ដោយ សុ ជីវី
2012-07-07
វិទ្យុអាស៊ីសេរី
ក្រុមបណ្ដាញអង្គការសង្គមស៊ីវិល ដែលហៅថា បណ្ដុំស្ត្រី ស្ដីពី អាស៊ាន ស្នើលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ជំរុញអោយមានការយកចិត្តទុកដាក់ពីអត្ថន័យសេចក្ដីព្រាង សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ដោយផ្ដោតសំខាន់ទៅលើកិច្ចការពារសិទ្ធិនារី។
លិខិតរបស់បណ្ដុំស្ត្រី ស្ដីពី អាស៊ាន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះថ្ងៃទី៦ ខែកក្កដា បានអោយដឹងថា ក្រុមអង្គការទាំងជាង៦០ មានមូលដ្ឋាននៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ព្រួយបារម្ភថា ចំពោះចំណុចខ្លះនៃសេចក្ដីព្រាង សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ជាពិសេសចំពោះសីលធម៌សង្គម ដែលអាចនឹងធ្វើអោយប៉ះពាល់ដល់សិទ្ធិនារី។
លិខិតដដែលបន្តថា ការគោរពសីលធម៌សាធារណៈ (public morals) មានចែងនៅក្នុងមាត្រាសេចក្ដីប្រកាសជាសកល ស្ដីពី សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប៉ុន្តែចំណុចនេះនឹងក្លាយជាចំណុចខ្វះចន្លោះ ដែលនាំទៅដល់ការរំលោភសិទ្ធិនារី ប្រសិនបើគេយកទៅបកស្រាយមិនត្រឹមត្រូវទៅតាមបរិបទនៃបណ្ដាប្រទេសនីមួយៗ។
នាយិកាអង្គការ សីលកា និងជាតំណាងបណ្ដុំស្ត្រីកម្ពុជា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ប្រសិនបើពុំបានចែងអោយបានជាក់លាក់ត្រង់ចំណុចនេះទេ តម្លៃនៃសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន និងទាបជាងបទដ្ឋានធានាសិទ្ធិរបស់អង្គការសហប្រជាជាតិ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទេ នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែកក្កដា។
ក្រុមអង្គការសង្គមស៊ីវិលនៃបណ្ដុំស្ត្រី បានជួបប្រជុំពិគ្រោះយោបល់ ជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស អាស៊ាន និងបានដាក់សំណើទាក់ទិននឹងសិទ្ធិនារី ហើយគណៈកម្មាធិការមួយនេះ ក៏បានទទួលយកសំណើនោះដែរ។ ប៉ុន្តែក្រុមអង្គការទាំងនោះយល់ថា សំណើទាំងនោះ គួរតែត្រូវបានពិចារណាដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ដែលគ្រោងនឹងពិនិត្យឡើងវិញពីសេចក្ដីព្រាងសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន នៅសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។