ថ្ងៃទី 18 កក្កដា 2012
ដោយ: ច័ន្ទ ពន្លឹក
CEN
ព្រំដែនប្រាសាទព្រះវិហារ: លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខ ទិសយោធភូមិភាគទី៤ ប្រចាំនៅព្រំដែនកម្ពុជា-ថៃ បានប្រកាសថា ក្នុងនាមកងកម្លាំងសមរភូមិមុខ ទិសប្រាសាទព្រះវិហារ សូមសំដែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានក្រុមការងារសម្របសម្រួល អ្នកសង្កេតការណ៍បទឈប់បាញ់កម្ពុជា ក្នុងការកែសម្រួល ដកកងទ័ព ចេញពីព្រំដែនប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី១៨កក្កដា ឆ្នាំ២០១២។
លោកនាយឧត្តមសេនីយ៍ ជា តារា បានបន្ថែមថា កងទ័ពនៅសមរភូមិមុខ ក៏គាំទ្រជាពិសេសនូវលទ្ធផលជំនួបពិភាក្សា រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ យីងឡាក់ នាយករដ្ឋមន្ដ្រីនៃប្រទេសថៃ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទាំងពីរ (កម្ពុជា-ថៃ) កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងសៀមរាប ដែលបានឯកភាពកែសម្រួលកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ដើម្បីបង្ហាញនូវ សុឆន្ទៈក្នុងការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ យុត្ដិធម៌អន្ដរជាតិ(ICJ) លេខ១៥១ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១១។
សន្ទរកថារបស់លោកនាយឧត្តមសេនីយ៍ ជាតារា ក្នុងពិធីកែសំរួលកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ)
នៅប្រាសាទព្រះវិហារ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ បានបង្ហាញថា “ថ្ងៃនេះ ជាទិវាប្រវត្តិសាស្ត្រដ៏ឧតុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំពិធីកែសំរួលកងទ័ពជំហានទី១ ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) ប្រកបដោយសុឆន្ទៈ នៃដំណោះស្រាយព្រំដែន ក្នុងការអនុវត្តដិកាបង្គាប់របស់តុលាការ យុត្តិធម៌អន្តរជាតិ(ICJ) លេខ១៥១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ”។
លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងក្នុងសន្ទរកថាបន្តថា “យើងខ្ញុំទាំងអស់គ្នាយល់ច្បាស់ថា ការកែសំរួលកងទ័ពរបស់យើងនៅពេលនេះ ជាសក្ខីភាព ថ្មីមួយទៀត បង្ហាញនូវជំហរចង់បានសន្តិភាព កិច្ចសហប្រតិបត្តិការល្អ តាម តំបន់ព្រំដែន កម្ពុជា-ថៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ ចេញនូវបទបញ្ជាដ៏មានប្រសិទ្ធិភាព ដល់កងទ័ពសមរភូមិមុខ អនុវត្តដោយជោគជ័យ ភារកិច្ចការពារបូរណភាពទឹកដី ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ ការកែសំរួលកងទ័ព នៅពេលនេះ មិនត្រឹមតែជំរុញនូវប្រសិទ្ធិភាពនៃការអនុវត្តន៍ដីកាបង្គាប់ របស់តុលាការ យុត្តិធម៌អន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងបង្ហាញនូវសុឆន្ទៈ ជឿទុកចិត្តគ្នា ដើម្បីសហ ប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ សំដៅនាំមកនូវសន្តិភាព វិបុលភាព ឆ្ពោះ ទៅកាន់សហគមន៍អាស៊ានឆ្នាំ២០១៥ និងបង្ហាញនូវការចូលរួមគោរពអនុសញ្ញាបេតិកភ័ណ្ឌពិភពលោកឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិពិភពលោក”។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ លោកនាយឧត្តមសេនីយ៍ ជាតារា ក្នុងនាមគណ:បញ្ជាការ ឯកភាពសមរភូមិមុខ តំណាងឲ្យកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងតំបន់ ប្រាសាទព្រះវិហារ ក៏បានរាយការណ៍ ពីសភាពការណ៍យោធា ដោយសង្ខេបដូចតទៅ៖
ក្រោយពេលដែលប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក ថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ ដែលជាទីមោទនភាពសំរាប់ប្រទេសជាតិយើង ទន្ទឹមនឹងនោះ ក៏មានការមិនពេញចិត្តពីសំណាក់អ្នកដែលមានបំណងចង់ឈ្លានពានកម្ពុជា តាំងពីយូរ លង់មកហើយ ទើបថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៨ ទាហានថៃបានបំពានធម្មនុញ្ញ អង្គការសហប្រជាជាតិ និងមូលដ្ឋានគតិយុត្តិអន្តរជាតិទាំងស្រុង ហើយបានឆ្លងព្រំដែន ចូលក្នុងទឹកដីកម្ពុជាតម្រង់មកប្រាសាទព្រះវិហារ ដែលទើបបានចុះបញ្ជីជាសម្បត្តិបេតិក ភ័ណ្ឌពិភពលោកថ្មីៗ នាពេលនោះ ហើយកាន់កាប់ទីតាំងក្បែរប្រាសាទ លើទឹកដីកម្ពុជា រួមមាន វត្តកែវសិក្ខាគីរីស្វារ: និងតំបន់ជុំវិញវត្តទៀតផង។
ក្នុងភារកិច្ចការពារបូរណភាព ដែនដី កងកម្លាំងប្រដាប់អាវុធកម្ពុជា បានខិតខំតស៊ូប្រយុទ្ធការពារមាតុភូមិយ៉ាងស្វិត ស្វាញ ក្នុងសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួន ជាអាទ៌ ឆាកប្រយុទ្ធនៅតំបន់មួយចំនួន ដូចជា សំបុកឃ្មុំ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ តាសឹម ចាកច្រែង តាថាវ… ។ល។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ -ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០០៩ -ថ្ងៃទី៤ ទី៥ ទី៦និង ទី០៧ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងមក។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ទោះជាពួកគេខិតខំប្រឹងប្រែងវាយប្រយុទ្ធ ដោយប្រើប្រាស់គ្រប់រូបភាពយ៉ាងណាក្តី កងកម្លាំងយើងនៅតែតស៊ូយ៉ាងស្វិតស្វាញ ឈរជើងការពារទីតាំងខ្លួន បានយ៉ាងរឹងមាំ ក្នុងសិទ្ធិស្វ័យការពារទឹកដី ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាល បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសំរេចនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១។
លោកនាយឧត្តមសេនីយ៍ ក៏បានបន្ថែមថា កិច្ចប្រជុំអាស៊ាននៅទីក្រុងយ៉ាកាតា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ដែលកាលនោះ ឥណ្ឌូណេស៊ី ជាប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការអោយភាគីទាំងពីរ បង្កើតក្រុមការងារសម្របសម្រួលជាមួយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ត្រួតពិនិត្យបទឈប់បាញ់។
សភាពការណ៍ពិតនៅតែផុយស្រួយ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ពាក្យបណ្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ហើយបានចេញដីកាបង្គាប់ ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១១ ចង្អុលអំពីវិធានការបន្ទាន់ជំហានទី១ នៃការបកស្រាយសាល ក្រមទាក់ទងនឹងប្រាសាទព្រះវិហារ គឺ៖ បង្កើតជាតំបន់គ្មានកងទ័ពបណ្តោះអាសន្ន បញ្ឈប់សកម្មភាពយោធាទាំងពីរភាគី កម្ពុជា-ថៃ ជុំវិញតំបន់ប្រាសាទព្រះវិហារ មិនឲ្យកងទ័ពថៃរារាំងការចេញ-ចូលរបស់កម្ពុជា ។
លោកនាយឧត្តមសេនីយ៍ ជាតារា បានលើកឡើងថា ការពិតណាស់ ស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារមានសភាពតានតឹង ចាប់ពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ មកដល់ខែកក្កដាឆ្នាំ២០១១ តែដោយសារការដឹកនាំ ដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឲ្យព្រំដែនមាន សន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ ដើម្បីផលប្រយោជន៍ ប្រជាជននៃប្រទេស ទាំងពីរ កម្ពុជា-ថៃ បានរស់នៅក្នុងសន្តិភាព និងសុខដុមរម្យនា និងដោយរដ្ឋាភិបាល ថៃថ្មី ដឹកនាំដោយលោកជំទាវ យីងឡាក់ ជានាយករដ្ឋមន្ត្រី ត្រូវបានបង្កើតឡើង ដោយការបោះឆ្នោត ក្នុងខែកក្កដា ឆ្នាំ ២០១១។
សន្តិភាពព្រំដែនត្រូវបានរកឃើញតាមរយៈជំហរសន្តិភាពរបស់សម្តេចតេជោ ក្នុង កិច្ចប្រជុំមេបញ្ជាការកងទ័ពជួរមុខតាមបន្ទាត់ព្រំដែនកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១១ នៅខេត្តសៀមរាប ក្នុងនោះសម្តេចតេជោបានផ្តល់នូវអនុសាសន៍ថា តើយើងគួររួមគ្នា ពន្លត់ភ្លើង ឫនាំគ្នាអង្គុយរង់ចាំបក់ផ្សែង ប្រការនេះហើយដែលស្ថានការណ៍នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពធូរស្រាលឡើងវិញ ប្រែក្លាយជម្លោះ មកជាការ ចចារដោយសន្តិវិធី ដូចជា:
-ការបង្កើននូវការជឿជាក់គ្នាទៅវិញទៅមក កងទ័ពសមរភូមិមុខរបស់កម្ពុជា បាន ដកកងទ័ព ចេញពីខ្សែព្រំដែនទៅកាន់ទីតាំងដើមវិញចំនួន៧លើករួចមកហើយ រួមមាន ៤កងពលតូច ១វរសេនាធំ និង២វរសេនាតូច ក្នុងខែកក្កដា ខែសីហា ឆ្នាំ២០១១ ។
-ជាបន្តបន្ទាប់ ក្រសួងការពារជាតិទាំងពីរ កម្ពុជា-ថៃ បានដំណើការកិច្ចប្រជុំ ដូចជា៖ កិច្ចប្រជុំរបស់គណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃលើកទី៨នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១១ ហើយក្នុងកិច្ចប្រជុំនោះ ក៏បានឯកភាពបង្កើតក្រុម ការងាររួមមួយ ( JWG ) ដើម្បីពិភាក្សាលើបញ្ហាដែលទាក់ទងទៅនឹងការអនុវត្តន៍ សាលដីការបស់តុលាការអន្តរជាតិ ។ ហើយក្រុមការងាររួមក៏បានជួបប្រជុំចំនួន២លើក រួចមកហើយដែរ នៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០១២ នៅទីក្រុងបាងកកប្រទេសថៃ និង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ នាទីក្រុងភ្នំពេញប្រទេសកម្ពុជា ដែលធ្វើអោយមាន ការវិវត្តន៍និងសហប្រតិបត្តិការ ដើម្បីរួមចំណែកផ្តល់សន្តិភាព ប្រកបដោយចិរភាព តាម តំបន់ព្រំដែនរវាងប្រទេសទាំង២ ជាពិសេសនៅក្នុងតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ដែលកំនត់ដោយតុលាការអន្តរជាតិ ។
-ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ យីងឡាក់ នាយករដ្ឋមន្ដ្រីនៃប្រទេសថៃ ជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ (កម្ពុជា-ថៃ) នៅទីក្រុង សៀមរាប បានឯកភាពកែសម្រួលកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ដើម្បី បង្ហាញនូវសុឆន្ទៈអនុវត្តសេចក្ដីសម្រេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) លេខ ១៥១ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១១ ដែលលទ្ធផលជាក់ស្តែង យើងបាននិងកំពុង ប្រារព្ធពិធីកែសំរួលកងទ័ពប្រកបដោយឆន្ទៈ នាឱកាសនេះ ។
ក្នុងនាមគណៈបញ្ជាការឯកភាព សមរភូមិមុខទិសយោធភូមិភាគទី៤ ក្រុមការងារសំរបសំរួលបទឈប់បាញ់កម្ពុជា មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ កំពុងឈរជើងសមរភូមិមុខ លោកនាយកឧត្តមសេនីយ៍ ជាតារា បានរាយការណ៍ជូនអំពីប្រការ ដែលនាំមកនូវជ័យជំនះ នៅតំបន់ប្រាសាទព្រះវិហារ ទាំងវិស័យយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ដែលយើងសំរេចបាន មកដល់ថ្ងៃនេះ គឺ៖
ទី១-ខ្មែរសម័យសម្តេចតេជោពេលនេះវេញចូលគ្នាជាធ្លុងមួយ កសាងបានជាចលនាស្នេហាជាតិក្រោមដំបូលឆ័ត្រតែមួយ គឺការដឹកនាំរបស់រាជរដ្ឋាភិបាលកើតឡើង ពីការបោះឆ្នាត កើតឡើងពីឆន្ទៈពិតៗរបស់ប្រជាជន។
ទី២-យើងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភដល់កងទ័ព គ្រួសារទ័ព និងប្រជា ជន តាមបន្ទាត់ព្រំដែន មានលំនៅដ្ឋានថ្មី មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ពិសេសភូមិអភិវឌ្ឍន៍គ្រួសារទ័ពជាច្រើន តាមបន្ទាត់ព្រំដែន ធ្វើឲ្យ កងទ័ពកាន់តែមានលំនឹង។
ទី៣-កងទ័ពសមរភូមិមុខមានឆន្ទៈប្រយុទ្ធអង់អាចក្លាហាន យល់ច្បាស់អំពីមូលហេតុ ដែលជាឫសគល់ដែលនាំឲ្យឈានដល់សង្គ្រាមឈ្លានពានដោយប្រទេសថៃ ប្រឆាំងនឹងប្រទេសកម្ពុជា កងទ័ពយើងយល់ច្បាស់ថាចំណុចឈរជើងរបស់ខ្លួនជាទឹកដី កម្ពុជា ហើយកំពុងអនុវត្តសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួន ប្រៀបបានជាអ្នកចាំផ្ទះ ស្រប តាមតាមប្រសាសន៍របស់សម្តេចតេជោ គឺយើងមិនចង់បានដីថៃសូម្បីមួយមីល្លីម៉ែត្រ តែក៏មិនអនុញ្ញាតឲ្យគេឈ្លានពានយើងសូម្បីមួយមីល្លីម៉ែត្រដែរ។
ទី៤-យើងមានការគាំទ្រជួយឧបត្ថម្ភពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា គ្រប់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អភិបាលនៃគណៈអភិបាលខេត្ត-ក្រុងទាំង២៤ អាជ្ញាធរដែនដី ខេត្តព្រះវិហារ ក្រុមហ៊ុនឯកជន អង្គភាពសម្ព័ន្ធមេត្រីទាំងអស់ ដែលបានជួយឧបត្ថម្ភ បង្កលក្ខណៈដល់កងទ័ព មានការរីកចំរើនរឹងមាំ ជាពិសេសការចូលរួមគាំទ្រពីប្រជាពល រដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បង្កើតបានជាចលនាមោទនភាពជាតិខ្មែរ តាមរយៈមូលនិធិ បាយ័ន ដែលបាននាំមកដល់ដៃ ដល់មាត់យុទ្ធជននៅសមរភូមិមុខ ផ្តល់កម្លាំងគាំទ្រ ប្រកបដោយទឹកចិត្តស្នេហាជាតិបរិសុទ្ធ ដើម្បីការពារផលប្រយោជន៍ជាតិ ទាំងមូល ។
ទី៥-យើងទទួលបានការយកចិត្តទុកដាក់ក្នុងការដឹកនាំ ណែនាំ ដាក់ចេញនូវផែនការអនុវត្តបានត្រឹមត្រូវ ទាន់ពេលវេលាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្កបរិយាកាសសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាបានល្អ រវាងកងទ័ពនិងកងទ័ព រវាងកងទ័ពនិងកងកម្លាំងនគរបាលជាតិ ដែលជាប្រពៃណីដ៏ល្អផូរផង់ នាំមកនូវកម្លាំង មហាសាមគ្គី សហការពីគ្រប់អគ្គនាយកដ្ឋាន ស្ថាប័នចំណុះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ទ័ពជំនាញ យោធភូមិភាគ រហូតដល់តំបន់ប្រតិបត្តិការសឹករងខេត្ត ។
ជារួម លោកនាយឧត្តមសេនីយ៍ ជាតារា បានគូសបញ្ជាក់ថា “ជោគជ័យដែលយើងទទួលបាននេះ ជាជ័យជំនះ បានមកពីការរួមគ្នាអនុវត្តបទបញ្ជាតែមួយ គឺបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងសិទ្ធិស្វ័យការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”៕