ដោយ ផន រីណា
2012-07-17
វិទ្យុអាស៊ីសេរី
ពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ស្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី៣០ មិថុនា។ សាកសពកម្មករឈ្មោះ នន់ សំនៀង អាយុជាង៣០ឆ្នាំ ត្រូវបានគេតម្កល់ទុកនៅក្នុងមណ្ឌលតម្កល់សពមួយ ស្ថិតនៅជិតកន្លែងគាត់រស់នៅ ក្នុងជាយក្រុងសេអ៊ូល។
ភរិយារបស់កម្មករដែលស្លាប់ អ្នកស្រី ឡុង រតនៈ បានរៀបរាប់ថា អ្នកស្រីមកដល់ប្រទេសកូរ៉េ នៅថ្ងៃសៅរ៍ ទី១៤ កក្កដា នេះ ដើម្បីបូជាសព្វប្ដី។ អ្នកស្រីបានឲ្យដឹងដែរថា បើទោះបីជាបានទទួលដំណឹងតាំងពីប្ដីស្លាប់ភ្លាមក៏ដោយ ប៉ុន្តែមិនអាចធ្វើដំណើរមកបានភ្លាមទេ ពីព្រោះទាមទារពេលវេលាក្នុងការបំពេញបែបបទគ្រប់គ្រាន់សិន៖ «ខ្ញុំបានជួបសពប្ដីខ្ញុំហើយ រៀបចំចាត់ចែងបុណ្យនៅកូរ៉េនេះហើយ ខ្ញុំយកធាតុសព្វទៅធ្វើបុណ្យនៅក្នុងស្រុកខ្មែរវិញទៀត»។
សាកសពឈ្មោះ នន់ សំនៀង អាយុ៣២ឆ្នាំ ជាកម្មករមកពីឃុំសម្រុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គាត់បានមកធ្វើការនៅប្រទេសកូរ៉េ ប្រមាណជា៣ឆ្នាំមកហើយ។
តាមការអះអាងរបស់ពលករខ្មែរម្នាក់ឈ្មោះ អ៊ូច នី ដែលត្រូវជាមិត្តភក្ដិ បញ្ជាក់ថា លោក នន់ សំនៀង បានស្លាប់ខណៈស្ថិតនៅក្នុងបន្ទប់ដេកមួយ ដែលមានកម្មករ៣នាក់នៅជាមួយ ហើយមូលហេតុនៃការស្លាប់នោះ មិនមានអ្នកណាដឹងច្បាស់ ប៉ុន្តែគ្រាន់តែដឹងថា លោក នន់ សំនៀង ដាច់ខ្យល់ស្លាប់ភ្លាមៗ បន្ទាប់ពីសភាពផ្លូវដង្ហើមហាក់ដូចជាមានបញ្ហា៖ «ពេទ្យមកអត់ទាន់ ព្រោះយើងនៅតំបន់ដាច់ស្រយាល ហើយក៏ជិះវង្វេងហួសផ្លូវ»។
ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានធ្វើកោសល្យវិច័យរកឃើញថា ពលករខ្មែរ នន់ សំនៀង ស្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ បើតាមគ្រួសារនៃសព គ្រូពេទ្យអោយដឹងថា លោក នន់ សំនៀង ស្លាប់ដោយសារស្លាក់ខ្យល់ ឬស្ទះផ្លូវខ្យល់ ហើយគ្រូពេទ្យបានបញ្ជូនសពទៅកាន់មណ្ឌលតម្កល់សាកសពមួយ បន្ទាប់ពីមានការអនុញ្ញាតិពីអាជ្ញាធរប៉ូលិស។
ពលករ នន់ សំនៀង ត្រូវបានក្រុមហ៊ុនអេឡិចត្រូនិកសាំស៊ុង នាំចេញពីកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ ប៉ុន្តែក្នុងមួយរយៈមុនពេលស្លាប់ លោកមិនមានការងារធ្វើទេ។
ភរិយារបស់សព អ្នកស្រី ឡុង រតនៈ បញ្ជាក់ថា សាកសពនឹងត្រូវបូជានៅថ្ងៃអាទិត្យ ទី២២ កក្កដា ខាងមុខនេះ។ អ្នកស្រីបញ្ជាក់ថា ក្នុងការបូជាសពស្វាមីរបស់អ្នកស្រី ក៏មានមជ្ឈមណ្ឌលបរទេស កម្មករខ្មែរ និងនិស្សិតខ្មែរ នៅទីនោះជួយជ្រោមជ្រែង និងឧបត្ថម្ភថវិកាខ្លះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។