាយទៅអត់មានមន្ត្រីប៉ូលិសណាមកចាប់ មានតែប៉ូលិសមកយកលុយ មងរាយនៅក្នុងបឹងហ្នឹង បានត្រី១គីឡូ ឬ២គីឡូល្មមបានអង្ករមួយពេលៗ មិនឈ្នះគេអូសស្បៃទេ»។
ប្រជានេសាទមួយរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីថ្ងៃទី២ កក្កដា នោះ លោកបានបង់លុយឲ្យប្រធានសហគមន៍ និងមេប៉ុស្តិ៍នគរបាលឃុំចំនួន៤ម៉ឺនរៀល ដើម្បីមានសិទ្ធិអូសអួនស្បៃ នៅក្នុងបឹងកេះ ជាប់បឹងធំ។ លោកបញ្ជាក់ថា ចំពោះអ្នកមានអួនស្បៃមុងទំហំធំនោះ ត្រូវបង់លុយឲ្យប្រធានសហគមន៍នេសាទ និងមេប៉ុស្តិ៍នោះចំនួនជាង១០ម៉ឺនរៀល៖ «យប់ក៏អូសអួន ថ្ងៃក៏អូសដែរ ឲ្យតែថ្នាក់លើយល់ព្រម។ ប្រធានសហគមន៍បានទូរស័ព្ទប្រាប់ថា ថ្ងៃនេះឈប់សិនទៅ គេចុះមកចាប់ហើយ ចាំពេលគេទៅ ចាំមកទៀត»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានសហគមន៍នេសាទ មេប៉ុស្តិ៍នគរបាលឃុំ រួមទាំងមន្ត្រីជលផល បានយកលុយពីប្រជាពលរដ្ឋនេសាទខុសច្បាប់នេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងឱកាសប្រារព្ធទិវាមច្ឆាជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០១២ នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ថា ប្រជាពលរដ្ឋត្រូវហ៊ានងើបឡើងតស៊ូមតិប្រឆាំងនឹងប្រធានសហគមន៍នេសាទ ឬមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលទទួលសំណូកបើកឲ្យមានការនេសាទខុសច្បាប់នៅក្នុងរដូវហាមឃាត់នេះ៖ «ប្រយ័ត្នមេសហគមន៍ ប្រយ័ត្នតែងតាំងឲ្យធ្វើប្រធានសហគមន៍ ហើយបែរជាយកផ្នែកណាមួយនៃឡូត៍នេសាទរបស់សហគមន៍ទៅប្រគល់ឲ្យពួកថៅកែ ប្រជាពលរដ្ឋទាំងអស់ត្រូវងើបឈរឡើង តស៊ូឡើង ដើម្បីឲ្យសហគមន៍រឹងមាំ ប្រឆាំងនឹងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលធ្វើខុស»។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីពុំមានប្រសិទ្ធភាពនោះឡើយ ពីព្រោះថា ប្រធានសហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាននៅតែឃុបឃិតនឹងមន្ត្រីជលផលខេត្តក្នុងការទទួលសំណូកពីប្រជាពលរដ្ឋប្រកបមុខរបរនេសាទខុសច្បាប់។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើមន្ត្រីជលផលបង្ក្រាបតឹងតែង និងមិនទទួលសំណូកទេនោះ បទល្មើសនេសាទនៅក្នុងបឹងធំ ក៏គ្មានកើតឡើងដែរ។
ជនបង្គោលនៃអង្គការសាមគ្គី អ្នកស្រី មុជ នីម បានបញ្ជាក់ថា ប្រជាពលរដ្ឋចង់ផ្លាស់ប្ដូរប្រធានសហគមន៍ឃុំមៀន តែមន្ត្រីជលផលមិនព្រម។ អ្នកស្រីបញ្ជាក់ថា ការជ្រើសរើសប្រធានសហគមន៍នេសាទថ្មី ខាងមន្ត្រីជលផលខេត្ត នៅតែយកប្រធានសហគមន៍ចាស់ ឈ្មោះ លឹម សុភាព ធ្វើជាប្រធានសហគមន៍នេសាទដដែល ពីព្រោះថា ប្រធានសហគមន៍រូបនេះ ចេះរកលុយឲ្យមន្ត្រីជលផល៖ «ដោយសារគាត់ហ្នឹង ពុករលួយ មន្ត្រីជលផលឃុបឃិតតែអ្នកពុករលួយដូចគ្នាហ្នឹង ដើម្បីឲ្យមានផលប្រយោជន៍ដល់គាត់ តែបើអ្នកគ្មានផលប្រយោជន៍ទេ មន្ត្រីជលផលមិនចូលចិត្តទេ»។
ឆ្លើយតបទៅនឹងបញ្ហានេះ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក ភួង ទីណា បានបដិសេធថា កន្លងមកមន្ត្រីជលផលខេត្តមិនបានឃុបឃិតនឹងប្រធានសហគមន៍ ដើម្បីយកលុយពីប្រជាពលរដ្ឋ ហើយបើកឲ្យធ្វើការនេសាទខុសច្បាប់នោះទេ។ លោកបញ្ជាក់ថា ករណីនេះលោកក៏មិនបានដឹងដែរកន្លងមក។ លោកបញ្ជាក់ថា លោកនឹងចុះទៅធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ៖ «នៅក្នុងបឹងធំនេះ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជំនាញយើងចាប់បានអួនស្បៃ ៧មាត់ និងមុខជាង៣០០។ ហើយកាលពីព្រឹកថ្ងៃទី៤ កក្កដា នេះ ខាងអធិការ និងរដ្ឋបាលជលផលបានប្រជុំគ្នារួចហើយ តែថាខាងមេប៉ុស្តិ៍ ឬប្រធានសហគមន៍យកលុយខ្ញុំមិនទាន់ក្ដាប់បានដែរ តែទោះយ៉ាងណា យើងមានវិធានការរួចហើយ»។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តកំពង់ចាម លោក នាង សុវ៉ាត ដែលកន្លងមកលោកបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍នេសាទនោះ លោកមានប្រសាសន៍ថា កន្លងមកមានករណីពុករលួយនៅក្នុងជួរមន្ត្រីជលផលខេត្តកំពង់ចាម ទាក់ទងនឹងបទល្មើសនេសាទ។
លោក នាង សុវ៉ាត អះអាងថា ប្រសិនបើមន្ត្រីជលផលខេត្តមិនជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ បើកឲ្យប្រជាពលរដ្ឋនេសាទខុសច្បាប់ទេនោះ តើមូលហេតុអ្វី បានប្រជាពលរដ្ឋចង់ផ្លាស់ប្ដូរប្រធានសហគមន៍ថ្មី បែរជាមន្ត្រីជលផលមិនព្រមទៅវិញ៖ «៩ភូមិដែលប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសសហគមន៍ថ្មី តែទីបញ្ចប់ ខាងជលផលនៅតែមិនព្រម ហើយការរៀបចំនេះ មានមេភូមិ និងមេឃុំទៀត តែជលផលនៅតែមិនព្រម ទីបញ្ចប់គាត់យកមនុស្សរបស់គាត់ធ្វើជាប្រធានសហគមន៍ដដែល»។
បន្ថែមពីលើនេះទៀត ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ភាគច្រើនរស់នៅក្នុងឃុំមៀន ជុំវិញបឹងធំនោះ ជាប្រជាពលរដ្ឋក្រីក្រ នៅរដូវវស្សាទឹកលិចផ្ទះ ពួកគាត់បច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជំពាក់បំណុលធនាគារ ដោយសារខ្ចីលុយយកមកទិញឧបករណ៍នេសាទ ប៉ុន្តែត្រូវបានក្រុមនេសាទខុសច្បាប់ ប្រើអួនស្បៃមុងទាញយកជាប់ទាំងឧបករណ៍នេសាទរបស់ពួកគាត់ អស់គ្មានសល់ មានដូចជា មង សន្ទូច ជាដើម។
ការថ្លែងអំពីបទល្មើសនេសាទ កំពុងកើតមាននេះ នៅគ្រាដែលរដ្ឋាភិបាលកំពុងបង្កើនធនធានជលផល នៅតាមបឹងធម្មជាតិនានា និងទន្លេមេគង្គ។ កាលពីថ្ងៃទី១ កក្កដា ជាថ្ងៃទិវាមច្ឆាជាតិលើកទី១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រលែងកូនត្រីចំនួន ៥០ម៉ឺនក្បាល និងបង្កង ១០ម៉ឺនក្បាល ទៅក្នុងអាងស្តុកទឹកបឹងធំ ស្ថិតនៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។
ប៉ុន្តែប្រជានេសាទ បានលើកឡើងថា ទោះបីជារដ្ឋាភិបាលខំប្រលែងកូនត្រីយ៉ាងណាក៏ដោយ ប្រសិនការបង្ក្រាបបទល្មើសនេសាទគ្មានប្រសិទ្ធភាពទេនោះ ធនធានជលផលនឹងមិនកើនឡើងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។