បុរស​ខ្មែរ​បី​នាក់​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​កំពុង​រត់​ភៀស​ខ្លួន

ដោយ ខែ សុណង
2012-07-07
​វិទ្យុ​អាស៊ីសេរី

បុរស​ខ្មែរ​បី​នាក់ ដែល​ធ្វើការ​លើ​ទូក​នេសាទ​ថៃ កំពុង​រត់​ភៀស​ខ្លួន​ចេញ ក្នុង​គ្រា​ដែល​ទូក​នេសាទ​នោះ សំចត​នៅ​ក្នុង​ដែន​សមុទ្រ​ក្នុង​ខេត្ត​បាតាំ ប្រទេស​ឥណ្ឌូណេស៊ី (Indonesia)។

សាច់ញាតិ​របស់​បុរស​ខ្មែរ​ទាំង​បី​នាក់​នោះ ឈ្មោះ ស្រេង ណន រស់​នៅ​ភូមិ​ដីស្រុត ឃុំ​កោះរកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា គាត់​បាន​ទទួល​ទូរស័ព្ទ​ពី​បងប្អូន​របស់​គាត់​ទាំង​បី​នាក់ ដែល​បាន​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ជាង​១​ឆ្នាំ​មក​ហើយ​នោះ ថា ពួក​គេ​កំពុង​រត់​ចេញ​ពី​ទូក​នេសាទ​នោះ​ហើយ។

លោក​បន្ត​ថា សាច់​ញាតិ​របស់​គាត់​មាន​ឈ្មោះ សេន ធីតា អាយុ ៣០​ឆ្នាំ ឈ្មោះ ស៊ីម យ៉េង អាយុ ៣០​ឆ្នាំ និង​ឈ្មោះ យឹម វុធ មាន​អាយុ​ប្រហែល ២៨​ឆ្នាំ។ អ្នក​ទាំង​នោះ បាន​ទៅ​ធ្វើ​ការ​តាម​លើ​ទូក​នេសាទ​នោះ តាម​រយៈ​មេខ្យល់ ហើយ​រង​ការ​ធ្វើ​បាប​ពី​ថៅកែ​នៅ​លើ​ទូក​នេសាទ​នោះ។ បុរស​ទាំង​បី​នាក់​នោះ ខ្លះ​ទៅ​បាន​ប្រហែល​៥​ខែ និង​ខ្លះ​ទៀត ទៅ​បាន​ជាង ១​ឆ្នាំ​មក​ហើយ។

ឈ្មោះ ស្រេង ណន៖ «គេ​ថា​ទៅ​ថៃ​ចុះ​ទូក​សមុទ្រ ហើយ​ក្រោយ​មក​មេខ្យល់​ហ្នឹង វា​បាន​រត់​យក​រួច​ខ្លួន​បាត់​ទៅ ទុក​យើង​នៅ​ចោល​ក្នុង​ទូក​សមុទ្រ។ ទូក​ហ្នឹង​មិន​ចត​នៅ​ថៃ​ទេ ចត​នៅ​ឥណ្ឌូណេស៊ី រហូត។ ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ភ្លៀង​ព្យុះ​អី ក៏​វា​ឲ្យ​យើង​ធ្វើ​ដែរ។ ទូក​ហ្នឹង បី​ខែ​មក​ហើយ​គេ​អត់​ចូល​ច្រាំង​ទេ ទើប​ចូល​ថ្ងៃ​ហ្នឹង ប្អូន​ជីដូន​មួយ​ខ្ញុំ​គេ​ខល (Call) មក​ខ្ញុំ​ណា។ ឥឡូវ​ហ្នឹង គឺ​គាត់​បាន​រត់​គេច​ខ្លួន​ហើយ គឺ​គោលដៅ​គឺ​រត់​ចេញ​ពី​ទូក​ហ្នឹង​សិន ព្រោះ​ទូក​ហ្នឹង​គេ​ត្រូវ​ចេញ​យប់​ហ្នឹង។ ចេញ​ផុត​ឆ្ងាយ​ដែរ​ហើយ ឥឡូវ​អ្នក​ទាំង​បី​នាក់​ហ្នឹង កំពុង​ស្ថិត​នៅ​គ្មាន​គោលដៅ​ច្បាស់​លាស់​ទេ»

បុរស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បងប្អូន​របស់​គាត់​ទាំង​បី​នាក់​ដែល​បាន​រត់​គេច​ពី​ទូក​នេសាទ​នៅ​ថ្ងៃ​ទី​៧ កក្កដា​នេះ ត្រូវ​បាន​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​កាន់​កំពង់ផែ​នោះ​វិញ។ ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​លួច​រត់​ម្ដង​ទៀត។ លោក​អំពាវនាវ​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី ក្រសួង​ពាក់ព័ន្ធ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​នេះ ព្រោះ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​អ្នក​ទាំង​បី​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles