ដោយ ទេព សុរ៉ាវី
2012-07-18
វិទ្យុអាស៊ីសេរី
ក្រុមយុវជនស្ម័គ្រចិត្តដែលបានចុះទៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋតាមបទបញ្ជា០០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រឈមបញ្ហាមួយចំនួនក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន។

៣-កក្កដា-២០១២៖ ក្រុមយុវជនស្ម័គ្រចិត្ត ចុះពិនិត្យដីជម្លោះនៅភ្នំសែនហាន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
RFA/Ouk Savborey
ក្រុមយុវជនស្ម័គ្រចិត្តមានគ្នាជិត២ពាន់នាក់ មកពីសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យ សាកលវិទ្យាល័យភូមិន្ទចម្ការដូង វិទ្យាស្ថានបច្ចេកវិទ្យា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងយុវជនស្ម័គ្រចិត្តពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញដំណើរពីក្រុងភ្នំពេញ ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ដើម្បីបំពេញកិច្ចការរបស់ខ្លួន។
យុវសិស្សនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ឈឿន យ៉ង ដែលបានចុះទៅវាស់វែងដីធ្លីនៅតំបន់ប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ក្រុមយុវជនរបស់គាត់កំពុងពុះពារបំពេញការងារដោយលំបាកនៅក្នុងតំបន់ព្រៃក្រាស់ និងតំបន់មានមីនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម៖ «គាត់ចង់បានដីហ្នឹងទៅ គឺថាគាត់ឲ្យយើងដើរចូលទៅតំបន់រាងព្រៃហ្នឹងទៅ វាអាចមានមីននៅហ្នឹង គាត់អត់ហ៊ានកាប់ឆ្ការវាដែរ។ ដល់អញ្ចឹងទៅ គាត់ឆ្ការតិចតួចអញ្ចឹងទៅ គាត់ឲ្យយើងទៅបោះព្រំក្នុងហ្នឹង។ ពួកខ្ញុំរាងខ្លាចដែរ អញ្ចឹងចង់ឲ្យគាត់ដីមីនមិនមីនអី ប្រាប់យុវជនឲ្យច្បាស់ ឬអាជ្ញាធរប្រាប់ឲ្យច្បាស់ កុំចង់បានដីខ្លាំងពេកអញ្ចឹង»។
ក្រៅពីបារម្ភពីសុវត្ថិភាព ប្រធានក្រុមយុវជនដែលកំពុងវាស់វែងដីនៅតំបន់ប្រាសាទត្បែង បន្តថា យុវជនដែលធ្លាប់នៅទីក្រុងស្រួល ធុញទ្រាន់នឹងដើរកាត់ព្រៃភ្នំ ដែលមានចម្ងាយឆ្ងាយ កង្វះមន្ត្រីជំនាញដើរជាមួយក្រុមយុវជន ជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការបំពេញការងារ និងកង្វះទឹកស្អាតប្រើប្រាស់ ជាពិសេសបារម្ភថាអាចមានកើតជំងឺគ្រុនចាញ់។
យុវសិស្សម្នាក់ទៀតឈ្មោះ ជូ ដានីត ប្រធានក្រុមទី២៣ នៃយុវសិស្សដែលចុះទៅបំពេញការងារវាស់វែងដីនៅស្រុកអូររាំងឪ ក្នុងខេត្តកំពង់ចាម ឲ្យដឹងថា មានយុវជនមួយចំនួនបានឈឺជំងឺគ្រុនក្តៅ និងផ្ដាសាយ នៅពេលដែលចុះទៅដល់តំបន់នោះដំបូង កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។ តែស្ថានភាពរបស់ពួកគេបានជាសះស្បើយ នៅពេលដែលមានគ្រូពេទ្យចំនួន២នាក់ ចុះទៅជួយព្យាបាល និងប្រចាំការជាមួយក្រុមយុវជន។
លោក ជូ ដានីត បញ្ជាក់ថា ក្រុមយុវជនទាំងអស់បានទទួលប្រាក់ឧបត្ថម្ភពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៩០ម៉ឺនរៀលម្នាក់ ក្នុងមួយខែ ហើយប្រាក់នោះបានទទួលក្នុងរយៈពេល ៦ខែក្នុងការបំពេញយុទ្ធនាការនេះ។ តែលុយទាំងនោះត្រូវបានចំណាយជាប្រចាំថ្ងៃទៅវិញ ដោយក្រុមយុវជនបានរៃអង្គាសគ្នាក្នុងម្នាក់ចំនួន ១ម៉ឺនរៀល សម្រាប់ចំណាយលើថ្លៃម្ហូបអាហារ បន្ថែមលើអាហារក្រៀមដែលមានស្រាប់ រួមមានមីកញ្ចប់ និងត្រីខកំប៉ុង ជាការឧបត្ថម្ភពីមន្ត្រីមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួន៖ «ត្រីខ មី យើងអត់អាចញាំរាល់ថ្ងៃបានទេបង។ មានយកថ្នាំរៀងៗខ្លួនមកខ្លះអញ្ចឹង ទៅជួយកោសខ្យល់ឲ្យគ្នាអញ្ចឹងទៅ គឺអត់អីទេ មើលថែគ្នាអញ្ចឹងទៅ អ្នកណាឈឺឲ្យសម្រាកសិនទៅ កុំឲ្យគាត់ទៅធ្វើការបង»។
លោក គាត រង្ស៊ី ប្រធានក្រុមយុវជនចុះទៅវាស់វែងដីធ្លីនៅខេត្តរតនគិរី ឲ្យដឹងថា ក្រុមលោកកំពុងស្ថិតនៅក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី ជាតំបន់ក្តៅនៃទំនាស់ដីធ្លីរវាងអ្នកភូមិជនជាតិភាគតិច ជាមួយក្រុមហ៊ុនវៀតណាម។ លោកថាឧបសគ្គដែលក្រុមយុវជននៅតំបន់នោះជួបប្រទះធ្ងន់ធ្ងរ គឺស្ថានភាពផ្លូវលំបាកធ្វើដំណើរ ដោយសារតែនៅមានភ្លៀងធ្លាក់ជាប្រចាំ និងគម្រោងវាស់វែងដីធ្លីនៅតំបន់ខ្លះ ត្រូវរំលងដោយអន្លើ ដោយមានទំនាស់ដីធ្លីរវាងអ្នកភូមិជាមួយអ្នកភូមិ និងទំនាស់ដីធ្លីរវាងអ្នកភូមិជាមួយក្រុមហ៊ុនឯកជន៖ «ប្រជាពលរដ្ឋគាត់ថា ខាងក្រុមហ៊ុននេះរំលោភចូលការបែងចែកព្រំបន្តទៀត ប៉ុន្តែខាងក្រុមហ៊ុនគាត់ថា គាត់ក៏មានឯកសារច្បាស់លាស់ដែរថា គាត់មិនបានរំលោភចូលព្រំដែលបានបែងចែកហើយនោះទេ។ ចំណុចនេះខាងក្រុមយើងខ្ញុំមិនទាន់បានចូលទៅវាស់វែងទេ ដោយសារតែមិនទាន់មានភាពច្បាស់លាស់ដូច្នេះ»។
តាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) បង្ហាញថារហូតដល់ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចំនួន ២២៥ក្រុមហ៊ុន លើផ្ទៃដីជាង២លានហិកតារ (២,២៧៦,៣៤៩ហិកតារ) នៅទូទាំងប្រទេស។ ក្នុងរបាយការណ៍ដដែលឲ្យដឹងថា ក្រៅពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចទាំងនោះ ក៏នៅមានការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំចំនួន ១២៧សហគមន៍ ស្មើនឹង ៣០,០០៩គ្រួសារ ក្នុងនោះមាន ៨១សហគមន៍ស្ថិតនៅរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រលយថា កម្ពុជាប្រយ័ត្នមានបដិវត្តន៍ដីធ្លីម្តងទៀត ដូចនៅតំបន់សំឡូត ដោយរយៈពេលចុងក្រោយនេះ សន្ទុះនៃការទាមទារដីធ្លីមានការកើនឡើង ទើបចេញបទបញ្ជា០០១ ឲ្យអាជ្ញាធរនៅតាមមូលដ្ឋានរូតរះដោះស្រាយបញ្ហាទំនាស់ដីធ្លី។
ក្នុងយុទ្ធនាការបញ្ចប់ទំនាស់ដីធ្លីនៅកម្ពុជា ដែលផ្ដើមចេញពីការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដោយក្រុមនិស្សិតស្ម័គ្រចិត្ត មានរឿងអាស្រូវជាច្រើនដែលលេចធ្លាយចេញពីការចុះវាស់វែងនោះ ដោយថ្មីៗនេះតុលាការខេត្តស្ទឹងត្រែង បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នមេធាវីរបស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺលោកស្រី មាស សុគន្ធ និងស្វាមី ក្នុងបទចោទប្រកាន់ថា បានសម្លុតគំរាម និងជ្រៀតជ្រែកកិច្ចការមន្ត្រីរាជការសាធារណៈ។
បន្ទាប់ពីមានប្រជាពលរដ្ឋជិត១០០គ្រួសារ បាននាំគ្នាមកទីតាំងអតីតដីរបស់ពួកគេ ដែលកំពុងគ្រប់គ្រងដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ ឈ្មោះ បូណារីតា នៅជាប់ផ្លូវជាតិលេខ៧ នៅខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនប្រទេសឡាវ ក្នុងគោលបំណងឲ្យក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ចុះវាស់វែងដីជាកម្មសិទ្ធិខ្លួន តាមគោលនយោបាយចាស់ សកម្មភាពថ្មីរបស់រដ្ឋាភិបាល។
នៅខេត្តកំពង់ធំ ក៏មានការរិះគន់ដល់អាជ្ញាធរ និងក្រុមនិស្សិតស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លីថា មានការរើសអើងបក្ខពួក វាស់វែងដីឲ្យតែអ្នកមានលុយ ដែលសូកប៉ាន់ពួកគេតែប៉ុណ្ណោះ។
ក្រុមប្រឹក្សាស្រុកសន្ទុក លោក ទាំ ជៀន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមអាជ្ញាធរ និងក្រុមនិស្សិតស្ម័គ្រចិត្ត បានចុះទៅវាស់វែងដីធ្លី នៅតំបន់៤៤ ក្នុងស្រុកសន្ទុក ដោយស្ងាត់ៗ មិនបានជូនដំណឹងដល់ប្រជាពលរដ្ឋ។ លោកបន្តថា ការចុះវាស់វែងមានការប្រកាន់បក្ខពួក និងវាស់ឲ្យតែគ្រួសារមន្ត្រីប៉ូលិស ទាហាន កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋជាសាច់ញាតិមន្ត្រីរាជការប៉ុណ្ណោះ៖ «ប៉ូលិស ទាហាន ទៅដល់គេវាស់ឲ្យហើយ ម្នាក់៥ហិកតារៗ បើថាអ្នកណា ឬប្រជាពលរដ្ឋខ្សែខាងទាហាន ខ្សែខាងប៉ូលិស ឲ្យទៅជាមួយហ្មង ទៅថាប៉ុន្មាន ៥០រៀល ១០០អី គេឲ្យភ្លែតៗ ៥ហិកតារៗ»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក បេង ហុងសុជាតិខេមរ៉ូ បដិសេធថា ព័ត៌មានដែលក្រុមយុវជនវាស់វែងដីធ្លីប្រកាន់បក្ខពួក និងទទួលសំណូកជារឿងមិនពិត ហើយថា យុវជនទាំងនោះប្រកាន់ភ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ។ ម្យ៉ាងវិញទៀត អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្តបច្ចុប្បន្នមិនមានស្ថានភាពអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ក្នុងការបំពេញការងារ ហើយតំបន់ខ្លះដែលមានមីន មានមន្ត្រីជំនាញចុះទៅជាមួយដើម្បីការពារសុវត្ថិភាពរបស់ពួកគេ៖ «បងប្អូននិស្សិតហ្នឹងជាភ្នែកច្រមុះរបស់រដ្ឋាភិបាល ដែលត្រូវអនុវត្តជាមួយអាជ្ញាធរដែនដីហ្នឹងឯង។ ព័ត៌មានហ្នឹង បែបមិនអាចយកជាការបានទេ»។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីជូនដំណើរក្រុមយុវជនស្ម័គ្រចិត្ត កាលពីដើមខែកក្កដា ថា យុទ្ធនាការវាស់វែងដីនេះ តាមគម្រោងរបស់រដ្ឋាភិបាលត្រូវបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តចំនួន ១៦៨ក្រុម ស្មើនឹងជាង ២ពាន់នាក់ ដើម្បីចុះទៅវាស់វែងចែកដីជូនពលរដ្ឋចំនួន ៣សែន៥ម៉ឺនគ្រួសារ ដោយក្នុងមួយក្រុមៗ មានចំនួន ១២នាក់ ដោយមានប្រើឧបករណ៍ GPS កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត និងមានការសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន។
លោក បេង ហុងសុជាតិខេមរ៉ូ ថា របាយការណ៍ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានក្នុងយុទ្ធនាការរួមនៃការវាស់វែងដីធ្លីទំហំ ១លានហិកតារ នៅខេត្តចំនួន១៦ ដែលមានទំនាស់ ក្រុមយុវជនបានវាស់វែងដីជាង ៥ម៉ឺនហិកតាររួចហើយ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការ លីកាដូ (Licadho) ថា យុវជនទាំងនោះនៅថ្មីថ្មោងក្នុងការងារចុះទៅតាមតំបន់ភ្នំ ជាពិសេសនៅតំបន់ដែលមានមីន ពួកគេគួរត្រូវរក្សាសុវត្ថិភាព និងសុំឲ្យមន្ត្រីស៊ីម៉ាក់ (CMAC) ចុះទៅតំបន់មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជួយដោះមីននៅតំបន់ដែលត្រូវវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។
លោក អំ សំអាត ក៏ស្នើសុំឲ្យក្រុមយុវជនទាំងនោះ ធ្វើកិច្ចការរបស់ខ្លួនប្រកបដោយតម្លាភាព ឯករាជ្យ និងមិនស្ថិតនៅក្រោមសម្ពាធនរណាមួយ ក្រៅតែពីគោលនយោបាយរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ជនស៊ីវីល ស្លៀកពាក់ឯកសណ្ឋាន យោធា ជាអំពើខុសច្បាប់
ព្រោះតែចង់ស្តារប្រជាប្រិយភាព បែកគំនិតផ្តាស់ អនុវត្តនយោបាយមហាអនាធិបតេយ្យ ។ ស្តាប់សំដីក្មេងចុះ “កុំចង់បានដីខ្លាំងពេកអញ្ចឹង” មានន័យថាវាស់តាមការចង្អុល តាមការចង់បានរបស់អ្នកភូមិ គ្មានគោលការណ៍ច្បាស់លាស់ អនាធិបតេយ្យ ពេកទេដឹង ។ ម្យ៉ាងចំណាយលុយឲ្យយុវជនទាំងនោះ ៩០ម៉ឺនរៀងក្នុង១ខែ ។ មន្ត្រីរាជការបំរើការងាររដ្ឋមកដល់ពេលនេះមិនទាន់បានប្រាក់ខែផង។ ធ្វើនាយករដ្ឋមន្ត្រីចាស់វស្សាជាងគេ តែគំនិតដូចកូនក្មេង
នឹកឃើញធ្វើភ្លាម មិនគិតពីបញ្ហាប្រឈមសោះ។
សម្តេចនាយរដ្ឋមន្រ្តីចាស់ហើយ កម្លាំងសតិបញ្ញារបស់លោកក៏ចុះអន់ថយ សព្វថ្ងៃរំពឹងតែលើទីប្រឹក្សានយោបាយភាគ ច្រើនគឺពួកបំបង់បាយ ម្លោះហើយទោះមានបំណងល្អសម្រាប់ជាតិក៏មិនសូវបានផលល្អ។ ទុកឲ្យក្មេងជំនាន់ក្រោយ មកទទួលតំណែងផង ទោះជាបក្សណាក៏ដោយ កុំឲ្យតែមានជំនោទៅខាងហាណូយពេក។ ចំពោះកងវាស់វែងស្អុកស្អី មិនទំនងទេ ហេតុអ្វីមិន ប្រើប្រាស់អ្នកទោសរាប់សិបជាប់គុកបង្ហិនបាយវិញ ប្រហែលជាចំណេញមនុស្សជាង។
Bababoo, You are right!
If I was the Cambodia leader, I would created a jobs for the prisoners . Also, I would not contributed the Cambodia land to the foreigners. Instead, I would let the prisoners work on that land, to plans all kind of crops and sell it to the foreigners to support my country.
សម្តាចម៍លោកមិនមែនចាស់ទេ តែសម្តាចម៍មហាបរិញ្ញា
លោកមិនមានបញ្ញាញាណឱ្យខ្ពស់ទៅតាមសញ្ញាបាត់
របស់គាត់ ។ អញ្ចឹងឯងបានជារឿយៗយើងឮសម្តាចម៍មាន
ប្រសាសន៍បែបល្ងង់ខ្លៅនិងអួតកប់ពពកនោះអី ។ វាសញ្ជាក់
ថាសញ្ញាបាត់ដែលបានមកដោយមិនមានការរៀនសូត្រ ក៏វា
ជួយមនុស្សមិនបានមែន! និយាយឱ្យឃើញទៅ បើសម្តាចម៍
កុំឱ្យមានសញ្ញាបាត់និងគោរម្យងារខ្ពស់ហួសតម្លៃពិតរបស់គាត់
នោះក៏សម្តាចម៍មិនសូវថោកទាបពេកទេ ។ ការថោកទាបនៅចំ
ពើមុខខ្មែរ វាមិនសូវជាអីប៉ុន្មានទេ តែការថោកទាបនៅចំពោះ
មុខជនបរទេសវិញ វាធ្វើឱ្យពលរដ្ឋខ្មែរថោកទាបតាមខ្លួនដែរ!
Srey Khmer, your vocabulary has improved a lot recently, but your grammar and punctuation are still an issue. Please keep up with your good works ! Enjoy your day…
Srey Khmer,
If you become leader in Cambodia, I ought to be your top advisor. Oh yeah, you create jobs for slack people in Cambodia shall do, and in this case, those commit crime being use as your slave. Anyway, your world won’t fit here in Cambodia ; you may knew that our culture is no longer ours, it is a crash society that require more times to heal.